ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

ល្បី​សុសសាយ​ថា​ អំណាច​របស់​ផ្កាយ​៣​យោធា​ ឌៀង​ សា​រុន​ ឋិត​នៅ​ពីក្រោយ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេបាសាក់​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេបាសាក់​ពី​ក្រុង​តា​ខ្មៅ​រហូត​ដល់​ស្រុក​កោះធំ​ ខេត្តកណ្តាល​ បាន​នាំ​គ្នា​និយាយ​ពេញៗ​មាត់​ថា​ អាជីវកម្ម​បូម​ខ្សាច់​ពី​ក្នុង​ទន្លេបាសាក់​ដែល​មាន​សកម្មភាព​ច្រើន​ឆ្នាំ​មក​ហើយ​ និង​គ្មាន​អាជ្ញាធរ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ គឺ​មាន​អំណាច​របស់​លោក​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​យោធា​ម្នាក់​ឈ្មោះ​ ឌៀង​ សា​រុន​ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ឋិត​នៅ​ពីក្រោយ​ ខណៈ​ក្រុម​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​លើ​ករណី​បាក់​ច្រាំង​ទន្លេ​ ប៉ះពាល់​ដល់​លំនៅ​ឋាន​ពួក​គាត់​ បណ្តាល​មក​ពី​ការ​បូម​ខ្សាច់​អនាធិបតេយ្យ​ក្បែរ​ច្រាំង​ទន្លេ​ ក្រោម​ឥទ្ធិពល​អំណាច​របស់​អ្នកធំ​កាង​ផលប្រយោជន៍​ឲ្យ​ឈ្មួញ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា​ ក្រោម​ឥទ្ធិពល​អំណាច​របស់​លោក​ឧត្តមសេនីយ៍ឯក​យោធា​ ឌៀង​ សា​រុន​ គឺ​បាន​ធ្វើ​ឲ្យ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៣៥​សសរ​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ ដែល​ឲ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​តាម​ដង​ទន្លេមេគង្គ​ និង​ដង​ទន្លេបាសាក់​ និង​លិខិត​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ លេខ​១៧០៦​រថ​.​រស​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ ដែល​ឲ្យ​មានការ​បង្ក្រាប​ក្រុមហ៊ុន​ ឬ​អាជីវករ​លួច​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ​តាម​ដង​ទន្លេមេគង្គ​លើ​ មេគង្គ​ក្រោម​ និង​ទន្លេបាសាក់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង​ខេត្តព្រៃវែង​នោះ​ ក្លាយជា​គ្មាន​ន័យ​ខ្លឹមសារ​ ប្រៀបប្រដូច​បាន​ទៅ​នឹង​ក្រដាសអនាម័យ​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រសួង​រ៉ែ​និង​ថាមពល​ ដែល​មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Sok​ Teang​ Import​ Export​ Co.,​ Ltd.​ មាន​លោក​ សុខ​ ទៀង​ ជានា​យក​ក្រុមហ៊ុន​ ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​តំបន់​កោះអន្លង់ចិន​ ឃុំ​កោះអន្លង់ចិន​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ លើ​ផ្ទៃដី​ទំហំ​៣១,៧៧​ហិ​កតា​ ខណៈ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេបាសាក់​ផ្តោតអារម្មណ៍​ថា​ អំណាច​លោក​ឧត្តមសេនីយ៍ឯក​យោធា​ ឌៀង​ សា​រុន​ ក៏​អាច​ឋិត​នៅ​ពីក្រោយ​ក្រុមហ៊ុន​ Sok​ Teang​ Import​ Export​ Co.,​ Ltd.​ នោះ​ដែរ​ ទើប​ក្រសួង​រ៉ែ​និង​ថាមពល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​ខ្សាច់​លើ​ផ្ទៃដី​ទំហំ​ជិត​៣២​ហិ​កតា​នៅ​តំបន់​កោះអន្លង់ចិន​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ យ៉ាង​ហ៊ឺហា​ ។​

​លោក​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ឌៀង​ សា​រុន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៣៣២​ ដែល​គេ​ស្គាល់​ថា​ ជា​អតីត​ទាហាន​យួន​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​មាន​ស្រាប់​ ជា​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​នោះ​ ទទួល​បានការ​តែងតាំង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ថែម​ទៀត​ ដោយ​អនុក្រឹត្យ​លេខ​២៩៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ។​

​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ឯក​ ឌៀង​ សា​រុន​ បាន​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​និយាយ​ចោទប្រកាន់​ពី​សំណាក់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ថា​ រូប​លោក​ឧត្តមសេនីយ៍​ឋិត​នៅ​ពីក្រោយ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេបាសាក់​នោះ​ ៕​

Deang-Sarun.3 Deang-Sarun

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.