ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មានលោកមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈម្នាក់ ជំពាក់លុយកូនក្តីរយៈពេលជាង២ឆ្នាំ តែគេចវេះមិនព្រមសង ជាហេតុធ្វើឲ្យម្ចាស់បំណុលជាកូនក្តីរបស់ខ្លួនសម្រេចចិត្តដាក់ពាក្យបណ្តឹងមកតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ដោយប្តឹងទាមទារប្រាក់នៅជំពាក់ចំនួន១.០០០ដុល្លារអាមេរិក និងទាមទារជំងឺចិត្តស្មើនឹងទឹកប្រាក់ចំនួន២លានរៀល ។
មេធាវីដែលក្លាយជាកូនបំណុលរបស់កូនក្តីខ្លួន និងត្រូវបានម្ចាស់បំណុលប្តឹងទាមទារប្រាក់ជំពាក់មកតុលាការសាលាដំបូងរាជធានីភ្នំពេញនោះ មានឈ្មោះ ធួក យូរ ភេទប្រុស អាយុ៤៣ឆ្នាំ ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ត.ស.ព ភេទស្រី អាយុ៤២ឆ្នាំ បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ដោយសារមានទំនាក់ទំនងស្គាល់គ្នាក្នុងរឿងក្តីកន្លងមក លោកមេធាវី ធួក យូរ បានធ្វើកិច្ចសន្យាខ្ចីប្រាក់ខ្លួនចំនួន២.០០០ដុល្លារអាមេរិក និងបានសន្យាថា នឹងសងប្រាក់វិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ។ ជាក់ស្តែងអស់រយៈពេលជាង២ឆ្នាំកន្លងផុតទៅ លោកមេធាវី ធួក យូរ ចេះតែព្យាយាមគេចវេះមិនព្រមសងប្រាក់ឲ្យមកខ្លួនវិញទេ ទើបកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ឈ្មោះ ធួក យូរ បានសងប្រាក់ចំនួន១.០០០ដុល្លារអាមេរិកមកឲ្យខ្លួន ពោលគឺនៅខ្វះប្រាក់ជំពាក់ចំនួន១.០០០ដុល្លារអាមេរិកទៀត ។
លោក ធួក យូរ អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ ដោយមានអត្តលេខ៤៩៣ ៕