ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ប្រហិត​សាច់​ត្រី​សមុទ្រ​ទម្ងន់​៣​តោន​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​មក​ពី​យួន​ដោយ​គ្មាន​ច្បាប់​តាម​ច្រក​ជ្រៃ​ធំ​ ខណៈ​សមត្ថកិច្ច​ដឹង​តែ​ពី​លុយ​

​មិន​រំខាន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ជ្រៃ​ធំ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​បន្តិច​ឡើយ​ ទើប​ប្រហិត​សាច់​ត្រី​សមុទ្រ​ទម្ងន់​៣​តោន​ ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​មក​ពី​ស្រុក​យួន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បាន​យ៉ាង​រលូន​ តាម​រថយន្ត​ម៉ាក​ NISSAN​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-9245​ តាម​ច្រក​ជ្រៃ​ធំ​ ខណៈ​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ​ត្រូវ​ក្រុម​ឈ្មួញ​និយាយ​ពេញៗ​មាត់​ថា​ ចាំតែ​រាប់​ក្បាល​ឡាន​ដឹក​ទំនិញ​យក​លុយកាក់​ជា​ប្រចាំ​ប៉ុណ្ណោះ​ ។​

​ជា​អកុសល​ ប្រហិត​សាច់​ត្រី​សមុទ្រ​ទម្ងន់​៣​តោន​ដែល​នាំ​ចូល​មក​ពី​ស្រុក​យួន​ដល់​ស្រុក​ខ្មែរ​តាម​ច្រក​ជ្រៃ​ធំ​បាន​យ៉ាង​រលូន​មិន​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ​ និង​កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​ សហការ​គ្នា​ស្ទាក់​ចាប់​បាន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ក្នុង​សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ កាលពី​វេលា​ម៉ោង​០២​ភ្លឺ​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ។​

​ក្នុង​ប្រតិបត្តិការ​ស្ទាក់​ចាប់​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ប្រហិត​សាច់​ត្រី​សមុទ្រ​ទម្ងន់​៣​តោន​ ដែល​នាំ​ចូល​មក​ពី​ស្រុក​យួន​នោះ​ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​២​នាក់​ គឺ​ឈ្មោះ​ ញឹ​ប​ រ៉ា​ឌី​ អាយុ​២៨​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​ មាន​ទីលំនៅ​ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ និង​ម្នាក់​ទៀត​ឈ្មោះ​ វង្ស​ ផានិត​ អាយុ​២៥​ឆ្នាំ​ ជា​អ្នក​រួម​ដំណើរ​ មាន​ទីលំនៅ​ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ដូច​គ្នា​ ។​

​បុរស​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ញឹ​ប​ រ៉ា​ឌី​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ប្រហិត​សាច់​ត្រី​សមុទ្រ​នោះ​មាន​ចំនួន​៣​តោន​ នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ និង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ខេត្តបាត់ដំបង​ដើម្បី​ធ្វើ​ណែម​ តែ​រឿង​មានច្បាប់​ឬ​អត់​ច្បាប់​ គឺ​ខ្លួន​មិន​បានដឹង​ទេ​ ព្រោះ​ខ្លួន​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​ជញ្ជូន​ឲ្យ​ថៅកែ​ប៉ុណ្ណោះ​ ។​

​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ ការ​ដឹក​ជញ្ជូន​ប្រហិត​សាច់​ត្រី​ចំនួន​៣​តោន​នេះ​មិន​មានច្បាប់​អនុញ្ញាត​ទេ​ រីឯ​ការ​មាន​សារធាតុ​គីមី​ ឬ​គ្មាន​ក្នុង​ប្រហិត​សាច់​ត្រី​នោះ​ រង់ចាំ​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​ចុះ​មក​ពី​និត្យ​ឲ្យ​ដឹង​ការ​ពិត​សិន​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ សុវត្ថិភាព​ចំណីអាហារ​ដូច​ករណី​ការ​នាំ​ចូល​ប្រហិត​សាច់​ត្រី​ពី​ស្រុក​យួន​នេះ​ ជា​រឿង​សំខាន់​ណាស់​ ព្រោះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព​របស់​អ្នក​ប្រើប្រាស់​ ហើយ​ករណី​នេះ​ទោះបី​គេ​មិន​ទាន់​បានដឹង​ថា​ប្រហិត​សាច់​ត្រី​ទម្ងន់​៣​តោន​ នាំ​ចូល​មក​ពី​ស្រុក​យួន​នោះ​មាន​សារធាតុ​គីមី​ក៏​ដោយ​ តែ​វា​ជា​ការ​នាំ​ចូល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ព្រមទាំង​សមត្ថកិច្ច​ច្រក​ទ្វារ​ជ្រៃ​ធំ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ បើកដៃ​ឲ្យ​ចរាចរណ៍​យ៉ាង​រលូន​ រហូត​មក​ដល់​ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ទើប​បង្ក្រាប​បាន​ ។​ ដូច្នេះ​ គប្បី​មាន​វិធានការ​ក្តៅ​ទៅ​លើ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ជ្រៃ​ធំ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ដែល​រវល់​តែ​រឿង​យក​លុយ​ដាក់​ហោប៉ៅ​បុគ្គល​ មិន​ខ្វល់ខ្វាយ​អំពី​ប្រាក់​ចំណូល​រដ្ឋ​ និង​សុខភាព​ប្រជាពលរដ្ឋ​នោះ​ ដើម្បី​ឲ្យ​មានការ​រាងចាល​ ៕​

Vietnam-Prahit2 Vietnam-Prahit Vietnam-Prahit1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.