ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ផ្កាយ​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ហែក​ច្បាប់​សារព័ត៌មាន​បោះចោល​ក្នុង​ធុងសំរាម

​វា​ជា​រឿង​ហួសចិត្ត​ និង​សោកស្តាយ​បំផុត​ នៅ​ពេល​ដែល​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ក្នុង​នាម​ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​រូប​ មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទាំងមូល​ បែរជា​មិន​គោរព​ច្បាប់​ និង​ហែក​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៩៩៥/០៧​ ចុះ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​១៩៩៥​ បោះចោល​ទៅ​ក្នុង​ធុងសំរាម​ ឬ​ចាត់​ទុក​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ជា​ក្រដាសអនាម័យ​យក​មក​ជូត​គូទ​ប្រឡាក់​លាមក​ទៅ​វិញ​ ។​

​មាត្រា​៥​នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ត្រង់​ចំណុច​ទី​១​ ស្តី​ពី​គោលការណ៍​ទូទៅ​បាន​ចែង​ថា​ "​សារព័ត៌មាន​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ឋិត​ក្នុង​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​…"​ និង​ត្រង់​ចំណុច​ទី​២​ ស្តី​ពី​ការ​ស្នើ​សុំ​ព័ត៌មាន​ បាន​ចែង​ថា​ "​ការ​ស្នើ​សុំ​ព័ត៌មាន​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្សរ​ ហើយ​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ព័ត៌មាន​ដែល​ស្នើ​សុំ​ទៅ​ស្ថាប័ន​នានា​ ។​ មន្ត្រី​មាន​សមត្ថកិច្ច​ដែល​គ្រប់គ្រង​ស្ថាប័ន​នោះ​ ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យសុំ​ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាង​យូរ​ ។​ ប្រសិនបើ​ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​បដិសេធ​ទាំងស្រុង​ ឬ​ខ្លះៗ​នោះ​ ហេតុផល​ដែល​បដិសេធ​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ជា​លាយលក្ខណ៍អក្សរ​"​ ។​

​ដោយ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ឃើញ​ថា​ លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ជា​នាយ​រង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ និង​ត្រូវជា​កូនប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ទ្រង់​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ប៉ុន្តែ​បែរជា​លោក​ឧត្តមសេនីយ៍​រូប​នេះ​តែង​ប្រើប្រាស់​ឯកសណ្ឋាន​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​រហូត​មក​ដល់​ចុងឆ្នាំ​២០១៤​ ដែល​ជា​ប្រការ​ខុសឆ្គង​ធ្ងន់ធ្ងរ​នោះ​ ទើប​សារព័ត៌មាន​ដើម​ត្នោត​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​ដ​ត​/០៨១៤/១១១​ ចុះ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៤​ គោរព​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ស្នើ​សុំ​ឯកឧត្តម​បញ្ជាក់​ថា​ "​តើ​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ទទួល​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​រួច​ហើយ​ឬ​នៅ​ បន្ទាប់​ពី​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ ?​ "​ ។​

​ទោះបី​សារព័ត៌មាន​ដើម​ត្នោត​បាន​ធ្វើ​លិខិតផ្លូវការ​គោរព​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ស្រប​តាម​មាត្រា​៥​ ចំណុច​ទី​២​នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​រួច​ហើយ​ក៏​ដោយ​ ក៏​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​មាន​រយៈពេល​ជិត​០៦​ខែ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ មិន​បាន​ធ្វើការ​ឆ្លើយ​តប​មក​សារព័ត៌មាន​ដើម​ត្នោត​វិញ​នៅឡើយ​ ពោល​គឺ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ មិន​ផ្តល់​តម្លៃ​ ឬ​មិន​គោរព​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ ព្រមទាំង​ហែក​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​បោះចោល​ក្នុង​ធុងសំរាម​តែ​ម្តង​ ។​

​មន្ត្រី​យោធា​បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រសួងការពារជាតិ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ជូន​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ រួចរាល់​អស់​រយៈពេល​ជាង​យូរ​មក​ហើយៗ​ក្រសួង​ក៏​បានដឹង​ដែរ​ថា​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​តែ​បន្ត​ប្រើប្រាស់​ឯកសណ្ឋាន​ពាក់​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដដែល​ តែ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ហាក់​មិន​ហ៊ាន​លើក​រឿង​កំហុសឆ្គង​នេះ​មក​និយាយ​ទេ​ បាន​ត្រឹមតែ​ហួសចិត្ត​គ្រវីក្បាល​គ្រប់ៗ​គ្នា​ប៉ុណ្ណោះ​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អាយុ​៣៦​ឆ្នាំ​ ដែល​ស្ពាយ​ចំណេះដឹង​មក​ពីសា​លា​យោធា​សហរដ្ឋអាមេរិក​នោះ​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្លាប់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ក្របខ័ណ្ឌ​នាយ​អាវុធហត្ថ​នៃ​កង​យោធពលខេមរភូមិន្ទ​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦៩​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០០៩​ និង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១០/៩២១​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១០​ ហើយ​ចុង​ក្រោយ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ខណៈ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ មិន​ខ្ចី​ប្រើប្រាស់​ឯកសណ្ឋាន​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ឡើយ​ គឺ​បន្ត​ប្រើប្រាស់​ឯកសណ្ឋាន​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ទាំង​ខុសឆ្គង​ និង​គ្មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​សូ​ម្បី​តែ​មួយ​ម៉ាត់​ ៕​

Hun-Manet3-Stars Hun-Manet-2-Stars Hun-Manet24-10-2014 Hun-Manet-13-09-2014-1 Hun-Manet-18-08ឥ២

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.