យោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ របស់គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ លើករណីលោកស្រី ឡាក់ សុភាព សមាជិកាគណៈកម្មាធិការនាយកគណបក្ស និងជាជំនួយការឯកឧត្តម កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះ គណៈកម្មាធិការវិន័យដែលមានឯកឧត្តម អ៊ូ ច័ន្ទឫទ្ធិ ជាប្រធាន បានសម្រេចបញ្ចប់សមាជិកភាពលោកស្រី ឡាក់ សុភាព ពីគណបក្សសង្គ្រោះជាតិ ដោយសេចក្តីសម្រេចលេខ០០២៥គសជ.វន ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាមីខ្លួន(លោកស្រី ឡាក់ សុភាព) និងមជ្ឈដ្ឋានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នាវែកញែកព្រោងព្រាត រហូតដល់ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលត្រូវជាកូនប្រសារបស់ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភានីតិកាលទី៥(គណៈកម្មការទី២) ហៅការសម្រេចរបស់គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិដូច្នេះ ជាការមិនគោរពច្បាប់ សូម្បីតែក្របខ័ណ្ឌច្បាប់គណបក្សរបស់ខ្លួន ។
ឯកឧត្តម គឹម សន្តិភាព បានហៅការសម្រេចបញ្ចប់សមាជិកភាពលោកស្រី ឡាក់ សុភាព ពីគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិនោះ គឺជាការសម្រេចផ្ទុយទាំងស្រុងទៅនឹងលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ត្រង់ប្រការ១៧ និងប្រការ៣១ ។ លើសពីនេះ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់នៅក្នុង Timeline ផ្ទាល់ខ្លួននៃបណ្តាញព័ត៌មានសង្គម Facebook នាថ្ងៃម្សិលមិញដែរថា ការសម្រេចរបស់គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិដូច្នេះ គឺជាការបង្ហាញយ៉ាងច្បាស់ដល់សាធារណជនអំពីភាពក្មេងខ្ចីរបស់គណបក្សសង្គ្រោះជាតិ និងការមិនអនុវត្តន៍តាមច្បាប់ សូម្បីតែលក្ខន្តិកៈគណបក្សខ្លួនមិនអនុវត្តន៍ផង ។
ដោយឡែក សាមីខ្លួនគឺលោកស្រី ឡាក់ សុភាព បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃម្សិលមិញ និងថ្ងៃបន្តបន្ទាប់ដែរថា ការបណ្តេញលោកស្រីចេញពីគណបក្សសង្គ្រោះជាតិ ជាការប្រើលទ្ធិផ្តាច់ការ និងអយុត្តិធម៌ ហើយលោកស្រីនឹងមិនដើរចេញពីគណបក្សសង្គ្រោះជាតិទេ ពីព្រោះគណបក្សសង្គ្រោះជាតិមិនមែនជាកម្មសិទ្ធិរបស់បុគ្គល ឬក្រុមណាមួយឡើយ ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ការសម្រេចរបស់គណៈកម្មាធិការវិន័យគណបក្ស ដែលមានឯកឧត្តម អ៊ូ ច័ន្ទឫទ្ធិ ជាប្រធាន និងកំពុងកាន់តំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ព្រមទាំងជាអនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភានីតិកាលទី៥(គណៈកម្មការទី៦)ផង ប្រាកដជាមានមូលដ្ឋានគតិយុត្តច្បាស់លាស់ មិនមែនចេះតែសម្រេចរំលោភបំពានទៅលើលក្ខន្តិកៈរបស់គណបក្សនោះទេ ។
មជ្ឈដ្ឋានតាមដាន និងវិភាគនយោបាយនៅកម្ពុជា បានលើកឡើងថា ការវែកញែក និងវិភាគរបស់ឯកឧត្តម គឹម សន្តិភាព ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ទៅលើការសម្រេចខាងវិន័យផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ អាចបង្ហាញឲ្យឃើញពីការលូកលាន់ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយដទៃ ។ ដូច្នេះ គប្បីទុកសិទ្ធិឲ្យសាមីខ្លួនដែលអះអាងថាជាជនរងគ្រោះនោះប្រើប្រាស់សិទ្ធិទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់វិញ ទើបប្រសើរជាង ប្រសិនបើការសម្រេចរបស់គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិពិតជាផ្តល់នូវភាពអយុត្តិធម៌ដល់សាមីខ្លួនមែននោះ ៕