នាឱកាសប្រារព្ធអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៣ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសង្ឃកថាដ៏គួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់មួយ ដោយសូមបិណ្ឌបាតដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់គណបក្សនយោបាយទាំងអស់ មេត្តារៀបចំនីតិវិធីច្បាប់យ៉ាងណាដើម្បីឲ្យព្រះសង្ឃភិក្ខុសាមណេរពុទ្ធសាសនាខ្មែរ ឲ្យឋិតនៅក្នុងអព្យាក្រឹតភាព ដើម្បីឲ្យព្រះសង្ឃបំពេញកាតព្វកិច្ចជាស្រែបុណ្យ…ជៀសវាងនូវការចូលរួមសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយ និងការចូលរួមបោះឆ្នោតគាំទ្រគណបក្សនយោបាយជាដើម…ហើយព្រះរាជសង្ឃកថានេះត្រូវបានសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចេញសង្ឃប្រកាសគាំទ្រ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដោយមានការឯកភាពពីឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាផង ។ ពោលគឺមិនត្រឹមតែព្រះសង្ឃអង្គនានាទេ សូម្បីតែអង្គឯងក៏សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈបិណ្ឌបាតបិទសិទ្ធិ មិនឲ្យចូលរួមការបោះឆ្នោតដែរ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានសម្តែងនូវការភ្ញាក់ផ្អើលទៅនឹងព្រះរាជសង្ឃកថារបស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងសង្ឃប្រកាសរបស់សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលសូមបិណ្ឌបាតមិនឲ្យមានវត្តមានព្រះសង្ឃចូលរួមបោះឆ្នោតគាំទ្រគណបក្សនយោបាយនាពេលនេះ ខណៈគ្រប់ការបោះឆ្នោតជាតិចំនួន៥អាណត្តិកន្លងមក សុទ្ធតែមានវត្តមានព្រះសង្ឃចូលរួមការបោះឆ្នោតគាំទ្រគណបក្សនយោបាយដែលព្រះអង្គសព្វព្រះទ័យ ហើយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈក៏តែងបានយាងចូលរួមចាប់លេខរៀងគណបក្សនយោបាយចូលរួមការបោះឆ្នោតទៀតផង ។ ការសម្រេចព្រះទ័យបែបនេះ បានធ្វើឲ្យមជ្ឈដ្ឋានទូទៅផ្តោតអារម្មណ៍ថា ប្រាកដជាមានអាថ៌កំបាំងអ្វីឋិតនៅពីក្រោយសាច់រឿងនៃការសូមបិណ្ឌបាតរបស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ដែលបិទសិទ្ធិអង្គឯងចូលរួមការបោះឆ្នោតនោះហើយ ។
ក្រុមអ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា នារយៈពេលកន្លងមក ធ្លាប់មានមតិមិនចង់ឲ្យព្រះសង្ឃចូលរួមការបោះឆ្នោតដែរ តែត្រូវបានសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បដិសេធយ៉ាងដាច់អហង្កា ដោយសម្អាងថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មិនបានហាមឃាត់ព្រះសង្ឃចូលរួមការបោះឆ្នោតឡើយ ព្រះសង្ឃក៏ជាប្រជាពលរដ្ឋដែរ គឺមានសិទ្ធិបោះឆ្នោត(Sic!) ។ ប៉ុន្តែឥឡូវនេះ ដោយសារមានហេតុផលពីរគឺ ៖ ១-គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជានោះ បានដឹងខ្លួនឯងរួចជាស្រេចថា បច្ចុប្បន្នខ្លួនលែងសូវមានឥទ្ធិពលគ្របដណ្តប់ទៅលើព្រះសង្ឃណែនក្នុងដៃ ដើម្បីអូសទាញរកសំឡេងគាំទ្រទៀតហើយ ខណៈព្រះសង្ឃជាច្រើនអង្គបានប្តូរព្រះទ័យងាកមកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា និង២-ចលនារបស់ព្រះសង្ឃជាខ្មែរកម្ពុជាក្រោមបាននិមន្តមកចូលរួមក្នុងសកម្មភាពសង្គមយ៉ាងស្វាហាប់នៅប្រទេសកម្ពុជា ហើយភាគច្រើនបានផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ… នាំឲ្យគណបក្សប្រជាជនកម្ពុជាមានការព្រួយបារម្ភ ទើបរៀបចំឲ្យមានយន្តការហាមឃាត់វត្តមានព្រះសង្ឃក្នុងការចូលរួមបោះឆ្នោត តាមរយៈសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈតែម្តងទៅ ។ នេះគឺជាអាថ៌កំបាំងឋិតនៅពីក្រោយសាច់រឿងរបស់សម្តេចសង្ឃ ទេព វង្ស ដែលសូមបិណ្ឌបាតបិទសិទ្ធិអង្គឯងចូលរួមការបោះឆ្នោតយ៉ាងតក់ក្រហល់ ។
សម្តេចសង្ឃ ទេព វង្ស ធ្លាប់កាន់តំណែងជាអនុប្រធានរដ្ឋសភានាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជាគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ។ នាពេលកន្លងមក សម្តេចសង្ឃ ទេព វង្ស មានទីប្រឹក្សារបស់ព្រះអង្គសុទ្ធតែជានាយទាហាន និងនាយនគរបាលជាតិ ដូចជា នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ផ្កាយមាស៤ ឌុល គឿន ជាដើម ។ សម្តេចសង្ឃអង្គនេះត្រូវបានប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដាក់រហស្សនាមថា "សង្ឃ៧មករា" ហើយក៏ល្បីល្បាញខាងសរសេរអក្សរខ្មែរខុសឆ្គងអក្ខរាវិរុទ្ធយ៉ាងច្រើនលើសលប់ មិនស័ក្តិសមមានបរមងារជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតនោះទាល់តែសោះ ៕