ឈានមកដល់វេលាល្ងាចនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រៅពីបំណែកទ្វារយន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ី Air Asia មានជើងហោះហើរ QZ8501 ដែលបាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ត្រូវបានរកឃើញនោះ ក្រុមអ្នករុករកបានប្រទះឃើញសាកសពមនុស្សជាង៤០នាក់អណ្តែតនៅលើផ្ទៃទឹកសមុទ្រក្បែរទីតាំងបំណែកបាក់បែករបស់យន្តហោះ ហើយព័ត៌មាននេះបានធ្វើឲ្យក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះជាអ្នកដំណើរក្នុងយន្តហោះនាំគ្នាយំទួញសោកក្តុកក្តួលពេញអាកាសយានដ្ឋាន Juanda ក្នុងទីក្រុង Surabaya ។
ក្រុមអ្នកជួយសង្គ្រោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Jakarta Post ឲ្យដឹងថា ពួកគេបានមើលឃើញមនុស្សជាច្រើនអណ្តែតលើទឹកសមុទ្រ ហើយបានបោយដៃសុំការជួយសង្គ្រោះ ប៉ុន្តែជាអកុសល ពេលក្រុមជួយសង្គ្រោះទៅដល់ មនុស្សទាំងនោះក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតអស់ទៅហើយ ខណៈសាកសពមួយចំនួនមានសភាពហើម និងមួយចំនួនទៀតមានសភាពធម្មតា គ្មានរបួសស្នាមអ្វីទេ ជាហេតុធ្វើឲ្យក្រុមជួយសង្គ្រោះអះអាងថា ប្រសិនបើរកឃើញមុននេះតែប៉ុន្មានម៉ោង គឺនឹងអាចជួយសង្គ្រោះមនុស្សទាំងនោះឲ្យរស់រានមានជីវិតបានយ៉ាងច្រើន ។ រីឯក្រុមអ្នកមុជទឹកដែលមានចំនួនជាង១០នាក់នោះ បាននិងកំពុងព្យាយាមមុជចូលទៅក្នុងបាតសមុទ្រ ដើម្បីស្វែងរកយន្តហោះដែលធ្លាក់នៅម្តុំប្រទះឃើញសាកសព ។
សូមរំលឹកជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320-200 របស់ក្រុមហ៊ុន Air Asia នៃប្រទេសឥណ្ឌូនេស៊ី មានជើងហោះហើរ QZ8501 ផ្ទុកមនុស្សក្នុងយន្តហោះសរុបចំនួន១៦២នាក់ បានបាត់ខ្លួនចេញផុតពីប្រព័ន្ធរ៉ាដា បន្ទាប់ពីបានចេញដំណើរពីអាកាសយានដ្ឋាន Juanda ទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី នៅវេលារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចលើផ្ទៃសមុទ្រ Java ៕