បុរសជនជាតិយួនជាជនជាប់ចោទចំនួន៤នាក់ រួមមាន ៖ ១-ឈ្មោះ ង្វៀង ខ្វាងហ៊ូ អាយុ៣៦ឆ្នាំ មានទីលំនៅក្រុងហូជីមិញ, ២-ឈ្មោះ ង្វៀង ខ្វិកគឿង អាយុ៣៣ឆ្នាំ មានទីលំនៅក្រុងហាណូយ និងមានមុខរបរជាប្រធានក្រុមហ៊ុននាំចូលបរិក្ខារពេទ្យ, ៣-ឈ្មោះ ង្វៀង ង៉ុកហ្វឿង អាយុ២៧ឆ្នាំ មានទីលំនៅក្រុងហាណូយ និងមានមុខរបរជាអនុប្រធានក្រុមហ៊ុន CIC និង៤-ឈ្មោះ តឹង ថៃតាំ ហៅ ឈិន សុខរី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានមុខរបរជាបុគ្គលិកកាស៊ីណូ ដែលត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចោទប្រកាន់ពីបទចាប់ឃុំឃាំងបង្ខាំងដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ និងពីបទសមគំនិត ប្រព្រឹត្តនៅភូមិត្រពាំងផ្លុង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ តាមមាត្រា២៩ និងមាត្រា២៥៤ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននោះ ត្រូវបានលោកចៅក្រម អ៊ុំ ចាន់ថុល អនុប្រធានសាលាដំបូងខេត្ត និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បើកសវនាការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ខណៈភាគីជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណី២នាក់ប្តីប្រពន្ធឈ្មោះ អ៊ឹង វាសនា អាយុ៣៨ឆ្នាំ ជាប្តី និងឈ្មោះ យិន ចាន់ណា អាយុ២៦ឆ្នាំ ជាប្រពន្ធ រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប សម្តែងនូវការក្តៅក្រហាយយ៉ាងខ្លាំង និងបានចោទប្រកាន់ថា ជាសាលក្រមមានភាពមិនប្រក្រតី កាត់ក្តីប្រកបដោយអំពើអគតិ ។
គួររំលឹកជូនថា យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម របស់ភាគីជនរងគ្រោះជាប្តីប្រពន្ធឈ្មោះ អ៊ឹង វាសនា និងឈ្មោះ យិន ចាន់ណា ដែលរៀបរាប់ថា មានជនជាតិយួនចំនួន៧នាក់បានប្រើល្បិចទំនាក់ទំនងរឿងជំនួញឈើឲ្យជនរងគ្រោះទៅជួប លុះដល់ពេលទៅជួបពួកជនជាតិយួនទាំងនោះ បែរជាពួកគេចាប់បង្ខាំងជាចំណាប់ខ្មាំងជំរិតទារប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក និងធ្វើទារុណកម្មឲ្យបុរសជាប្តីសន្លប់ច្រើនដង និងស្ត្រីជាប្រពន្ធទទួលរងការរលូតកូនក្នុងផ្ទៃទៅវិញ ចាប់តាំងពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ពីនៅបន្ទប់ផ្ទះសំណាក់ចន្ទពេញវង់ ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់បន្ទប់កាស៊ីណូ Diamond Star ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្រោយមក សមត្ថកិច្ចនគរបាលខេត្តកំពង់ចាមបានចុះបង្ក្រាបចាប់ខ្លួនជនជាតិយួនបានចំនួន៥នាក់ និងបានរំដោះចំណាប់ខ្មាំងជាជនរងគ្រោះនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ដោយបានបញ្ជូនខ្លួនជនសង្ស័យ និងសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់ ប៉ុន្តែបែរជាត្រូវបានលោកចៅក្រម អ៊ុំ ចាន់ថុល ជាអនុប្រធានសាលាដំបូងខេត្ត និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចដោះលែងឲ្យជនជាតិយួនជាជនជាប់ចោទទាំង៤នាក់បានរួចខ្លួន មានសេរីភាពយ៉ាងរំភើយ ។
លោក អ៊ឹង វាសនា ជាភាគីជនរងគ្រោះ បានប្រាប់បណ្តាញសារព័ត៌មានថា គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ លោកមិនទាន់ទទួលបានសម្រង់សាលក្រមព្រហ្មទណ្ឌដែលកាត់ក្តីដោយលោកចៅក្រម អ៊ុំ ចាន់ថុល ពីសាលាដំបូងខេត្តកំពង់ចាមនៅឡើយទេ ប៉ុន្តែលោកនឹងគ្រោងប្តឹងលោកចៅក្រម អ៊ុំ ចាន់ថុល ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដោយសារការកាត់ក្តីរបស់លោកចៅក្រមរូបនេះលុះក្នុងអំពើអគតិសុទ្ធសាធ ។
លោក អ៊ុំ ចាន់ថុល អាយុ៤១ឆ្នាំ ជាសិស្សចៅក្រមជំនាន់ទី១នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលត្រូវបានតែងតាំងជាចៅក្រមកម្មសិក្សា បម្រើការងារនៅសាលាដំបូងខេត្តបាត់ដំបង ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមបម្រើការងារនៅសាលាដំបូងខេត្តបាត់ដំបង ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។ ក្រោយមក លោកចៅក្រម អ៊ុំ ចាន់ថុល ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាអនុប្រធានសាលាដំបូងខេត្តកំពង់ចាមរហូតទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៥ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ៕