ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ការ​ផ្សាយពាណិជ្ជកម្ម​”​វះកាត់​ ដេរ​ប៉ះ​សន្ទះ​ព្រហ្មចារី​”​របស់​មន្ទីរពេទ្យ​វិច​តូ​រី​យ៉ា​ត្រូវ​ក្រសួង​ព័ត៌មាន​ប្រតិកម្ម​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​(www.dtn7.com)​ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ញាក់សាច់​របស់​មន្ទីរពេទ្យ​ម៉ា​រី​យ៉ា​(Maliya​ Hospital)​ មាន​ទីតាំង​ឋិត​នៅ​អគារ​លេខ​៤១០​ មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​អួត​ខាង​មាន​ជំនាញ​បម្រើសេវា​ដេរ​ វះកាត់​ និង​ប៉ះ​សន្ទះ​ព្រហ្មចារី​ស្ត្រី​បែប​កូរ៉េ​ និង​ដេរ​បង្រួម​ទ្វារមាស​បែប​កូរ៉េ​ ហើយ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ​ក៏​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ ខណៈ​មន្ទីរពេទ្យ​អន្តរជាតិ​វិច​តូ​រី​យ៉ា​(Victoria​ International​ Hospital)​ ឋិត​នៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដែល​ជា​មន្ទីរពេទ្យ​មាន​អ្នកគ្រប់គ្រង​តែ​មួយ​ និង​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​នោះ​ ក៏​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូច​គ្នា​នេះ​ដែរ​ ប៉ុន្តែ​ទោះបី​មានការ​រិះគន់​យ៉ាងណា​ក៏​ដោយ​ មន្ទីរពេទ្យ​ទាំង​ពីរ​ដែល​មាន​ប្រភព​តែ​មួយ​នេះ​ មិន​ខ្ចី​រាងចាល​ ឬ​កែ​លម្អ​ឡើយ​ ។​

​ឥឡូវនេះ​ យោង​តាម​ការ​មិន​រាងចាល​របស់​មន្ទីរពេទ្យ​អន្តរជាតិ​វិច​តូ​រី​យ៉ា​ និង​យោង​តាម​មាត្រា​១៤​ និង​មាត្រា​១៦​នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រសួង​ព័ត៌មាន​ដែល​មាន​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ ជា​រដ្ឋមន្ត្រី​ បាន​សម្រេច​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្តល់​សេវាកម្ម​ផលិត​ព្រហ្មចារី​ស្ត្រី​របស់​មន្ទីរពេទ្យ​អន្តរជាតិ​វិច​តូ​រី​យ៉ា​ហើយ​ តាម​ស្មារតី​លិខិត​លេខ​០១៣៣​ព​.​ម​ និង​លេខ​០១៣៤​ព​.​ម​ ចុះ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ ដែល​បាន​ជម្រាប​ជូន​ប្រធាន​មន្ទីរពេទ្យ​អន្តរជាតិ​វិច​តូ​រី​យ៉ា​ និង​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ ទូរទស្សន៍​ និយោជក​ និពន្ធ​នាយក​សារព័ត៌មាន​ ទស្សនាវដ្តី​ និង​គេហទំព័រ​ទាំងអស់​ ពីព្រោះ​ក្រសួង​យល់​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​មន្ទីរពេទ្យ​អន្តរជាតិ​វិច​តូ​រី​យ៉ា​ ស្តី​ពី​សេវាកម្ម​បច្ចេកវិទ្យា​វះកាត់​ ដេរ​ព្រហ្មចារី​ និង​កែ​រូបរាង​ប្រដាប់បន្តពូជ​ស្ត្រី​ មានការ​អត្ថាធិប្បាយ​ពន្យល់​ហួសហេតុ​ពេក​ នាំ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​សង្គម​កម្ពុជា​ ដែល​មាន​ជា​យូរយារ​ណាស់​មក​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​ និង​មន្ទីរពេទ្យ​អន្តរជាតិ​វិច​តូ​រី​យ៉ា​ ដែល​អួត​ខាង​វះកាត់​ ដេរ​ប៉ះ​សន្ទះ​ព្រហ្មចារី​ស្ត្រី​តាម​បែប​កូរ៉េ​នោះ​ បាន​លើក​ឡើង​ថា​ "​ទី​នេះ​ប្រទេស​កម្ពុជា​ មាន​វប្បធម៌​ និង​ប្រពៃណី​តាម​បែប​កម្ពុជា​ មិនមែន​ជា​ប្រទេស​កូរ៉េ​ និង​តាម​បែប​កូរ៉េ​ទេ​ "​ ៕​

Victoria2 Victoria1 Malia02

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.