ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ស្ត្រីជន​ជាតិចិន​ម្នាក់​ថ្លើមធំ​បើក​គ្លីនិក​ឯកជន​គ្មាន​ច្បាប់​កណ្តាល​ក្រុង​សៀមរាប​ទឹកដី​អង្គរ​ និង​ប្រើ​ថ្នាំ​ហួស​ដឺ​ឡេ​ជាង​១០០​មុខ​

​ស្ត្រីជន​ជាតិចិន​ម្នាក់​ជា​ម្ចាស់​គ្លីនិក​ឯកជន​យីហោ​ "​យ៉ា​ ស៊ិ​ន​"​ ឋិត​នៅ​ភូមិ​មណ្ឌល​១​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ត្រង់​ចំណុច​ផ្សារ​កណ្តាល​ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៥​ម្សិលមិញ​ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថា​ បើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត​ និង​មាន​ថ្នាំ​ហួស​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់​(​ហួស​ដឺ​ឡេ​)​ជាង​១០០​មុខ​ ។​

​ម្ចាស់​គ្លីនិក​ឯកជន​យីហោ​ "​យ៉ា​ ស៊ិ​ន​"​ ដែល​បើក​ទទួល​បម្រើសេវា​ព្យាបាល​ជំងឺ​ច្រមុះ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ឈ្មោះ​ យ៉ា​ ស៊ិ​ន​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ ជា​ជនជាតិ​ចិន​ ។​

​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ដាក់​ការ​សង្ស័យ​ថា​ ទីតាំង​គ្លីនិក​ឯកជន​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ សមត្ថកិច្ច​នគរបាល​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ឃើញ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រាកដ​មែន​ និង​រក​ឃើញ​ថ្នាំ​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​(​ហួស​ដឺ​ឡេ​)​ និង​គ្មាន​ចុះ​បញ្ជិកា​ប្រភេទ​ថ្នាំ​ចាក់​ចំនួន​២២​មុខ​ ស្មើនឹង​៧.២៦០​អំ​ពូ​ល​ ប្រភេទ​ថ្នាំ​គ្រាប់​ចម្រុះ​ចំនួន​៨៩​មុខស្មើ​នឹង​៣៨.២៣៩​គ្រាប់​ និង​សេរ៉ូម​ចំនួន​៣​មុខស្មើ​នឹង​២១០​ដប​ ។​ ថ្នាំ​ហួស​ដឺ​ឡេ​ទាំងនោះ​សមត្ថកិច្ច​បាន​សម្រេច​ប្រគល់​ឲ្យ​ខាង​សុខាភិបាល​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដុត​កម្ទេច​ចោល​ ខណៈ​ម្ចាស់​គ្លីនិក​ជា​ស្ត្រីជន​ជាតិចិន​នោះ​ក្រោយ​សាកសួរ​រួច​ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្ថាប័ន​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ គ្រូពេទ្យ​ចិន​ម្នាក់​ឈ្មោះ​ វ៉ាង​ ចាន់​ជូ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជា​ម្ចាស់​គ្លីនិក​ឯកជន​យីហោ​ "​គ្លីនិក​ចិន​"​ ឋិត​នៅ​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ បាន​វះកាត់​ស្ត្រី​ម្នាក់​មាន​ជំងឺ​ដុំ​ពកដៃ​ស្បូន​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ រួច​ហើយ​ដាក់​មេ​ផាយ​រត់​ចោល​គ្លីនិក​យករួចខ្លួន​បាត់​ស្រមោល​ ។​ នៅ​ពេល​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​គ្លីនិក​ឯកជន​នោះ​ ទើប​រក​ឃើញ​ថា​ គ្លីនិក​របស់​គ្រូពេទ្យ​ចិន​នេះ​ដំណើរការ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ វិស័យ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ ដោយសារ​ខាង​ក្រសួងសុខាភិបាល​ដែល​មាន​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ ជា​រដ្ឋមន្ត្រី​ និង​បណ្តា​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត​-​រាជធានី​ភ្នំពេញ​រវល់​តែ​ឆ្ងាញ់​នឹង​លុយ​ ទើប​បណ្តែតបណ្តោយ​ឲ្យ​ឱសថស្ថាន​ និង​បណ្តា​គ្លីនិក​ឯកជន​ទាំង​ខាង​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​(​វេជ្ជសាស្ត្រ​)​ ទាំង​ខាង​ទន្តសាស្ត្រ​ ធ្លាក់​ក្នុង​ដៃ​គ្រប់គ្រង​ ត្រួតត្រា​ដោយ​ក្រុម​ឈ្មួញ​ អាជីវករ​ប្រមូល​យក​លុយ​ ខណៈ​គ្រូពេទ្យ​ ទន្តពេទ្យ​ និង​ឱសថការី​ខ្មែរ​បាន​ត្រឹម​ឈរឈ្មោះ​យក​ប្រាក់​ប្រចាំខែ​ ហើយ​មិន​បាន​ត្រួតពិនិត្យ​ផ្ទាល់​ដិត​ដល់​ ៕​

Ya-Sin1 Pursat-Clinic5

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.