ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ម្ចាស់​ផលិត​កាហ្វេ​គីមី​បំផ្លាញ​សុខភាព​ជិត​៣៥​តោន ដែល​បង្ក្រាបបាន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​តុលាការ​ដោះលែង​

​ប្រភពព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​ការផលិត​កាហ្វេ​ក្លែងក្លាយ ឬ​ហៅថា កាហ្វេ​គីមី​បំផ្លាញ​សុខភាព ដែល​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាបបាន​កាល​ពីថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៥ មាន​ទម្ងន់​ជិត​៣៥​តោន នៅ​ចំណុច​ផ្លូវលំ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នោះ ត្រូវ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ខណៈ​មជ្ឈដ្ឋាន​នានា ដែល​បាន​តាមដាន​សំណុំរឿង​កាហ្វេ​គីមី​នេះ សម្តែង​នូវ​ការ​រិះគន់ថា អាចមាន​បង្កប់​ដោយ​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​នីតិវិធី​ដោះលែង​ជនសង្ស័យ​របស់​ស្ថាប័ន​តុលាការ​។​

​កាហ្វេ​គីមី​ដែល​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាបបាន​កាល​ពីថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៥ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នោះ មាន​សារ​ធាតុគីមី​ចំនួន​១៧​មុខ ជាមួយ​វត្ថុធាតុដើម​រួមមាន សណ្តែកសៀង គ្រាប់ពោត អំបិល ស្ករស ស្ករត្នោត បាយក្តាំង​កម្លោច និង​ខ្ទិះដូង សរុប​ទម្ងន់​ជិត​៣៥​តោន ព្រមទាំង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ បញ្ជូនមក​ស្ថាប័ន​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៀតផង​។​

​អនុលោម​តាម​ទោស​ប្បញ្ញត្តិ​ក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា បាន​ចែងថា «​ជន​ណា​ដែល​ដាក់ និង​ប្រើប្រាស់​សារធាតុ​គីមី ក្នុង​ម្ហូបអាហារ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​០១​ខែ ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ដល់ ១០​លាន​រៀល ឬ​ទោស​ណាមួយ​នៃ​ទោស​ទាំងពីរ​នេះ​។ ក្នុងករណី​មិន​រាងចាល​ចំពោះ​បទល្មើស នឹង​មាត្រា​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ទ្វេរ​ឡើង ទាំង​ការផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ ទាំង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ដោយ​ពុំទាន់​គិត​បញ្ចូល​នូវ​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​បច្ច័យ​នៃ​បទល្មើស ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព សុវត្ថិភាព ឬ​ដល់​អាយុជីវិត​របស់​អ្នក​ប្រើ​»​។​

​ទោះយ៉ាងណា​ក៏ដោយ ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផលិត​កាហ្វេ​គីមី​បំផ្លាញ​សុខភាព​ជិត​៣៥​តោន​នេះ ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព ពោលគឺ​បាន​ឋិត​នៅក្រៅ​ឃុំ​យ៉ាង​ហ៊ឺហា​ហើយ ដែល​គេ​ផ្តោតអារម្មណ៍​ថា ក្រៅពី​ជនសង្ស័យ​បានដាក់​ប្រាក់​តម្កល់​ធានា អាចមាន​បង្កប់​ដោយ​អំពើពុករលួយ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​៕​

cafe_15951552_n

cafe_kimi

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.