ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ប្រឆាំង​នឹង​ទ្រឹស្តី​”​នំ​មិនធំ​ជាង​នាឡិ​”​ក្លាយជា​អ្នកទោស​ស្នេហា​ តែ​បាន​តុលាការ​ផ្តល់​យុត្តិធម៌​មិន​ចាត់ការ​ក្នុង​រឿង​ព្រហ្មទណ្ឌ​

​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មានរឿង​ស្នេហ៍​ប្រុស​-​ស្រី​មួយគូ​ ដោយ​តួអង្គ​ប្រុស​និង​ស្រី​សម្តែង​ប្រឆាំង​នឹង​ទ្រឹស្តី​"​នំ​មិនធំ​ជាង​នាឡិ​"​ ស្ម័គ្រ​ស្រឡាញ់​គ្នា​ ប្រែក្លាយ​ពី​គូសង្សារ​ទៅ​ជា​ប្តី​-​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា​ ប៉ុន្តែ​ក្រោយមក​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ម្តាយ​តួអង្គ​ស្រី​ ធ្វើ​ឲ្យ​យុវជន​ម្នាក់​វ័យ​៣០​ឆ្នាំ​ជា​តួអង្គ​ប្រុស​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ចាប់ពង្រត់​ និង​បង្ខាំង​កូនស្រី​(​ជា​សង្សារ​តួអង្គ​ប្រុស​)​ មិន​ឲ្យ​ចេញ​មក​ជួប​ឪពុក​ម្តាយ​ ។​

​យុវជន​ដែល​ប្រឆាំង​នឹង​ទ្រឹស្តី​"​នំ​មិនធំ​ជាង​នាឡិ​"​ ហើយ​បាន​ក្លាយជា​អ្នកទោស​ស្នេហា​នោះ​ មានឈ្មោះ​ រ៉ែ​ម​ ឧសភា​ ហៅ​ នុ​ត​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៨២​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ និង​នារី​វ័យក្មេង​ដែល​ម្តាយ​នាង​អះអាង​ថា​ ត្រូវ​យុវជន​ឈ្មោះ​ រ៉ែ​ម​ ឧសភា​ ចាប់ពង្រត់​ និង​បង្ខាំង​នោះ​ មានឈ្មោះ​ នៅ​ សុខ​ឡែ​ន​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ដូច​គ្នា​ ។​

​ពាក្យបណ្តឹង​របស់​អ្នកស្រី​ ចាន់​ ម​ន្ថា​ ត្រូវជា​ម្តាយ​របស់​នាង​ នៅ​ សុខ​ឡែ​ន​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ កូនស្រី​របស់​គាត់​ឈ្មោះ​ នៅ​ សុខ​ឡែ​ន​ បាន​បាត់​ខ្លួន​ពី​ផ្ទះ​មិនដឹង​ទៅ​ណា​ ដោយ​យក​ទៅ​ជាមួយ​នូវ​ទ្រព្យសម្បត្តិ​ជា​អាទិ៍​ រថយន្ត​១​គ្រឿង​ ប្រាក់​៤.០០០​ដុល្លារ​អា​មេ​រិ​ក​ គ្រឿងអលង្ការ​ និង​នាឡិកាដៃ​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​៨.០០០​ដុល្លារ​អា​មេ​រិ​ក​ទៀត​ ខណៈ​ក្រុម​គ្រួសារ​បាន​តាម​ស្វែងរក​សឹង​គ្រប់​ទិស​ទី​ដែរ​ តែ​រក​មិនឃើញ​ ។​ ក្រោយមក​ទើប​ដឹង​ថា​ ឈ្មោះ​ រ៉ែ​ម​ ឧសភា​ បាន​នាំ​កូនស្រី​គាត់​ចេញពីផ្ទះ​ និង​បញ្ជា​ឲ្យ​បិទ​ទូរស័ព្ទ​ ដើម្បី​កុំ​ឲ្យ​ក្រុម​គ្រួសារ​ទាក់ទង​បាន​ ហើយ​នាំ​គ្នា​ទៅ​ជួល​ផ្ទះ​ស្នាក់​នៅ​ដើរ​ចាយវាយ​បំផ្លាញ​លុយកាក់​គ្មាន​សល់​ ទើប​គាត់​សម្រេច​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ​ រ៉ែ​ម​ ឧសភា​ ទៅ​សមត្ថកិច្ច​នគរបាល​តែ​ម្តង​ ។​

​យោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​នាង​ នៅ​ សុខ​ឡែ​ន​ នោះ​ ទើប​កាលពី​វេលា​ល្ងាច​នា​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​ចាប់​ឃាត់ខ្លួន​យុវជន​ឈ្មោះ​ រ៉ែ​ម​ ឧសភា​ នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង​ ហើយ​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ និងចោទប្រកាន់​តាម​ច្បាប់​។​

​តួអង្គ​ប្រុស​ឈ្មោះ​ រ៉ែ​ម​ ឧសភា​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ ក៏​ដូច​បាន​បំភ្លឺ​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ ខ្លួន​និង​នាង​ នៅ​ សុខ​ឡែ​ន​ បាន​ស្រឡាញ់​គ្នា​ចិត្តនឹង​ចិត្ត​ទៅ​វិញ​ទៅ​មក​ គ្មាន​ការ​បង្ខិតបង្ខំ​ចាប់ពង្រត់​ និង​បង្ខាំង​ដូច​ការ​ចោទប្រកាន់​ទេ​ តែ​ខាង​ម្តាយ​របស់​សង្សារ​ខ្លួន​តាម​រករឿង​បំបែកបំបាក់​មិន​ឲ្យ​ពួក​ខ្លួន​ស្រឡាញ់​ និង​រស់នៅ​ជាមួយ​គ្នា​ ។​ នៅ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៥​ ពួក​ខ្លួន​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្តបាត់ដំបង​ ដោយ​ជិះ​រថយន្ត​ម៉ាក​ TOYOTA​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA-0724​ ជា​កម្មសិទ្ធិ​របស់​សង្សារ​ខ្លួន​ ។​ ពេល​ទៅ​ដល់​ខេត្តបាត់ដំបង​ ខណៈ​បន្ត​ស្នាក់​នៅ​ស្រុក​កំណើត​នោះ​ នៅ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ ពួក​ខ្លួន​បាន​នាំ​គ្នា​ទៅ​សាលាសង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដើម្បី​សុំ​ឲ្យ​លោក​ចៅសង្កាត់​ធ្វើ​កំណត់ហេតុ​ និង​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ថា​ ពួក​ខ្លួន​ស្ម័គ្រចិត្ត​រួម​រស់នៅ​ជាមួយ​គ្នា​ ធ្វើ​ជា​ប្តី​-​ប្រពន្ធ​ស្របច្បាប់​ ហើយ​ក៏​ត្រូវ​បាន​លោក​ចៅសង្កាត់​ស្វាយប៉ោ​យល់ព្រម​ធ្វើ​កំណត់ហេតុ​ចុះហត្ថលេខា​ និង​បោះត្រា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ទៀត​ផង​ ។​ នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ ពួក​ខ្លួន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ តែ​មិន​បាន​ចូល​ផ្ទះ​ទេ​ គឺ​នាំ​គ្នា​ទៅ​ជួល​ផ្ទះសំណាក់​ស្នាក់​នៅ​បណ្តោះអាសន្ន​ និង​លុះ​មក​ដល់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង​ទៅ​ ។​ លើស​ពី​នេះ​ ឈ្មោះ​ រ៉ែ​ម​ ឧសភា​ បាន​បង្ហាញ​នូវ​រូបថត​ស្និទ្ធស្នាល​ជាមួយ​សង្សារ​ខ្លួន​ គឺ​នាង​ នៅ​ សុខ​ឡែ​ន​ រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​-​ប្រពន្ធ​ជា​ច្រើន​សន្លឹក​ បញ្ជាក់​អំពី​ការ​ស្គាល់​ និង​បាន​ស្រឡាញ់​គ្នា​តាំងពី​ឆ្នាំ​២០១៣​មក​ គ្រាន់តែ​មិន​ទាន់​បាន​រៀប​ការ​ស្របច្បាប់​ប៉ុណ្ណោះ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពី​បាន​សាកសួរ​ស្តាប់​ការ​បំភ្លឺ​ដោះ​បន្ទុក​រួច​មក​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៥​ បាន​សម្រេច​តម្កល់​រឿង​ព្រហ្មទណ្ឌ​នេះ​ទុក​មិន​ចាត់ការ​ឡើយ​ ដោយ​តំណាង​អយ្យការ​យល់​ឃើញ​ថា​ ឈ្មោះ​ រ៉ែ​ម​ ឧសភា​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទប្រកាន់​ទេ​ ដ្បិត​ពួក​គេ​ទាំង​២​នាក់​បាន​ស្រឡាញ់​គ្នា​ និង​រួមរស់​ជាមួយ​គ្នា​ប្រមាណ​១​ឆ្នាំ​មក​ហើយ​ ដែល​បញ្ជាក់​ថា​ ភាគី​ខាង​ប្រុស​ និង​ខាង​ស្រី​បាន​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន​គ្មាន​ការ​ចាប់ពង្រត់​ និង​បង្ខាំង​អ្វី​ទេ​ ។​

​នេះ​គឺជា​មេរៀន​មួយ​ដែល​ធ្លាប់​បាន​កើត​មាននៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ដែល​តម្រូវ​ឲ្យ​ឪពុក​ម្តាយ​ អាណាព្យាបាល​ កូនប្រុស​-​ស្រី​ និង​យុវជន​ យុវនារី​ធ្វើការ​ពិចារណា​ទាំងអស់​គ្នា​ ៕​

  Sok-Len-(2)Sok-Len-(1)Sok-Len-3

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.