ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

តែងតាំង​នាយក​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​រហូត​ដល់​ទៅ​២​លើក​

​កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រសួងយុត្តិធម៌​បាន​ចេញ​ប្រកាស​មួយ​លេខ​០៣២​ក​យ​.​ប្រក​/១៥​ សម្រេច​តែងតាំង​លោក​ អ៊ុំ​ វ៉​ន​ ជានា​យក​ក្រឡាបញ្ជី​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជំនួស​កញ្ញា​ ហេង​ បូ​ភា​ ដែល​បាន​សុំ​លាលែង​ពី​តួនាទី​ ដែល​ការ​តែងតាំង​លោក​ក្រឡាបញ្ជី​ អ៊ុំ​ វ៉​ន​ ជានា​យក​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ គឺ​ធ្វើ​ឡើង​រហូត​ដល់​ទៅ​២​លើក​ ពីព្រោះ​លើក​មុន​លោក​ក្រឡាបញ្ជី​ អ៊ុំ​ វ៉​ន​ ត្រូវ​បាន​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​តែងតាំង​ជានា​យក​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ​ តាម​លិខិត​បង្គាប់ការ​លេខ​៨១៥៧​រប​.៩២១.១៤​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ។​

​លោក​ អ៊ុំ​ វ៉​ន​ អាយុ​៣៨​ឆ្នាំ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៩៩​ និង​ទទួល​បាន​ក្របខ័ណ្ឌ​ជា​ក្រឡាបញ្ជី​នា​ឆ្នាំ​២០០៦​ ។​ លោក​ អ៊ុំ​ វ៉​ន​ ធ្លាប់​បាន​ធ្វើ​ជា​ក្រឡាបញ្ជី​របស់​លោក​ចៅក្រម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ ។​

​ក្រុម​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ យោង​តាម​ស្ថានភាព​បច្ចុប្បន្ន​ លោក​ក្រឡាបញ្ជី​ អ៊ុំ​ វ៉​ន​ មានគុណ​វុឌ្ឍិ​ក្នុង​ការ​តែងតាំង​ឲ្យ​ធ្វើ​ជានា​យក​ក្រឡាបញ្ជី​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ ដ្បិត​លោក​ក្រឡាបញ្ជី​រូប​នេះ​បាន​បម្រើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ចុះ​ជួយ​ពង្រឹង​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​មូលដ្ឋាន​ ជាមួយ​លោក​ចៅក្រម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​នៅ​ត្រង់​ថា​ ត្រឹម​ការ​តែងតាំង​មន្ត្រី​តុលាការ​ថ្នាក់​ក្រឡាបញ្ជី​ឲ្យ​ធ្វើ​ជានា​យក​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​សោះ​ បែរជា​មានការ​តែងតាំង​រហូត​ដល់​ទៅ​ចំនួន​២​លើក​ គឺ​មាន​លិខិត​បង្គាប់ការ​របស់​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ និង​មាន​ប្រកាស​របស់​ក្រសួងយុត្តិធម៌​ផង​ ៕​

  Oum-VanOum-Van-LetterOum-Van2

hakhour

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.