ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កម្ភៈ ឆ្នាំ ២០២០

ជំទាវ​ផ្កាយ​៤​ ម៉ែ​ន​ សំ​អន​ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​រួមដៃគ្នា​រំលោភ​បំពាន​អនុក្រឹត្យ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​ដំណើរការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​សុរិយោដី​នា​ពេល​កន្លង​មក​ ជា​ពិសេស​ចំពោះ​ពាក្យបណ្តឹង​របស់​ភាគី​ទំនាស់​ដែល​បាន​សុំ​ការ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ហៅ​កាត់​ថា​ក្រសួង​អធិការកិច្ច​ និង​មន្ត្រី​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​សមគំនិត​រួមដៃគ្នា​យ៉ាង​សកម្ម​រំលោភ​បំពាន​ទៅ​លើ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​សុរិយោដី​ ចុះហត្ថលេខា​ផ្ទាល់​ដោយ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​ក៏​បាន​ក្លាយជា​បច្ច័យ​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​ទាំងនោះ​ធ្លាក់​ទៅ​ក្នុង​សភាព​រ៉ាំរ៉ៃ​ទល់​សព្វថ្ងៃ​ និង​បង្ក​ឲ្យ​មាន​សម្រែក​ទាមទារ​រក​យុត្តិធម៌​បាន​កើតឡើង​សឹង​ពេញ​ផ្ទៃ​ប្រទេស​ ។​

​មាត្រា​១,​ មាត្រា​២​ និង​មាត្រា​៣​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​សុរិយោដី​ បាន​ចែង​ថា​ "​អនុក្រឹត្យ​នេះ​មាន​គោលដៅ​កំណត់​រចនាសម្ព័ន្ធ​ បេសកកម្ម​ និង​មុខងារ​របស់​គណៈកម្មការ​សុរិយោដី​ ។​ អនុក្រឹត្យ​នេះ​អនុវត្តន៍​ចំពោះ​វិវាទ​ដែល​ទាក់ទង​នឹង​អចលនវត្ថុ​ ដែល​មិន​ទាន់​បាន​ចុះបញ្ជី​សុរិយោដី​ ។​ ក្នុង​ករណី​នេះ​ គណៈកម្មការ​សុរិយោដី​មាន​សិទ្ធិ​សម្រេច​មុនគេ​ក្នុង​ការ​ទទួលស្គាល់​ភោគី​ស្របច្បាប់​ ។​ គណៈកម្មការ​សុរិយោដី​ត្រូវ​មាន​បេសកកម្ម​ដោះស្រាយ​វិវាទ​ទាក់ទង​នឹង​អចលនវត្ថុ​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​សុរិយោដី​ដូច​តទៅ​ ៖​ ១-​វិវាទ​ដែល​កើត​មាននៅ​ក្រៅ​តំបន់​វិនិច្ឆ័យ​ និង​២-​វិវាទ​ដែល​កើត​មាននៅ​ក្នុង​តំបន់​វិនិច្ឆ័យ​ និង​ដែល​មិន​អាច​សម្រុះសម្រួល​បាន​ដោយ​គណៈកម្មការ​រដ្ឋបាល​ ។​ "​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​សំណុំរឿង​ទំនាស់​ដីធ្លី​ចំនួន​២​ករណី​ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មក​និយាយ​បង្ហាញ​ជា​ព័ស្តុតាង​នៅ​ពេល​នេះ​ ដូច​ខាងក្រោម​ ៖

១-​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ​ និង​លោកយាយ​កសិករ​ម្នាក់​ឈ្មោះ​ ហួត​ សា​រុំ​ ៖​ ទំនាស់​ដីធ្លី​ទំហំ​៦០.៦៧៥​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​អតីត​ខណ្ឌដង្កោ​)​ រាជធានី​ភ្នំពេញ​នេះ​ ចាប់ផ្តើម​កកើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ​ ពោល​គឺ​តាំងពី​មិន​ទាន់​មាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​សុរិយោដី​ ។​ កាល​ណោះ​ យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ ក្រសួងមហាផ្ទៃ​បាន​សម្រេច​ទទួលស្គាល់​ដី​ទំនាស់​ទំហំ​៣​ហិ​កតា​(៣០.០០០​ម៉ែត្រក្រឡា​)​ជា​របស់​លោកយាយ​ ហួត​ សា​រុំ​ ដែល​បាន​កាន់កាប់​ និង​បង្កបង្កើន​ផល​តាំងពី​ឆ្នាំ​១៩៧៩​មក​ទល់​បច្ចុប្បន្ន​ តាម​ស្មារតី​លិខិត​លេខ​២៨៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០០០​ ។​ ក្រោយមក​ នៅ​ឆ្នាំ​២០០៧​ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា​មាន​ចំនួន​១២០​គ្រួសារ​កើតទុក្ខ​មិន​សុខចិត្ត​ ក៏​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ការ​អន្តរាគមន៍​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​ជា​កម្មសិទ្ធិ​លើ​ដី​ទំនាស់​ទំហំ​៥០.៦៧៥​ម៉ែត្រក្រឡា​ ។​ ពេល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​មក​ដល់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ភ្លាមៗ​ ឯកឧត្តម​ ង៉ែត​ បូ​រី​ នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មិន​បាន​ចាត់​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ដើម្បី​ពិនិត្យ​ដោះស្រាយ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ឡើយ​ បែរជា​ចាត់​បញ្ជូន​ទៅ​ក្រសួង​អធិការកិច្ច​មាន​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ អតីត​ជា​ទេស​រដ្ឋមន្ត្រី​ ជា​រដ្ឋមន្ត្រី​ ពិនិត្យ​ដោះស្រាយ​ទៅ​វិញ​ តាម​ស្មារតី​លិខិត​លេខ​០០៣/០៥/០៧​ខន​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០០៧​ ។​

​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​ និង​ដោះស្រាយ​របស់​ក្រសួង​អធិការកិច្ច​ បាន​នាំ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ​៥០.៦៧៥​ម៉ែត្រក្រឡា​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ជា​កម្មសិទ្ធិ​ និង​ដី​ទំនាស់​ទំហំ​១០.០០០​ម៉ែត្រក្រឡា​(១​ហិ​កតា​)​ទៀត​ជា​កម្មសិទ្ធិ​របស់​លោកយាយ​ ហួត​ សា​រុំ​ តាម​ស្មារតី​លិខិត​លេខ​៣៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ ដោយសារ​ការ​ដោះស្រាយ​របស់​ក្រសួង​អធិការកិច្ច​មាន​ភាព​មិន​ប្រក្រតី​ បង្កប់​ដោយ​អំពើ​ពុក​រលួយ​នោះ​ ទើប​បង្ក​ឲ្យ​ករណី​ទំនាស់​ដីធ្លី​នេះ​អូស​បន្លាយពេល​រ៉ាំរ៉ៃ​មិន​ព្រម​ចប់​បន្ត​រហូត​ទល់​សព្វថ្ងៃ​ ខណៈ​បុរស​ម្នាក់​ឈ្មោះ​ សេង​ យៀន​ ជា​ប្រធាន​ក្រុម​ប្រតិភូ​អធិការកិច្ច​ក្រសួង​អធិការកិច្ច​ និង​ជា​អតីត​អគ្គនាយករង​អធិការកិច្ច​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្រាវជ្រាវ​ឃើញ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្វើ​កិច្ចសន្យា​យក​លុយ​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​តំណាង​ក្រុម​ប្រជាពលរដ្ឋ​ និង​ត្រូវ​បាន​ដកហូត​មុខ​តំណែង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​សាធារណៈ​ ព្រមទាំង​បញ្ជូន​សំណុំរឿង​ប្តឹង​ទៅ​តុលាការ​ ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ​០៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​ស៊ីសំណូក​ រួម​ជាមួយ​ការ​ផ្តន្ទាទោស​ប្អូនស្រី​ជីដូនមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ ឌី​ ប្រឹ​ម​ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​០៦​ខែ​ ពី​បទ​សូកប៉ាន់​ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥"​កប​៤"​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​

២-​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​១១១​គ្រួសារ​ និង​ប្រជាពលរដ្ឋ​៩​គ្រួសារ​ ៖​ ទំនាស់​ដីធ្លី​ទំហំ​១៧២.៤៩០​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​ក្រសាំង​រលើង​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​(​អតីត​ឃុំ​សៀមរាប​ ស្រុក​សៀមរាប​)​ ខេត្តសៀមរាប​នេះ​ កកើត​ឡើង​តាំងពី​ឆ្នាំ​២០០២-២០០៣​ ហើយ​ធ្លាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​ឲ្យ​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ពិនិត្យ​ដោះស្រាយ​ តាម​នីតិវិធី​ដែល​បាន​កំណត់​ដោយ​អនុក្រឹត្យ​លេខ​៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​សុរិយោដី​ តាម​ស្មារតី​លិខិត​លេខ​១១៩៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ ក្រោយមក​ យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​មាន​ចំនួន​១១១​គ្រួសារ​ ដាក់​ជូន​ទៅ​ក្រសួង​អធិការកិច្ច​ ស្រាប់តែ​ក្រសួង​អធិការកិច្ច​របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ប្រមូល​យក​មក​ដោះស្រាយ​ជា​សមត្ថកិច្ច​ ផ្ទុយ​នឹង​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ទៅ​វិញ​ នាំ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា​មាន​ចំនួន​១១១​គ្រួសារ​កាន់កាប់​ជា​កម្មសិទ្ធិ​ តាម​ស្មារតី​លិខិត​លេខ​១០៤៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០០៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ តាំងពី​មិន​ទាន់​ទទួល​បានការ​សម្រេច​ពី​រាជរដ្ឋាភិបាល​មក​ម្ល៉េះ​ ក្រុម​ប្រជាពលរដ្ឋ​១១១​គ្រួសារ​ តាម​រយៈ​ឧត្តមសេនីយ៍​យោធា​វ័យក្មេង​ម្នាក់​ឈ្មោះ​ យូ​ សិរី​វុ​ឌ្ឍ​ បាន​លក់​ដី​ទំនាស់​ឲ្យ​ទៅ​ឈ្មោះ​ សេង​ ចាយ​ ជា​ដន្លងដងស្នែង​ជាមួយ​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​ ។​ ប៉ុន្តែ​ទំនាស់​ដីធ្លី​នេះ​មិន​ទាន់​ចប់​នៅឡើយ​ទេ​ គឺ​កំពុង​ឋិត​ក្រោម​ការ​ប្តឹង​តវ៉ា​ពី​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ និង​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​ ។​

​សរុបសេចក្តី​មក​ នេះ​គឺជា​ព័ស្តុតាង​ដ៏​ច្បាស់​ក្រឡែត​ឥត​ប្រកែក​បាន​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ជំទាវ​ផ្កាយ​៤​ ម៉ែ​ន​ សំ​អន​ និង​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ រួមដៃគ្នា​សមគំនិត​រំលោភ​បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​បក្ខពួក​ ក្រោម​ពាក្យស្លោក​ថា​ "​មានរឿង​ មាន​លុយ​"​ ។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ មជ្ឈដ្ឋាន​នានា​មិន​បានឃើញ​បុរស​ខ្លាំង​មាន​ចំណាត់ការ​ទៅ​លើ​ក្រុម​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសឆ្គង​ និង​រំលោភ​បំពាន​លិខិត​បទដ្ឋាន​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ឯកឧត្តម​ ង៉ែត​ បូ​រី​ ក្រៅពី​មានមុខ​តំណែង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​នោះ​ គឺ​ឯកឧត្តម​រូប​នេះ​ត្រូវ​បាន​តែងតាំង​ផង​ដែរ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០១២​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៣​ ៕​

Seng-Yean80Nget-BoreySeng-Yean-Intori111-09-Families-1111-09-Families

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.