ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

រឿង​ច្របូកច្របល់​មួយ​ក្នុង​សង្គម​តេ​ជោ​ ៖​ ឪពុក​ជា​នាយក​រដ្ឋមន្ត្រី​មិន​ស្គាល់ចិត្ត​កូន​ រីឯ​កូន​ជា​នាយទាហាន​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ តែ​ពាក់​ផ្កាយ​២

​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​ទេ​ តែ​វា​បាន​ក្លាយទៅជា​រឿង​ច្របូកច្របល់​មួយ​ដែល​កើត​មាននៅ​ក្នុង​សង្គម​គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​កាត់​ថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ គឺ​ករណី​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវជា​ឪពុក​ផង​ បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដល់​នាយទាហាន​ម្នាក់​ដែល​ត្រូវជា​កូន​ ខណៈ​កូន​មិន​ចង់បាន​ (​ឬ​មក​ពី​ឪពុក​មិន​ស្គាល់ចិត្ត​កូន​ច្បាស់​?)​ រីឯ​កូន​ជា​នាយទាហាន​ទទួល​បាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ពោរពេញ​ដោយ​កិត្តិយស​ តែ​បន្ត​ពាក់​ផ្កាយ​២(​ឧត្តមសេនីយ៍ទោ​)​ រាល់ពេល​បំពេញភារកិច្ច​អស់​រយៈកាល​ជិត​២​ឆ្នាំ​ ផ្ទុយ​ឬ​រំលោភ​បំពាន​ទៅ​លើ​ព្រះរាជក្រឹត្យ​យ៉ាង​គឃ្លើន​ ។​

​កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​ បាន​ចេញ​សេចក្តីសម្រេច​មួយ​តែងតាំង​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​មេបញ្ជាការ​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ដែល​ត្រូវជា​កូនប្រុស​ ឲ្យ​ធ្វើ​ជា​សមាជិក​គណៈកម្មការ​សម្រាប់​សិក្សា​ និង​រៀបចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ តាម​រយៈ​នយោបាយ​ ឈ្នះ​-​ឈ្នះ​ របស់​បុរស​ខ្លាំង​ ។​ មាន​ន័យ​ថា​ ឪពុក​ដែល​ជា​នាយក​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់​នាយទាហាន​ ហ៊ុន​ ម៉ា​ណែ​ត​ ត្រូវជា​កូន​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ។​

​ផ្ទុយ​ពី​ការ​ទទួលស្គាល់​ជា​ផ្លូវការ​របស់​ឪពុក​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​នាយទាហាន​ម្នាក់​ និង​ត្រូវជា​កូន​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​ចំណេះដឹង​ទូទៅ​ និង​ភាសា​ សម្រាប់​ជ្រើសរើស​នាយទាហាន​ វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​១៩​ វគ្គ​នាយ​ទាហានជើងគោក​ជំនាន់​ទី​៧​ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​៨​ នា​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ បែរជា​ប្រើប្រាស់​ឯកសណ្ឋាន​នាយទាហាន​ដោយ​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​នៅ​លើ​ស្មា​យ៉ាង​ខែងរ៉ែង​ទៅ​វិញ​ ។​

​ប្រភព​ព័ត៌មាន​រហិចរហៀង​តៗ​គ្នា​ពី​មន្ត្រី​យោធា​បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា​ រឿងរ៉ាវ​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​កូនប្រុស​នាយក​រដ្ឋមន្ត្រី​ ទទួល​បាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ តែ​ចូល​ចិត្ត​ប្រើប្រាស់​ឯកសណ្ឋាន​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ រំលោភ​បំពាន​លើ​ព្រះរាជក្រឹត្យ​នោះ​ មក​ពី​លោក​ឧត្តមសេនីយ៍​រូប​នេះ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​នាយទាហាន​ចាស់ៗ​មួយ​ចំនួន​ថា​ នៅ​ក្មេង​សោះ​ ដោយ​អាង​ខ្លួន​ជា​កូន​នាយក​រដ្ឋមន្ត្រី​ បាន​ពាក់​ផ្កាយ​៣​លឿន​ដូច​ព្យុះ​…​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ លែង​ខ្វល់​ និង​មិន​រវល់​ពាក់​ផ្កាយ​៣​តែ​ម្តង​ទៅ​(Sic!)​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ តម្លៃ​ជាក់ស្តែង​នៃ​ព្រះរាជក្រឹត្យ​ចេញ​ដោយ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ដែល​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ជូន​នាយទាហាន​ ហ៊ុន​ ម៉ា​ណែ​ត​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​ផង​នោះ​ គ្មាន​ឋិត​ក្នុង​អារម្មណ៍​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ឡើយ​ ទើប​លោក​ឧត្តមសេនីយ៍​រូប​នេះ​តែង​ប្រើប្រាស់​ឯកសណ្ឋាន​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ផ្ទុយ​ ឬ​រំលោភ​បំពាន​លើ​ព្រះរាជក្រឹត្យ​អស់​រយៈពេល​ជិត​២​ឆ្នាំ​ជា​ហូរហែ​ ហើយ​ក៏​បាន​បង្ក​ឲ្យ​ក្លាយជា​វប្បធម៌​ដ៏​ច្របូកច្របល់​មួយ​លើ​ការ​ប្រើប្រាស់​ឋានន្តរស័ក្តិ​ក្នុង​សម័យ​តេ​ជោ​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អាយុ​៣៦​ឆ្នាំ​ ដែល​ស្ពាយ​ចំណេះដឹង​មក​ពីសា​លា​យោធា​ West​ Point​ សហរដ្ឋអាមេរិក​ នា​ដើមឆ្នាំ​២០០៩​នោះ​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ត្រូវជា​កូនប្រុស​ច្បង​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ធ្លាប់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ក្របខ័ណ្ឌ​នាយ​អាវុធហត្ថ​នៃ​កង​យោធពលខេមរភូមិន្ទ​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦៩​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០០៩​ និង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១០/៩២១​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១០​ ហើយ​ចុង​ក្រោយ​ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​ បច្ចុប្បន្ន​ លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​កាន់កាប់​តួនាទី​ ជា​អាទិ៍​ ៖​ ១-​នាយ​រង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​,​ ២-​មេបញ្ជាការ​រង​កងទ័ពជើងគោក​,​ ៣-​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​៤-​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ ៕​

hun-manet-66Hun-Manet-18-01-2015-1Hun-Manet24-10-2014Hun-Manet-13-09-2014-1Hun-Manet-18-08ឥ២

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.