ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

រ៉ែ​និង​ធនធានធម្មជាតិ​កម្ពុជា​ត្រូវ​បាន​សង្ស័យ​ថា​រង​ការ​បាត់បង់​និង​វិនាស​ក្រោម​រូបភាព​”​សិក្សា​-​ស្វែង​រុករក​”​របស់​ក្រុមហ៊ុន​ឯកជន​

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ក្រសួង​រ៉ែ​និង​ថាមពល​(​អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​ ដែល​មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ ធ្លាប់​បាន​ចេញ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​ធនធាន​រ៉ែ​ធម្មជាតិ​កម្ពុជា​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាងច្រើន​ ជា​ពិសេស​ក្រុមហ៊ុន​ចិន​ ទន្ទឹម​នឹង​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​សង្ស័យ​ថា​ ធនធាន​រ៉ែ​ធម្មជាតិ​ទាំងនោះ​រង​ការ​បាត់បង់​ និង​វិនាស​ហិនហោច​នៅ​ក្នុង​ដំណាក់កាល​ស្វែង​រុករក​ ក្រោម​រូបភាព​"​សិក្សា​"​របស់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ឯង​ មុន​ឈាន​ដល់​ដំណាក់កាល​ធ្វើ​អាជីវកម្ម​ពិតប្រាកដ​ ខណៈ​រដ្ឋ​ទទួល​បាន​ចំណូល​ប្រមាណ​១១.៥០០.០០០​រៀល​ពី​ក្រុមហ៊ុន​នីមួយៗ​ ដែល​បាន​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​ធនធាន​រ៉ែ​ជំហាន​ដំបូង​ ។​

​ប្រភព​ព័ត៌មាន​ក្បែរ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​ដើម្បី​សុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​ធនធាន​រ៉ែ​នៅ​កម្ពុជា​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ ហើយ​នៅ​ពេល​ក្រុមហ៊ុន​រុករក​ឃើញ​ធនធាន​រ៉ែ​ ក៏​បាន​ស្នើ​សុំ​យក​សំណាក​ទៅ​ពិសោធន៍​នៅ​ប្រទេស​ចិន​ ក្រោម​រូបភាព​"​សិក្សា​"​ ដែល​សំណាក​រ៉ែ​ទាំងនោះ​មិន​ត្រូវ​បាន​ត្រួតពិនិត្យ​នូវ​បរិមាណ​ដឹក​ជញ្ជូន​ចេញ​ឲ្យ​ល្អិតល្អន់​ទេ​ ដ្បិត​ក្រុមហ៊ុន​បាន​ចំណាយ​លុយកាក់​សូកប៉ាន់​ឲ្យ​ទៅ​ពួក​មន្ត្រី​ពុក​រលួយ​ជា​ប្រចាំ​ ។​ ក្រៅពី​បាន​ដឹក​ជញ្ជូន​រ៉ែ​ចេញ​អស់ហើយ​ បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ប្រើ​ល្បិច​កល​ប្រកាស​ថា​មិន​អាច​ធ្វើ​អាជីវកម្ម​បាន​ឡើយ​ (Sic!)​ ។​ មាន​ន័យ​ថា​ រ៉ែ​ក៏​អស់​ និង​ប្រាក់​ចំណូល​ពី​អាជ្ញាប័ណ្ណ​កែ​ច្នៃ​ និង​អាជ្ញាប័ណ្ណ​អាជីវកម្ម​ធនធាន​រ៉ែ​ ទាំង​រូបភាព​សិប្បកម្ម​ ទាំង​រូបភាព​ឧស្សាហកម្ម​ក៏​អត់​ គឺ​បាន​ត្រឹម​ទទួល​បាន​ប្រាក់​ចំណូល​ពី​អាជ្ញាប័ណ្ណ​ស្វែង​រុករក​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។​

​ថ្មីៗ​កន្លង​ទៅ​នេះ​ ប្រធានបទ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ SHYNOHYDRO​ POWER​ នៅ​តំបន់​អា​រ៉ែ​ង​ ខេត្តកោះកុង​ ត្រូវ​បាន​លើកយក​មក​និយាយ​យ៉ាង​ក្តៅ​គគុក​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចាប់ខ្លួន​បណ្តេញ​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ឈ្មោះ​ Alejandro​ Gonzalez​ Davidson​ ជា​អនុប្រធាន​អង្គការ​មាតា​ធម្មជាតិ​ និង​ជា​សកម្មជន​ការពារ​ធនធានធម្មជាតិ​កម្ពុជា​នៅ​តំបន់​អា​រ៉ែ​ង​ ចេញពី​ប្រទេស​កម្ពុជា​យ៉ាង​តក់ក្រហល់​កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ទោះបី​មានការ​ជួយ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ សុំ​ឲ្យ​មានការ​បន្ត​ទិដ្ឋាការ​ដល់​លោក​ Alejandro​ Gonzalez​ Davidson​ បាន​ស្នាក់​នៅ​ប្រទេស​កម្ពុជា​តទៅ​ទៀត​ក៏​ដោយ​ ។​ មិនតែប៉ុណ្ណោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើការ​ព្រមាន​ប្រើ​អាវុធ​ធុន​កាំជ្រួច​ហ្វូង​(BM-21)​ បង្ក្រាប​ទៅ​លើ​សកម្មជន​ការពារ​ធនធានធម្មជាតិ​តំបន់​អា​រ៉ែ​ង​ថែម​ទៀត​ ដោយ​ចោទប្រកាន់​ថា​ ក្រុម​សកម្មជន​ធនធានធម្មជាតិ​ទាំងនោះ​ចង់​បង្កើត​តំបន់អបគមន៍​នៅ​តំបន់​អា​រ៉ែ​ង​ (Resic!)​ ។​

​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន​នៅ​តំបន់​អា​រ៉ែ​ង​នោះ​ បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ គ្មាន​ការ​អភិវឌ្ឍន៍​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​ក្នុង​អាណត្តិ​នេះ​ទេ​ ខណៈ​បុរស​ខ្លាំង​បាន​បញ្ជាក់​ដែរ​ថា​ រង់ចាំ​ឲ្យ​មានការ​សិក្សា​លម្អិត​សិន​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ថា​ ធនធាន​ព្រៃឈើ​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​ដែល​ជា​តំបន់​ព្រៃឈើ​ចុង​ក្រោយ​នៅ​កម្ពុជា​ អាច​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ឲ្យ​វិនាស​ហិនហោច​នៅ​ក្រោម​រូបភាព​"​សិក្សា​"​របស់​ក្រុមហ៊ុន​ចិន​ ក្នុង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ ស្រ​ដៀង​គ្នា​នឹង​ការ​បាត់បង់​ធនធាន​រ៉ែ​ក្រោម​រូបភាព​ "​ស្វែង​រុករក​"​ ដូច្នោះ​ដែរ​ ។​

​អា​រ៉ែ​ង​ឋិត​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​ ជា​តំបន់​ព្រៃធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ លាតសន្ធឹង​ទំហំ​ប្រមាណ​៤៦០.០០០​ហិ​កតា​ គ្របដណ្តប់​លើ​ឃុំ​ចំនួន​៣​ក្នុងស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​ និង​មាន​ជនជាតិភាគតិច​ជង​ ជាង​ ១.៣០០​នាក់​រស់នៅ​ទីនោះ​ដោយ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​ពី​ការ​ទាញ​យក​អនុ​ផល​ព្រៃឈើ​ តាម​វប្បធម៌​ប្រពៃណី​ និង​ទំនៀមទម្លាប់​ដូនតា​របស់​ពួក​គេ​ ៕​

Areng  Areng2Areng1 Areng3 Areng5

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.