ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ករណី​អ្នក​ជិះ​រថយន្ត​ Mercedes​ បាញ់​ជាង​៣០​គ្រាប់​គំរាម​នគរបាល​ចរាចរណ៍​ក្រោយ​ផាកពិន័យ​ ទំនង​ត្រូវការ​កណ្តាប់ដៃ​ដែក​បុរស​ខ្លាំង​ ​ទើប​ចាត់ការ​បាន​

​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​និង​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ស៊ើបអង្កេត​តាមដាន​ស្រាវជ្រាវ​ឈាន​ទៅ​កំណត់​មុខសញ្ញា​អ្នក​ជិះ​រថយន្ត​ទំនើប​ម៉ា​កមេក​សឺ​ដេ​ស​(Mercedes)​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AD-2229​ ដែល​ទាញ​កាំភ្លើងខ្លី​បាញ់​មេឃ​ចំនួន​ជាង​៣០​គ្រាប់​ សំឡុត​គំរាម​ទៅ​លើ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​ពេល​កំពុង​បំពេញភារកិច្ច​អនុវត្តន៍​ច្បាប់​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​ត្រង់​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ សង្កាត់​សុពណ៌​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​អ្នក​ជិះ​រថយន្ត​រថយន្ត​ទំនើប​នោះ​ខឹងសម្បា​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​រថយន្ត​របស់​ខ្លួន​ស្មើនឹង​ទឹកប្រាក់​១២.០០០​រៀល​ ក្នុង​បទល្មើស​បើកបរ​ហួស​ល្បឿន​កំណត់​ ។​

​សកម្មភាព​នៃ​ការ​បាញ់បោះ​សេរី​ក្នុង​ន័យ​គំរាម​សំឡុត​ទៅ​លើ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​ពេល​កំពុង​អនុវត្តន៍​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ រហូត​ដល់​ទៅ​ជាង​ចំនួន​៣០​គ្រាប់​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកដំណើរ​ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ ព្រមទាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ម្នាក់ៗ​ក៏​ព្រលឹង​ចុង​សក់​ដែរ​ ទោះបី​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ក៏​ដោយ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មិន​អាច​កំណត់​អំពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ម៉ាក​ Mercedes​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AD-2229​ និង​អ្នក​បាញ់កាំភ្លើង​នោះ​នៅឡើយ​ទេ​ គ្រាន់​ត្រឹម​បានដឹង​ថា​ មាន​បុរស​២​នាក់​អង្គុយ​បាំង​ខាង​មុខ​ពាក់​ឯកសណ្ឋាន​ជា​អង្គរក្ស​ រីឯ​អ្នក​ជិះ​បាំង​ខាងក្រោយ​មើល​មិនឃើញ​ច្បាស់​ ព្រោះ​កញ្ចក់​រថយន្ត​ត្រូវ​បាន​បិទ​ស្កុ​ត​ខ្មៅ​បាំង​ជិត​ ខណៈ​ក្រោយ​ធ្វើ​សកម្មភាព​បាញ់បោះ​បង្ក​ភ្ញាក់ផ្អើល​ភ្លាមៗ​រថយន្ត​ក៏​ចេញដំណើរ​ក្នុង​ទិស​ដៅ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​បាត់​ស្រមោល​ ។​

​មន្ត្រី​នគរបាល​ចាស់ទុំ​ម្នាក់​និយាយ​ថា​ ទាំង​អ្នកបញ្ជា​ ទាំង​អ្នក​បាញ់កាំភ្លើង​សុទ្ធតែ​ជា​មនុស្ស​ទំនើង​អាង​លុយកាក់​ និង​អាង​អំណាច​ ទើប​ហ៊ាន​បាញ់បោះ​សេរី​ក្នុង​ន័យ​គំរាម​ទៅ​លើ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជិត​១០​នាក់​កំពុង​បំពេញភារកិច្ច​ រហូត​ដល់​ជាង​៣០​គ្រាប់​ ដែល​មិន​ត្រូវ​បណ្តោយ​ឲ្យ​ជន​ប្រព្រឹត្ត​ល្មើស​បាន​រួចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទំនង​ត្រឹម​កម្រិត​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ឬ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ មិន​អាច​អង្កេត​ស្រាវជ្រាវ​ ឈាន​ទៅ​ចាប់ខ្លួន​ក្រុម​ជន​ទំនើង​ទាំងនោះ​យក​មក​ផ្តន្ទាទោស​ឲ្យ​រាងចាល​ទេ​ ទោះបី​សមត្ថកិច្ច​អាច​ស្រាវជ្រាវ​តាម​រយៈ​ស្លាក​លេខ​រថយន្ត​ និង​សម្បក​គ្រាប់កាំភ្លើង​ក៏​ដោយ​ គឺ​ប្រហែល​ទាល់តែ​ពឹង​ទៅ​លើ​កណ្តាប់ដៃ​ដែក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទើប​អាច​ជំរុញ​និង​ចាត់ការ​ទៅ​លើ​ក្រុម​ជន​ទំនើង​ទាំងនោះ​បាន​ ។​

​សូម​បុរស​ខ្លាំង​បញ្ចេញ​កណ្តាប់ដៃ​ដែក​វាយ​បំបែកសំណុំរឿង​បង្ក​ឡើង​ដោយ​ក្រុម​ជន​ទំនើង​ជិះ​រថយន្ត​ទំនើប​ម៉ាក​ Mercedes​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AD-2229​ ដែល​បាញ់បោះ​សេរី​យ៉ាង​អនាធិបតេយ្យ​មិន​ញញើត​ច្បាប់​នេះ​ផង​ ៕​

Gun

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.