ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ផ្កាយ​៣ សៀក សុជាតិ អាច​ប្រឈម​នឹងការ​ប្តឹង​ប្រឆាំង​បក​វិញ​ពី​បុគ្គលិក​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ក្នុង​រឿង​ចោទប្រកាន់​លួច​គ្រឿងអលង្ការ​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​

​លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​បុគ្គលិក​ទាំង​២​នាក់ ប្រចាំ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ឲ្យ​មាន​សេរីភាព​វិញ​ហើយ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ តែ​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ បន្ទាប់ពី​លោក​ចៅក្រម​ស៊ើបសួរ​រូបនេះ​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន នា​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥ តាម​ការប្តឹង​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ពី​លោក កែវ សុជាតិ ព្រោះ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ យោង​របាយការណ៍​សំយោគ​របស់​សមត្ថកិច្ច​នគរបាល​ពីបទ​អំពើ​លួច ក្រោម​ទម្ងន់​នៃ​បណ្តឹង​ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) យោធា​ម្នាក់​ឈ្មោះ សៀក សុជាតិ ដែល​អះអាងថា ខ្លួន​បាន​បាត់​គ្រឿងអលង្ការ​មានតម្លៃ និង​លុយកាក់​ក្នុង​កាបូប​គិត​ជា​ទឹកប្រាក់​សរុប​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​រូបលោក​ចូលទៅ​ម៉ាស្សា និង​ហាត់ប្រាណ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា (Sofitel Phnom Penh Phokeethra) មាន​ទីតាំង​ឋិត​នៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រៅពី​សម្តែង​នូវ​ការសប្បាយ​ចិត្ត លោក Charles-Henri Chevet អ្នកចាត់ការ​ទូទៅ​រប​ស់​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា បុគ្គលិក​សណ្ឋាគារ​ទាំង​២​នាក់ គឺ​លោក សំរឹទ្ធិ រស្មី គ្រូបង្ហាត់​ហែល​ទឹក និង​កញ្ញា នុត សារ៉េត ជា​អ្នកទទួល​និង​នាំ​ភ្ញៀវ គ្មាន​កំហុស​ដូច​ការចោទប្រកាន់​ទេ បើ​សំអាង​លើ Video Clip របស់​កាមេរ៉ា​សុវត្ថិភាព​។ អ្នកចាត់ការ​ទូទៅ​រប​ស់​សណ្ឋាគារ​ជា​ជនជាតិ​បរទេស​រូបនេះ បាន​បន្តថា ច្បាស់​ណាស់​តាមរយៈ Video Clip កា​ម៉េ​រា​សុវត្ថិភាព​បង្ហាញថា អង្គរក្ស​របស់លោក​ឧ​ត្ត​ម​សេនីយ៍ សៀក សុជាតិ ក៏​នៅក្នុង​បន្ទប់​ទុក​អីវ៉ាន់​ដែរ ដោយ​កាន់​កូនសោ​លោក​ឧ​ត្ត​ម​សេនីយ៍ ខណៈ​គ្មាន​កា​ម៉េ​រា​សុវត្ថិភាព​ដាក់​ក្នុង​បន្ទប់​ទុក​អីវ៉ាន់​ឡើយ​។​

​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ ដែល​អះអាងថា ខ្លួន​បាន​បាត់​គ្រឿងអលង្ការ​មានតម្លៃ និង​លុយកាក់​ក្នុង​កាបូប​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា នោះ បុគ្គលិក​ទាំង​២​នាក់ របស់​សណ្ឋាគារ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចាប់​ឃាត់ខ្លួន​នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ និង​បញ្ជូន​ខ្លួន​មក​ឲ្យ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​អំពើ​លួច​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥​។​

​ប្រិយមិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook មួយចំនួន​បាននាំគ្នា Comments បញ្ចេញមតិ​ថា «​ពួកគេ​មិន​កាន់ជើង​ចោរ​ទេ តែ​សណ្ឋាគារ​ទំនងជា​គេ​មិន​ទទួលបញ្ញើ​ជា​គ្រឿងអលង្ការ​មានតម្លៃ និង​លុយកាក់​ក្នុង​ចំនួន​ច្រើនសន្ធឹក​បែបនេះ​ឡើយ ហើយ​លោក​ផ្កាយ​៣ ទំនងជា​ដោះ​គ្រឿងអលង្ការ និង​លុយកាក់​ទុក​ក្នុង​ទូ​សម្ភារៈ និង​អាច​ត្រូវគេ​លួច​បាត់​។ ដូច្នេះ បើ​ចង់​ចាប់ និង​ចោទប្រកាន់​ទៅលើ​បុគ្គលិក​សណ្ឋាគារ​ត្រូវតែមាន​ព័ស្តុតាង​ច្បាស់លាស់ កុំ​ចេះតែ​ចាប់ និង​ចោទប្រកាន់​មនុស្ស​តាម​អំណាច​បុណ្យស័ក្តិ លុយកាក់ និង​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ឲ្យ​សោះ​»​។​

​ករណី​បាត់បង់​គ្រឿងអលង្ការ​ល​ម្អ​ជាប់​ខ្លួន​មានតម្លៃ និង​លុយកាក់​ក្នុង​កាបូប​គិត​ជា​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​យោធា សៀក សុជាតិ ដ៏​ហ៊ឺហា​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ប្រសិនបើជា​ការពិត​នោះ គឺ​បង្ហាញ​ឲ្យ​ឃើញថា លោក​ឧ​ត្ត​ម​សេនីយ៍ សៀក សុជាតិ ទំនងជា​មន្ត្រី​យោធា​មានទ្រព្យ​សម្បត្តិ​មហាសាល ព្រោះ​គ្រាន់តែ​គ្រឿងអលង្ការ​លម្អ និង​លុយ​ក្នុង​កាបូប​ដាក់​តាម​ខ្លួន​គិត​ជា​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក​ទៅហើយ ចុះ​ទម្រាំ​ទ្រព្យសម្បត្តិ​នៅផ្ទះ ឬ​នៅតាម​ធនាគារ​មិនដឹង​ជាមាន​ចំនួន​ប៉ុន្មាន​ទៀត​?

​មជ្ឈដ្ឋាន​អ្នកច្បាប់​បាន​លើកឡើងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ អាច​ប្រឈម​នឹង​ការប្តឹង​ប្រឆាំង​បក​វិញ​ពី​សំណាក់​បុគ្គលិក​សណ្ឋាគារ និង​អ្នកគ្រប់គ្រង​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដែល​គេ​សង្ស័យថា មាន​ភាគហ៊ុន​ពី​មន្ត្រី​យោធា​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​គ្រាក់ៗ​នៅ​ក្រសួងការពារជាតិ​ផង ក្នុង​រឿង​បាត់​គ្រឿងអលង្ការ​មានតម្លៃ ហើយ​ប្តឹង​ចោទប្រកាន់​ទៅលើ​បុគ្គលិក​សណ្ឋាគារ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល​បុគ្គលិក​សណ្ឋាគារ និង​ខូច​ឈ្មោះ​សណ្ឋាគារ ប្រសិនបើ​ការប្តឹង​ចោទប្រកាន់​នោះ​គ្មាន​ព័ស្តុតាង​ត្រឹមត្រូវ​ជាក់លាក់ និង​តុលា​ការរក​មិនឃើញ​កំហុស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ សៀក សុជាតិ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៥២០៤ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១១/៥០១ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១១​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ ត្រូវបានតែងតាំង​ជា​នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដោយ​អនុក្រឹត្យ​លេខ​០៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១២ និង​ក៏​ធ្លាប់​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៤ នៃ​រដ្ឋសភា​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​ពីលើ​មុខងារ​មាន​ស្រាប់​ផងដែរ​៕​

 r4e32244443434343

hg74nk90

3-star-socheat

20merndolar

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.