បន្ទាប់ពីមានការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងផុសផុលនៅលើទីផ្សារឱសថកម្ពុជា នូវផលិតផលឱសថបំប៉នសុខភាពមួយប្រភេទឈ្មោះ Botanical Slimming រួចមក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានស្រាវជ្រាវរកឃើញថា ឱសថបំប៉នសុខភាពនេះមិនមានចុះបញ្ជិកានៅការិយាល័យបញ្ជិកាឱសថនៃនាយកដ្ឋានឱសថក្រសួងសុខាភិបាលទេ ខណៈឱសថប្រភេទ Botanical Slimming នេះត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួនធ្លាប់បានប្រើប្រាស់រួចហើយ ។
ក្រសួងសុខាភិបាលបានស្រាវជ្រាវឃើញថា ផលិតផលឱសថបំប៉នសុខភាព Botanical Slimming ផលិតនៅរោងចក្រឈ្មោះ Greatwallbuy International Trading Co., Ltd. តែគ្មានបញ្ជាក់អំពីអាសយដ្ឋានច្បាស់លាស់គួរទុកចិត្តបានទេ ។
មន្ត្រីជំនាញក្រសួងសុខាភិបាលមួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឱសថប្រភេទ Botanical Slimming ត្រូវបានគេផ្សព្វផ្សាយថា មានផលិតនៅរោងចក្រប្រទេសចិន និងមានសាខានៅហុងកុង និងតៃវ៉ាន់ តែមិនបានបញ្ជាក់អំពីអាសយដ្ឋានរោងចក្រផលិតច្បាស់លាស់ទេ ដោយខ្លះថាផលិតនៅអាមេរិក និងខ្លះទៀតថាផលិតនៅប្រទេសចិន ។ តាមការកត់សម្គាល់ ឱសថដែលគ្មានបញ្ជាក់អំពីប្រភពនៃរោងចក្រផលិតច្បាស់លាស់បែបនេះ តែងត្រូវបានវេចខ្ចប់នៅប្រទេសវៀតណាម ហើយនាំចូលមកលក់នៅលើទីផ្សារប្រទេសកម្ពុជា ដ្បិតការត្រួតពិនិត្យរបស់មន្ត្រីកម្ពុជាមានភាពធូររលុង និងគិតតែពីផលប្រយោជន៍ហោប៉ៅបុគ្គលធំជាងសុខភាពរបស់អ្នកប្រើប្រាស់ ។
ទោះយ៉ាងណាក៏ដោយ តាមរយៈលិខិតផ្លូវការចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ដែលបានគោរពជូនឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់លាស់ថា ផលិតផលឱសថបំប៉នសុខភាព Botanical Slimming នេះមិនត្រូវប្រើប្រាស់ទេ ពីព្រោះមិនមានចុះបញ្ជិកានៅនាយកដ្ឋានឱសថនៃក្រសួងសុខាភិបាល ពុំបានឆ្លងកាត់ការត្រួតពិនិត្យពីមជ្ឈមណ្ឌលពិសោធន៍សុខាភិបាល ៕