ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

បិទ​ឆ្នោត​ខ្មែរ តែ​ដូច​ទុក​ឱកាស​ឲ្យ​ឆ្នោត​យួន​ឡើងចាង​កើប​លុយ​នៅ​ស្រុក​ខ្មែរ​ប្រមាណ​៦​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​

​ចាប់តាំងពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បិទ​ល្បែងភ្នាល់​កីឡា​គ្រប់​ប្រភេទ​ និង​ល្បែង​ឆ្នោត​-​ឡូ​តូ​នៅ​ស្រុក​ខ្មែរ​នា​ដើមឆ្នាំ​២០០៩​មក​ ដោយ​អះអាង​ថា​ ក្នុង​គោលដៅ​ធ្វើ​កំណែទម្រង់​ក្នុង​សង្គម​ ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សីលធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ គឺ​ហាក់ដូចជា​បាន​ទុក​ឱកាស​ឲ្យ​ល្បែង​ឆ្នោត​យួន​ ហៅ​ឆ្នោត​កន្ទុយលេខ​ដែល​មាន​ក្បាល​(​ទីតាំង​ចេញ​ឆ្នោត​)​នៅ​ស្រុក​យួន​ និង​កន្ទុយ​លាតសន្ធឹង​ដល់​ស្រុក​ខ្មែរ​ "​ឡើងចាង​"​ ពេញទំហឹង​ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចូលរួម​ចាក់​ល្បែង​ឆ្នោត​យួន​ផង​ និង​មមាញឹក​ក្នុង​ការ​ប្រមូល​លុយ​ពី​មេ​អ្នក​កត់​ឆ្នោត​យួន​តាម​លំដាប់លំដោយ​ដាក់​ហោប៉ៅ​ផង​ ។​

​តាម​ការ​សិក្សា​ដោយ​យកចិត្តទុកដាក់​មួយ​ បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​១០​លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជាង​៣​លាន​នាក់​បាន​លេងល្បែង​ចាក់​ឆ្នោត​កន្ទុយលេខ​យួន​ ហើយ​ក្នុង​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៨.០០០​រៀល​ ឬ​ស្មើនឹង​២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ​សម្រាប់​ចាក់​ឆ្នោត​យួន​ ។​ ដូច្នេះ​ ល្បែង​កន្ទុយលេខ​ឆ្នោត​យួន​ក្នុង​១​ថ្ងៃៗ​អាច​កើប​លុយ​បាន​ពី​ស្រុក​ខ្មែរ​យ៉ាងតិច​ណាស់​ចំនួន​៦​លាន​ដុល្លារ​អា​មេ​រិ​ក​យ៉ាង​ស្រួល​ ដោយ​មិនបាច់​ខ្វល់​ក្នុង​ការ​បង់​ចំណូល​ចូល​រដ្ឋ​ខ្មែរ​ឡើយ​ គឺ​គ្រាន់តែ​បង់​ចូល​ក្នុង​ហោប៉ៅ​បុគ្គល​មាន​អំណាច​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ​ជា​ការ​ស្រេច​ ។​

​នា​ពេល​កន្លង​មក​ ក្រុមហ៊ុន​ឆ្នោត​-​ឡូ​តូ​ និង​ឆ្នោត​កោស​ដែល​បើក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ ត្រូវ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ចំនួន​៣០​លាន​រៀល​ក្នុង​១​ឆ្នាំ​សម្រាប់​ឆ្នោត​-​ឡូ​តូ​ (​អាជ្ញាប័ណ្ណ​មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ​)​ និង​ត្រូវ​បង់​ចំណូល​ប្រមាណ​២០​លាន​រៀល​ក្នុង​១​ខែ​ចូល​រដ្ឋ​សម្រាប់​ឆ្នោត​-​ឡូ​តូ​ដែល​ចេញ​ក្នុង​១​ថ្ងៃ​១​លើក​(​យ៉ាងតិច​ត្រូវ​បង់​៤០​លាន​រៀល​ក្នុង​១​ខែ​សម្រាប់​ឆ្នោត​-​ឡូ​តូ​ដែល​ចេញ​ក្នុង​១​ថ្ងៃ​២​លើក​)​ រីឯ​ប្រភេទ​ឆ្នោត​កោស​ក៏​ត្រូវ​បង់​យ៉ាងតិច​ចំនួន​១០​លាន​រៀល​ក្នុង​១​ខែ​ដែរ​ចូល​រដ្ឋ​តាម​រយៈ​រតនាគារ​ជាតិ​ ។​

​ក្រឡេក​មក​មើល​ល្បែង​ឆ្នោត​កន្ទុយលេខ​របស់​យួន​វិញ​ គឺ​សព្វថ្ងៃ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​ ខណៈ​សមត្ថកិច្ច​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព​(​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចូលរួម​ចាក់​ឆ្នោត​យួន​ដែរ​)​ និង​រដ្ឋ​គ្មាន​បាន​ប្រាក់​ចំណូល​ទាល់តែ​សោះ​ គ្រាន់​បាន​ត្រឹម​បំប៉ន​ហោប៉ៅ​សមត្ថកិច្ច​មាន​អំណាច​តាម​ឋានានុក្រម​ប៉ុណ្ណោះ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​មើល​មួយ​ជ្រុង​ករណី​ល្បែង​ឆ្នោត​កន្ទុយលេខ​យួន​ គឺជា​រឿង​តូចតាច​ តែបើ​គិត​ឲ្យ​បាន​ដិត​ដល់​វា​មិនមែន​ជា​រឿង​តូចតាច​ដូច​ការ​ស្មាន​ឡើយ​ ផ្ទុយ​ទៅ​វិញ​ វា​អាច​ដើរតួ​ជួយ​រក​ប្រាក់​ចំណូល​ឲ្យ​ក្រុម​ឈ្មួញ​យួន​ និង​ឈ្មួញ​ខ្មែរ​ ព្រមទាំង​មន្ត្រី​ខ្មែរ​សមគំនិត​គ្នា​យ៉ាង​សកម្ម​បំផុត​ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ញៀន​នឹង​ល្បែង​ឆ្នោត​យួន​នេះ​ងាយ​ធ្លាក់​ក្នុង​សភាព​រង​គ្រោះ​ដោយ​មិនដឹង​ខ្លួន​ ៕​

Lottery-BoengVN-Lottery-dd1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.