តាមការចុះផ្សាយរបស់គេហទំព័រ Daily Mail កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ម្សិលមិញ បានឲ្យដឹងថា សាកសពព្រះសង្ឃមិនរលួយសឹងមិនគួរឲ្យជឿមួយអង្គ ដែលទំនងដូចអង្គុយតាំងសមាធិ ត្រូវបានប្រទះឃើញក្នុងប្រទេសម៉ុងហ្គោលី ដែលការពិនិត្យកោសល្យវិច័យគេជឿថា អាចមានអាយុកាលប្រហែល២០០ឆ្នាំ បន្ទាប់ពីត្រូវបានរក្សាទុកយ៉ាងល្អនៅក្នុងស្បែកសត្វ ។
របាយការណ៍ចុះផ្សាយរបស់សារព័ត៌មាន The Siberian Times ដែលដកស្រង់កំណត់ត្រានៃរបកគំហើញរបស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងថា សាកសពព្រះសង្ឃអង្គនេះអង្គុយក្នុងជំហរផ្កាឈូកដូចកំពុងគង់តាំងសមាធិ ខណៈអ្នកជំនាញដែលពិនិត្យផ្ទាល់ភ្នែកជឿថា សាកសពនេះអាចមានចំណាស់២០០ឆ្នាំ ។
សារព័ត៌មានរបស់ម៉ុងហ្គោលីឈ្មោះ Morning Newspaper បានឲ្យដឹងថា សពព្រះសង្ឃអង្គនេះត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ក្នុងខេត្ត Songinokhairkhan ដោយសពត្រូវបានគ្របជុំជិតក្នុងស្បែកសត្វ ។
សាកសពព្រះសង្ឃមិនរលួយដែលបានប្រទះឃើញនៅប្រទេសម៉ុងហ្គោលីនោះ កំពុងឋិតនៅក្រោមការពិនិត្យធ្វើកោសល្យវិច័យនៅរដ្ឋធានី Ulaanbataar ដែលការសន្និដ្ឋានដំបូងឲ្យដឹងថា សាកសពព្រះសង្ឃនេះគឺជាសាកសពព្រះគ្រូ Lama Dashi-Dorzho Itigilov ដែលប្រសូត្រក្នុងឆ្នាំ១៨៥២ និងធ្លាប់ជាព្រះសង្ឃឡាម៉ាព្រះពុទ្ធសាសនាប៊ូរីយ៉ាត់នៃប្រពៃណីព្រះពុទ្ធសាសនារបស់ទីបេ ដែលល្បីល្បាញដោយសារសាកសពព្រះអង្គមានស្ថានភាពឋិតដូចមនុស្សរស់ ៕