ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

អគ្គ​នាយិកា​បច្ចេកទេស​សុខាភិបាល​ថា​ ករណី​មន្ត្រីរាជការ​មាន​វិជ្ជាជីវៈ​ពេទ្យ​ឈរឈ្មោះ​ឲ្យ​គ្រឹះស្ថាន​ឯកជន​ជា​ការ​ខុសច្បាប់​

​ដោយ​យោង​ទៅ​លើ​មាត្រា​៣៥​នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រកាស​លេខ​៦៣១/​អបស​/​ឱ​អបស​ ចុះ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​លក្ខណៈសម្បត្តិ​របស់​អ្នកគ្រប់គ្រង​បច្ចេកទេស​នៃ​គ្រឹះស្ថាន​ឱសថ​នោះ​ កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណ​ឌី​ន​ អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ដោយ​បាន​លើក​ឡើង​ថា​ ករណី​មន្ត្រីរាជការ​មាន​វិជ្ជាជីវៈ​ពេទ្យ​ឈរឈ្មោះ​ឲ្យ​គ្រឹះស្ថាន​ឯកជន​ ដូច​ជា​ ឱសថស្ថាន​/​ឱសថស្ថាន​រង​ ឬ​គ្លីនិក​ឯកជន​ គឺជា​ការ​ខុសច្បាប់​ ។​

​លិខិត​លេខ​១៦២​អបស​ ចុះ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ របស់​អគ្គ​នាយិកា​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​ ដែល​បាន​គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នោះ​ បាន​សង្កត់ធ្ងន់​ថា​ យោង​តាម​មាត្រា​៣៥​នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រកាស​លេខ​៦៣១/​អបស​/​ឱ​អបស​ ចុះ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​លក្ខណៈសម្បត្តិ​របស់​អ្នកគ្រប់គ្រង​បច្ចេកទេស​នៃ​គ្រឹះស្ថាន​ឱសថ​ គឺ​មិន​មាន​ចែង​ឲ្យ​មន្ត្រីរាជការ​ស៊ី​វិល​អាច​ឈរឈ្មោះ​ឲ្យ​គ្រឹះស្ថាន​ឯកជន​ ដូច​ជា​ ឱសថស្ថាន​/​ឱសថស្ថាន​រង​ ឬ​គ្លីនិក​ឯកជន​បាន​ឡើយ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្នុង​ន័យ​មិន​ចង់​ឲ្យ​មានការ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​មន្ត្រីរាជការ​ដែល​មាន​វិជ្ជាជីវៈ​ពេទ្យ​នៅ​ក្នុង​ផ្លូវច្បាប់​នោះ​ លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណ​ឌី​ន​ ជា​អគ្គ​នាយិកា​បច្ចេកទេស​សុខាភិបាល​ នៃ​ក្រសួងសុខាភិបាល​ មិន​បាន​សម្រេច​វះកាត់​ក្នុង​ករណី​លើក​ឡើង​ខាងលើ​នេះ​ទេ​ គឺ​គ្រាន់​បាន​ស្នើ​សុំ​អនុសាសន៍​ណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថា​ តើ​គួរ​បញ្ឈប់​ការ​ផ្តល់​ជូន​ឲ្យ​មន្ត្រីរាជការ​ស៊ី​វិល​ឈរឈ្មោះ​ដែរ​ឬទេ​ ឬ​ក៏​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អនុវត្ត​បញ្ច្រាស​លើ​ផ្លូវច្បាប់​ ?

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ មិន​ទាន់​ទទួល​បាន​នូវ​ការ​សម្រេច​យ៉ាងណា​ពី​សំណាក់​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅឡើយ​ទេ​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ក្រសួងសុខាភិបាល​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ត្រួតពិនិត្យ​ និង​ស្រង់​ស្ថិតិ​ឱសថស្ថាន​ ឱសថស្ថាន​រង​ និង​គ្លីនិក​ឯកជន​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ដើម្បី​ចង់​ដឹង​អំពី​ភាព​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​របស់​គ្រឹះស្ថាន​ឯកជន​ទាំងនោះ​ និង​ចង់​ដឹង​ថា​ តើ​មាន​នរណា​ជា​អ្នក​ឈរឈ្មោះ​ទទួលខុសត្រូវ​ចំពោះ​គ្រឹះស្ថាន​ឯកជន​ដែល​បាន​ដំណើរការ​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​នា​ពេល​កន្លង​មក​ ទំនងជា​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ ទើប​មាន​មន្ត្រីរាជការ​ស៊ី​វិល​មាន​វិជ្ជាជីវៈ​ពេទ្យ​មួយ​ចំនួន​អាច​មានឱកាស​ឈរឈ្មោះ​ឲ្យ​គ្រឹះស្ថាន​ឯកជន​រហូត​ដល់​ទៅ​២​ឬ​៣​ម្នាក់ឯង​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ទទួលខុសត្រូវ​ទៅ​លើ​គ្រឹះស្ថាន​ឯកជន​ទាំងនោះ​មិន​បាន​ដិត​ដល់​ ហើយ​ក៏​លេច​ចេញ​រូបភាព​អសកម្ម​ ដូច​ជា​ មាន​ឱសថ​ក្លែងក្លាយ​ ឱសថ​គ្មាន​ចុះ​បញ្ជិកា​ ឱសថ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ និង​គ្រូពេទ្យ​គ្មាន​សមត្ថភាព​ និង​ខ្វះ​មនសិការ​វិជ្ជាជីវៈ​ ព្រមទាំង​ក្រមសីលធម៌​ នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​សេវា​សុខភាព​សាធារណៈ​មាន​កម្រិត​អន់​ថយ​ ៕​

O-Vandin

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.