ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

មិនមែន​ជា​អប្សរា​សម័យ​ Facebook​ ទេ​ គឺជា​ស្រី​អាក្រាត​ដែល​បំផ្លាញ​កិត្យានុភាព​ប្រាសាទបុរាណ​របស់​ខ្មែរ​

​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ មជ្ឈដ្ឋាន​ទូទៅ​ ជា​ពិសេស​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ទាំង​ភ្ញាក់ផ្អើល​ ទៅ​លើ​រូបភាព​ស្រី​អាក្រាត​ល្វែង​លើ​ម្នាក់​ដែល​ថត​នៅ​ក្នុង​បរិវេណ​ប្រាង្គ​ប្រាសាទបុរាណ​របស់​ខ្មែរ​ ហើយ​រូបភាព​ស្រី​អាក្រាត​នេះ​ត្រូវ​បាន​អ្នកលេង​ Facebook​ ចែករំលែក​ពី​មួយ​ទៅ​មួយ​យ៉ាង​ព្រោងព្រាត​ ។​

​កាលពី​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ អាជ្ញាធរ​អប្សរា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​រូបភាព​អាក្រាត​ពាក់កណ្តាល​ខ្លួន​របស់​ស្ត្រី​ម្នាក់​ឈរ​នៅ​មុខ​ប្រាសាទ​ ដោយ​អាជ្ញាធរ​អប្សរា​យល់​ឃើញ​ថា​ ការ​ថត​បង្ហាញ​កាយ​អាក្រាត​ស្ត្រី​បែប​នេះ​ ជា​អំពើ​ប្រាសចាក​ទាំងស្រុង​ពី​សីលធម៌​ និង​វប្បធម៌​ខ្មែរ​ ព្រមទាំង​នាំ​ឲ្យ​មានការ​អាប់ឱន​យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ជាតិ​ និង​កិត្តិយស​នារី​ភេទ​ផង​ដែរ​ ។​ ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​អប្សរា​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា​ នឹង​ធ្វើការ​ស្រាវជ្រាវ​រក​ការ​ពិត​ ព្រមទាំង​ប្តេជ្ញា​អនុវត្តន៍​នីតិវិធី​ច្បាប់​តាម​គ្រប់​រូបភាព​ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ចំពោះ​ការ​ប្រព្រឹត្ត​បែប​អាសអាភាស​ និង​ខ្វះ​ការ​ពិចារណា​បែប​នេះ​ ។​ លើស​ពី​នេះ​ អាជ្ញាធរ​អប្សរា​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ សូម​ចូលរួម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជា​តម្រុយ​ដែល​អាច​នាំ​ឲ្យ​រក​ឃើញ​ការ​ពិត​ ក្នុង​ករណី​រូបភាព​អាក្រាត​បំផ្លាញ​កិត្យានុភាព​នៃ​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​ ។​

​មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ បាន​សម្តែង​នូវ​ការ​រិះគន់​ទៅ​លើ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​អប្សរា​ ដែល​ដឹង​តែ​ពី​ប្រមូល​លុយ​ពី​ភ្ញៀវ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ តែ​បែរជា​បណ្តែតបណ្តោយ​ឲ្យ​ជនខិលខូច​ឆ្លៀតឱកាស​បាន​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​ ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌​ខ្មែរ​ និង​កិត្យានុភាព​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ដ៏​យូរលង់​ បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​ជំនាន់​មុន​ ។​

​ពាក់ព័ន្ធ​នឹង​រូបភាព​ស្រី​អាក្រាត​ល្វែង​លើ​ ថត​នៅ​តាម​ប្រាសាទបុរាណ​ខ្មែរ​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​មួយ​ចំនួន​សន្និដ្ឋាន​ថា​ រូបភាព​អាសអាភាស​នេះ​ត្រូវ​បាន​គេ​ Upload​ ចូល​ទៅ​ក្នុង​គេហទំព័រ​អាសអាភាស​មួយ​នៅ​ប្រទេស​ចិនឈ្មោះ wanimal​ ដែល​គេហទំព័រ​នេះ​តែងតែ​ថតរូប​អាសអាភាស​ភ្ជាប់​នឹង​កន្លែង​ល្បីៗ​នៅ​លើ​សកលលោក​ រួម​ទាំង​មហាកំពែង​ចិន​ផង​ដែរ​ ហើយ​ឥឡូវនេះ​មក​ដល់​ប្រាសាទបុរាណ​ខ្មែរ​តែ​ម្តង​ ។​ ទោះ​យ៉ាងណា​ក៏​ដោយ​ រូបភាព​ស្រី​អាក្រាត​នេះ​មិន​ត្រូវ​បាន​គេ​អះអាង​ថា​ បាន​ថត​នៅ​ប្រាសាទខ្មែរ​ឈ្មោះ​អ្វី​នោះ​ទេ​​ តែទំនងជាប្រាសាទព្រះខ័ន និងមជ្ឈដ្ឋាន​មួយ​ចំនួន​អះអាង​ថា​ រូបថត​ស្រី​អាក្រាត​ល្វែង​លើ​នេះ​ ទំនងជា​បាន​ថត​នៅ​តាម​ប្រាង្គ​ប្រាសាទខ្មែរ​តាំងពី​ខែមករា​ ឆ្នាំ​២០១៤​កន្លង​មក​ ។

នៅវេលាល្ងាចនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះ អាជ្ញាធរអប្សរាបានប្រកាសឲ្យដឹងថា ខ្លួនបានស្រាវជ្រាវរកឃើញហើយ ស្រ្តីដែលអាក្រាតល្វែងលើថតតាមប្រាសាទនៅខេត្តសៀមរាបនៃប្រទេសកម្ពុជានោះ គឺជាជនជាតិចិន ហើយអាជ្ញាធរអប្សរា នឹងដាក់ពាក្យប្តឹងទៅស្ថានទូតចិន ដើម្បីឲ្យមានការដោះស្រាយទាក់ទងនឹងករណីខាងលើ ៕​

Angkor-Girl1 Angkor-Girl Angkor-Girl2Angkor-Girl-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.