ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

តុលាការ​ដោះ​លែង​ជន​ប្រព្រឹត្ត​ល្មើស​មិន​ប្រក្រតី​២៣​ករណី​ ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការ​ប្រកាស​បង់ពន្ធ​ និង​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​សាលា​រាជធានី​ភ្នំពេញ​ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​នេះ​ លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ តុលាការ​បាន​ធ្វើការ​ដោះ​លែង​ជន​ប្រព្រឹត្ត​ល្មើស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​មាន​ភាព​មិន​ប្រក្រតី​ចំនួន​២៣​ករណី​ ដែល​ក្នុង​ចំណោម​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​សមត្ថកិច្ច​នគរបាល​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ ហើយ​ត្រូវ​បាន​តុលាការ​ដោះ​លែង​មិន​ប្រក្រតី​នោះ​ សុទ្ធតែ​មាន​មនុស្ស​ស្លាប់​ និង​របួស​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ បាន​លើក​ឧទាហរណ៍​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ចំនួន​ ដែល​សមត្ថកិច្ច​នគរបាល​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​តុលាការ​ ហើយ​ត្រូវ​បាន​តុលាការ​ដោះ​លែង​នោះ​ គឺ​ស្ត្រី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​បាន​បើករថយន្ត​បុក​ម៉ូតូ​កង់​បី​ បណ្តាល​ឲ្យ​មនុស្ស​រង​របួសស្រាល​ ប៉ុន្តែ​បទល្មើស​របស់​នារី​ជនជាតិ​ម៉ា​ឡេ​ស៊ី​នោះ​បាន​បំពាន​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ច្រើន​ចំណុច​ ជា​អាទិ៍​ ៖​ ១-​បើកបរ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ និង​បើក​រត់គេច​មិន​ទទួលខុសត្រូវ​,​ ២-​បើកបរ​ឋិត​ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​រឹងទទឹង​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​នគរបាល​វាស់​កម្រិត​ជាតិ​អាល់កុល​ និង​៣-​បើកបរ​រថយន្ត​គ្មាន​ប័ណ្ណបើកបរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ នៅ​ពេល​ដែល​សមត្ថកិច្ច​នគរបាល​បញ្ជូន​នារី​ជនជាតិ​ម៉ា​ឡេ​ស៊ី​នោះ​ទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​តាម​ច្បាប់​ បែរជា​ត្រូវ​បាន​តុលាការ​ដោះ​លែង​ ។​ មាន​ករណី​ផ្សេង​ទៀត​ គឺ​ជនល្មើស​បាន​បើកបរ​បុក​រនាំង​ដែក​ សមត្ថកិច្ច​នគរបាល​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ តែ​ត្រូវ​បាន​តុលាការ​ធ្វើការ​ដោះ​លែង​បាត់​ ។​

​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ គឺ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២.១៩៥​នាក់​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ចំនួន​អ្នក​ស្លាប់​នៅ​មន្ទីរពេទ្យ​ និង​នៅ​តាម​លំនៅ​ឋាន​នៅឡើយ​ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ខែមករា​ ឆ្នាំ​២០១៥​នេះ​បាន​កើនឡើង​ចំនួន​៥៨​លើក​ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​៧​នាក់​,​ រង​របួស​៧៧​នាក់​,​ ខូចខាត​ទោចក្រយានយន្ត​៧០​គ្រឿង​ និង​ខូចខាត​រថយន្ត​២០​គ្រឿង​ ដែល​ផ្តើម​ចេញពី​មូលហេតុ​ ដូច​ជា​ បើកបរ​ហួស​ល្បឿន​កំណត់​ មិន​គោរព​សិទ្ធិ​អាទិភាព​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​បញ្ហា​សុវត្ថិភាព​យានយន្ត​ ជាដើម​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ចំណាត់ការ​តុលាការ​មាន​ភាព​មិន​ប្រក្រតី​លើ​ការ​ដោះ​លែង​ជន​ប្រព្រឹត្ត​ល្មើស​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ ដូច​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ ប្រមុខ​រាជរដ្ឋាភិបាល​ តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គួរតែ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ទៅ​លើ​ចំណាត់ការ​មិន​ប្រក្រតី​របស់​មន្ត្រី​ស្ថាប័ន​តុលាការ​ ទាក់ទង​នឹង​ការ​ដោះ​លែង​ជន​ប្រព្រឹត្ត​ល្មើស​មិន​ប្រក្រតី​ទាំង​២៣​ករណី​ ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នោះ​ ដូចដែល​អ្វី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ចេញ​កណ្តាប់ដៃ​ដែក​ទៅ​លើ​មន្ត្រី​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ រួម​មាន​ ចៅក្រម​ និង​ព្រះរាជអាជ្ញា​មួយ​ចំនួន​ កាលពីដើម​ឆ្នាំ​២០០៥​ ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ៕​

Chuon-SovannNChuon-Sovann1

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.