តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ នាយនគរបាលជាតិនៃក្រសួងមហាផ្ទៃ អត្តលេខ០៧៧១ បច្ចុប្បន្នកាន់មុខតំណែងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងដែលគេស្គាល់ថាជាសត្រូវស្លាប់រស់របស់លោក ហេង ពៅ នាយនគរបាលជាតិ អត្តលេខ០៣៤០ ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនោះ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែងថ្មីជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយអនុក្រឹត្យលេខ១៧១៧អនក្រ.តត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ខណៈនាយនគរបាលជាតិចំនួន២រូបទៀតក៏ត្រូវបានតែងតាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ គឺលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អត្តលេខ០២៣០៥ បច្ចុប្បន្នជាប្រធាននាយដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អត្តលេខ០៥០៧ បន្ថែមលើមុខងារបច្ចុប្បន្នជាប្រធាននាយកដ្ឋានអង្គរក្ស ។
មជ្ឈដ្ឋានមន្ត្រីនគរបាលជាតិ និងមជ្ឈដ្ឋានក្រៅកងកម្លាំងសមត្ថកិច្ច បានកត់សម្គាល់ឃើញថា លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ដែលលោក ហេង ពៅ អះអាងថា តែងបានសមគំនិតជាមួយក្រុមចោរនោះ បានក្លាយជាសត្រូវស្លាប់រស់នឹងគ្នា និងក្រោយពីលោក ហេង ពៅ អាយុ៥៧ឆ្នាំ មានរាសីធ្លាក់ចុះ ទទួលរងសម្ពាធនៃបណ្តឹងព្រហ្មទណ្ឌនៅតុលាការជាង១០ករណី និងកំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃសតាំងពីឆ្នាំ២០០៦មក លោក ម៉ក់ ជីតូ បែរជាមានរាសីឡើងខ្ពស់ត្រដែត រហូតទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) និងធ្លាប់ទទូលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាអាណត្តិទី៤ទៀតផង ។
លោក ហេង ពៅ នាយនគរបាលជាតិ អត្តលេខ០៣៤០ ធ្លាប់មានអំណាចខ្លាំងកាលនៅពាក់ផ្កាយ២(ឧត្តមសេនីយ៍ទោ) អតីតជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអតីតជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ ។ លោក ហេង ពៅ ក៏ធ្លាប់ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរនៅមុនពេលជាប់ពន្ធនាគារ ។ ក្រោយពេលមានរឿងចោទប្រកាន់ជាច្រើនករណីរួចមក លោក ហេង ពៅ ត្រូវបានបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងពីទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី(ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៦/៣២១ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៦) ព្រមទាំងត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)ចេញថែមទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៦/៥០៦ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៦ ។ បច្ចុប្បន្ន លោក ហេង ពៅ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារនោះ កំពុងស្វះស្វែងរកពន្លឺយុត្តិធម៌សម្រាប់ខ្លួននៅក្នុងរឿងចោទប្រកាន់មួយចំនួន ដែលលោកអះអាងថា មិនពិត និងអយុត្តិធម៌ ៕