លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងជាមេធាវីមួយរូបផងនោះ (មេធាវីសុំមិនប្រកបវិជ្ជាជីវៈ) នៅចុងឆ្នាំ២០១៤នេះ បានទទួលរងនូវការប្តឹងផ្តល់ពីបុរសម្នាក់ឈ្មោះ សៅ ម៉ាលី រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានចោទប្រកាន់ថា មានចំណាត់ការលម្អៀង និងទទួលផលប្រយោជន៍ពីភាគីម្ខាងទៀត នៅក្នុងរឿងក្តីព្រហ្មទណ្ឌដែលប្តឹងគ្នាទៅវិញទៅមក ។
តាមពាក្យបណ្តឹងរបស់លោក សៅ ម៉ាលី ដែលបានដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយនោះ បានរៀបរាប់ថា ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបចំនួន២ គឺសំណុំរឿងព្រហ្មទណ្ឌលេខ៨៩៦ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤(មានឈ្មោះ ទេព ចំរើន ជាដើមបណ្តឹងរដ្ឋប្បវេណី ប្តឹងចោទប្រកាន់រូបលោក) និងសំណុំរឿងព្រហ្មទណ្ឌលេខ៨៩៧ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ (មានរូបលោកជាដើមបណ្តឹងរដ្ឋប្បវេណី ប្តឹងចោទប្រកាន់ទៅលើឈ្មោះ ទេព ចំរើន វិញ) ត្រូវបានលោកព្រះរាជអាជ្ញា កើត វណ្ណារ៉េត ដំណើរការនីតិវិធីកោះហៅរូបលោកឲ្យចូលខ្លួនឆ្លើយបំភ្លឺដោះបន្ទុក ក្រោមទម្ងន់នៃបណ្តឹងរបស់ឈ្មោះ ទេព ចំរើន រហូតដល់ទៅចំនួន២លើក រីឯពាក្យបណ្តឹងរបស់លោកដែលប្តឹងប្រឆាំងឈ្មោះ ទេព ចំរើន មិនទាន់មានដំណើរការទេ ។
ទោះយ៉ាងណាក៏ដោយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតផ្លូវការមួយច្បាប់ជម្រាបជូនលោកព្រះរាជអាជ្ញា កើត វណ្ណារ៉េត និងលោក សៅ ម៉ាលី ជាដើមបណ្តឹង ដោយស្នើឲ្យបន្តដោះស្រាយតាមផ្លូវតុលាការតទៅទៀត និងស្នើឲ្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាបប្រកាន់ខ្ជាប់ខ្ជួនអំពីភាពមិនលម្អៀង និងបម្រើប្រជាជនដោយគ្មានលក្ខខណ្ឌ ព្រមទាំងយកចិត្តទុកដាក់បានស្មើៗគ្នាដល់គ្រប់ភាគីក្នុងជម្លោះ ដ្បិតអង្គភាពប្រឆាំងអំពើពុករលួយយល់ឃើញថា ពាក្យបណ្តឹងរបស់លោក សៅ ម៉ាលី បង្ហាញអំពីនីតិវិធីតុលាការ ជាងការបង្ហាញអំពីតម្រុយនៃអំពើពុករលួយ ។
លោក កើត វណ្ណារ៉េត អាយុ៤៣ឆ្នាំ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមួយរូប មានអត្តលេខ១៦១ ដែលបច្ចុប្បន្នជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ បន្ទាប់ពីបានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧រួចមក ។ ក្រោយមក លោកមេធាវី កើត វណ្ណារ៉េត បានក្លាយជាសិស្សចៅក្រមជំនាន់ទី១នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។
នៅឆ្នាំ២០០៩ លោកព្រះរាជអាជ្ញារង កើត វណ្ណារ៉េត ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៦ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ និងតមកទៀត ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាបទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ៕