ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ល្បី​រន្ទឺ​ថា​លោក​ចៅក្រម​ អាំង​ មាលតី​ មាន​អំណាច​ក្អេងក្អាង​ដោយ​អាង​ភាព​ជិត​ស្និទ្ធ​ជាមួយ​មេ​ ACU​ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​

​ថ្វី​ដ្បិត​លោក​ចៅក្រម​ អាំង​ មាលតី​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​យ៉ាង​តក់ក្រហល់​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​កាន់​តំណែង​មិន​ដល់​មួយ​ឆ្នាំ​ ក្រោម​ទម្ងន់​នៃ​កណ្តាប់ដៃ​ដែក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​ហើយ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ ចំរើន​ ហៅ​ មិន​ និង​ឈ្មោះ​ កែវ​ សារី​ ហៅ​ហា​យ​ ត្រូវជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ហៅ​ប៊ិ​ន​ ទឹង​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក៏​ដោយ​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ថា​ ហេតុ​អ្វី​បានជា​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ មាន​អំណាច​ក្អេងក្អាង​ម្ល៉េះ​ ទើប​ហ៊ាន​ប្រើ​មនុស្ស​ជំនិត​ និង​ជា​គ្រូមន្តអាគម​អូ​ម​អាម​របស់​ខ្លួន​ជា​យោធា​ឲ្យ​ចូល​ជ្រៀតជ្រែក​ការងារ​មន្ត្រី​តុលាការ​ ?​ ហ៊ាន​ដកហូត​រថយន្ត​ជា​វត្ថុ​តាង​បទល្មើស​ជា​ច្រើន​គ្រឿង​ប្រគល់​ឲ្យ​ទៅ​គ្រូមន្តអាគម​អូ​ម​អាម​របស់​ខ្លួន​ និង​កូនបង្កើត​របស់​ខ្លួន​ បាន​ប្រើប្រាស់​ជា​មធ្យោបាយ​យ៉ាង​ហ៊ឺហា​ ?​ តើ​មាន​អាង​អំណាច​មន្ត្រី​ធំ​រូប​ណា​នៅ​ពីក្រោយ​ និង​ក្រោម​រូបភាព​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ធំ​អាច​ពឹងពាក់​ជា​ខ្នងបង្អែក​បាន​គ្រប់ពេលវេលា​ ?

​ក្រោយ​ការ​ដកហូត​មុខ​តំណែង​លោក​ចៅក្រម​ អាំង​ មាលតី​ ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោម​ទម្ងន់​កណ្តាប់ដៃ​ដែក​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ គឺ​មានរឿង​អាស្រូវ​ជា​ច្រើន​ត្រូវ​បាន​បែកធ្លាយ​លេច​ចេញ​ ពាក់ព័ន្ធ​នឹង​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​រូប​នេះ​ ជា​អាទិ៍​ ៖

១-​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៤៨៥៤០​ នាយសេនាធិការរង​កងទ័ពជើងគោក​ ដែល​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ទុកជា​មនុស្ស​ជំនិត​ ស្នើ​សុំ​ពី​មេបញ្ជាការ​កងទ័ពជើងគោក​ឲ្យ​មក​ធ្វើ​ជា​គ្រូមន្តអាគម​អូ​ម​អាម​ និង​ជា​អ្នក​ទទួល​បន្ទុក​សន្តិសុខ​សណ្តាប់ធ្នាប់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងមូល​នោះ​ បាន​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ជ្រៀតជ្រែក​ទៅ​លើ​ការងារ​របស់​ចៅក្រម​ ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង​ និង​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​យ៉ាង​គឃ្លើន​ ។​

២-​លោក​ចៅក្រម​ អាំង​ មាលតី​ បាន​ប្រគល់​រថយន្ត​ និង​ទោចក្រយានយន្ត​ដែល​ជា​វត្ថុ​តាង​បទល្មើស​ជា​ច្រើន​គ្រឿង​ឲ្យ​ទៅ​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ ប្រើប្រាស់​ជា​មធ្យោបាយ​ ក្នុង​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ HUMMER​ ដែល​ជា​វត្ថុ​តាង​ក្នុង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ ប្រើប្រាស់​ ដោយ​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02.2-2266​ យ៉ាង​ហ៊ឺហា​ ។​

៣-​លោក​ចៅក្រម​ អាំង​ មាលតី​ បាន​ប្រគល់​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Audi​ Q7​ តម្លៃ​ប្រមាណ​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ជា​វត្ថុ​តាង​ក្នុង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ មាន​បុរស​ម្នាក់​ឈ្មោះ​ ថាវ​ ថា​វី​ ហៅ​ឡុ​ង​ រ៉ា​វី​ ជា​ជន​ត្រូវ​ចោទ​ ឲ្យ​ទៅ​កូនប្រុស​បង្កើត​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ អាំង​ មុនី​ ជា​អធិការរង​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទាល់ខ្លួន​ ។​

៤-​គ្រាន់តែ​បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រមាណ​០៤​ខែ​ប៉ុណ្ណោះ​ លោក​ចៅក្រម​ អាំង​ មាលតី​ បង្ក​ការ​ប៉ះទង្គិច​ជាមួយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ រហូត​ដល់​ស្នើ​សុំ​ដក​តំណែង​លោក​ យ៉េ​ត​ ចរិយា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​អតីត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទៀត​ផង​ ប៉ុន្តែ​ត្រូវ​បាន​ថ្នាក់លើ​បដិសេធ​ ។​

​បន្ទាប់​ពី​មានការ​ចាប់​ឃុំខ្លួន​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ ជា​មនុស្ស​ជំនិត​ និង​ជា​គ្រូមន្តអាគម​អូ​ម​អាម​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ក្រោម​ការ​ចោទប្រកាន់​ជំហាន​ដំបូង​ពី​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត​ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល​ ឬ​យោធា​នោះ​ លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ក្លាយជា​មុខសញ្ញា​ស៊ើបអង្កេត​របស់​ក្រុម​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ដែល​មាន​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ខណៈ​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ ដែល​កំពុង​ជាប់​ឃុំខ្លួន​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​សង្ស័យ​ថា​ មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​លើ​ការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​ កាលពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ធ្វើ​ឲ្យ​ផ្អើល​ដល់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ចេញ​មុខ​ប្រកាស​ នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ "​ខ្ញុំ​មិន​សុខចិត្ត​ទេ​"​ ។​

​ប្រភព​ព័ត៌មាន​បាន​លេចឮ​ល្បី​រន្ទឺ​ថា​ តាំងពី​នៅ​កាន់​តំណែង​ជា​អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​មក​ម្ល៉េះ​ លោក​ចៅក្រម​ អាំង​ មាលតី​ តែង​សម្ញែង​នូវ​ឥទ្ធិពល​អំណាច​ក្អេងក្អាង​ ដោយ​លោក​ចៅក្រម​រូប​នេះ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​

​មជ្ឈដ្ឋាន​នានា​ដែល​បាន​តាមដាន​សំណុំរឿង​ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​សំណុំរឿង​មិន​ប្រក្រតី​ផ្សេងៗ​ទៀត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ថា​ បើ​លោក​ចៅក្រម​ អាំង​ មាលតី​ មាន​ភាព​ស្និទ្ធស្នាល​នឹង​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ ពិតប្រាកដ​មែន​នោះ​ គឺ​ការ​ស៊ើបអង្កេត​របស់​ ACU​ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ អាច​មិន​មាន​ទម្ងន់​ ឬ​ប្រសិទ្ធភាព​លើ​លោក​ចៅក្រម​ អាំង​ មាលតី​ ឡើយ​ ហើយ​លោក​ចៅក្រម​រូប​នេះ​ក៏​អាច​នឹង​រួចខ្លួន​ផុត​ពី​ការ​ចោទប្រកាន់​ និង​ទោសទណ្ឌ​ជា​មិន​ខាន​ ។​

​ទៅ​យ៉ាងណា​ក៏​ដោយ​ សំណួរ​ដ៏​សំខាន់​មួយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ចោទសួរ​ថា​ តើ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ចាត់ការ​លេងៗ​ ឬ​ចាត់ការ​មែនទែន​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​មិន​ប្រក្រតី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អតីត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ?​ ៕​

Aing-Mealdey-505

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.