ឈានចូលមកដល់ដើមឆ្នាំ២០១៥នេះ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាប្រធាន និងឯកឧត្តម ញឹក ប៊ុនឆៃ ទីប្រឹក្សារាជរដ្ឋាភិបាល ជាអគ្គលេខាធិការ បានសម្រេចយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងបច្ចុប្បន្នជាប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ឲ្យមកធ្វើជាប្រធានគណបក្សសាជាថ្មីឡើងវិញ តាមលិខិតលេខ០០១ហសប/១៥ ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ និងសំណើនេះក៏ត្រូវបានយល់ព្រមភ្លាមៗផងដែរពីសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ តាមរាជសារឆ្លើយតបចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចគ្រោងនឹងធ្វើសមាជនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ខាងមុខ ដើម្បីប្រកាសតែងតាំងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធានគណបក្ស ។
អស់ចំនួនច្រើនអាណត្តិមកហើយ គណបក្សហ្វ៊ុនស៊ិនប៉ិចបានក្លាយជាគណបក្សនយោបាយដៃគូក្នុងរាជរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជា(CPP) ឬអាចនិយាយបានថា ជាគណបក្សជួយជ្រោមជ្រែងអំណាចឲ្យគណបក្សប្រជាជនកម្ពុជាបានរីកធំធាត់ឡើងជាលំដាប់ ។ ជាអកុសល ដោយសារការឈ្លោះទាស់ទែង ហែកហួរដណ្តើមអំណាចគ្នា ធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលរងការបែកបាក់ សូម្បីសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ក៏ត្រូវខ្ទាតពីព្រះប្រធានគណបក្សដែរ ដែលជាលទ្ធផលចុងក្រោយ គណបក្សហ្វ៊ុនស៊ិនប៉ិចបានបាត់បង់អាសនៈអស់រលីងនៅក្នុងរដ្ឋសភាតែម្តង ។
ដោយអស់ក្រឡា ឬអស់ផ្លូវដើរដូចគ្នា ទាំងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ទាំងឯកឧត្តម ញឹក ប៊ុនឆៃ នោះ ទើបអ្នកនយោបាយទាំងនេះស្ម័គ្រចិត្តវិលមករួបរួមមូលជានាគ្នាវិញ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា"បើកភ្លើងខៀវ"ផង ដើម្បីឲ្យគណបក្សនយោបាយដៃគូនេះសាកល្បងស្តារប្រជាប្រិយភាពសាជាថ្មី តាមរយៈសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធាន ក្រែងអាចមានលទ្ធភាពបំបែកសន្លឹកឆ្នោតគណបក្សសង្គ្រោះជាតិ ក្នុងគោលដៅពង្រឹងអំណាចរបស់ខ្លួនតទៅទៀត ដោយយកគណបក្សហ្វ៊ុនស៊ិនប៉ិចធ្វើជាឧបករណ៍ ។
គេមិនដឹងថា តើសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលបច្ចុប្បន្នមិនសូវយាងចេញចូលរាជវាំង ក្នុងព្រះឋានៈជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អាចស្តារប្រជាប្រិយភាពគណបក្សហ្វ៊ុនស៊ិនប៉ិចដែលលិចលង់រួចហើយនោះឡើងវិញបានកម្រិតណានៅឡើយទេ ដើម្បីបន្តអាជីពនយោបាយរបស់ខ្លួនផង និងផ្គាប់ចិត្តគណបក្សប្រជាជនកម្ពុជាផង សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខ ? ៕