ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ឥណ្ឌា​គ្រោង​ទិញ​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ពី​អា​មេ​រិ​ក​ក្នុង​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​

​សារព័ត៌មាន​ Hindu​ របស់​ឥណ្ឌា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ ឥណ្ឌា​បាន​ពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក​លើ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​យាមល្បាត​ ស៊ើបអង្កេត​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​គ្មាន​មនុស្ស​បើក​ សម្រាប់​បំពាក់​ឲ្យ​កងកម្លាំង​ទាហានជើងទឹក​ ក្នុង​ការ​តាមដាន​ការពារ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Barack​ Obama​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នា​ដើមឆ្នាំ​២០១៥​ខាង​មុខ​ ។​

​ថ្វី​ដ្បិត​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​អំពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ក៏​ដោយ​ ក៏​តាម​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ បាន​បញ្ជាក់​ថា​ ឥណ្ឌា​អាច​នឹង​ទិញ​យន្តហោះ​យាមល្បាត​ស៊ើបអង្កេត​គ្មាន​មនុស្ស​បើក​ប្រភេទ​ RQ-4​ Global​ Hawk​ ផលិត​ដោយ​ក្រុមហ៊ុន​ Northrop​ Grumman​ របស់​អា​មេ​រិ​ក​ យ៉ាងតិច​ពី​ចំនួន​៦​គ្រឿង​ទៅ​៨​គ្រឿង​ សម្រាប់​បម្រើ​ឲ្យ​ការ​តាមដាន​រាល់​សកម្មភាព​នានា​នៃ​តាម​តំបន់​សមុទ្រ​ដែល​មាន​វិសាលភាព​ដ៏​ធំ​ទូលាយ​ ។​

​ក្រៅពី​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​ RQ-4​ Global​ Hawk​ នោះ​ ឥណ្ឌា​ក៏​មាន​គម្រោង​ចុះ​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​វាយលុក​ចំនួន​២២​គ្រឿង​ ប្រភេទ​ Apache​ និង​ឧទ្ទ​ម្ភា​គ​ចក្រ​ដឹក​ជញ្ជូន​ប្រភេទ​ Chinook​ ចំនួន​១៥​គ្រឿង​ទៀត​ ក្នុង​តម្លៃ​២,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ដូច្នេះ​ គម្រោង​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ និង​ឧទ្ធម្ភាគចក្រ​របស់​ឥណ្ឌា​ពី​សហរដ្ឋអាមេរិក​ នឹង​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​ RQ-4​ Global​ Hawk​ ត្រូវ​បាន​សហរដ្ឋអាមេរិក​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ទំនើប​ឡើង​ ដែល​អាច​ហោះហើរ​រហូត​ដល់​ទៅ​២៤​ម៉ោង​ ក្នុង​រយៈកម្ពស់​១៨​គីឡូម៉ែត្រ​ ។​ យន្តហោះ​ប្រភេទ​នេះ​មាន​តម្លៃ​ចាប់ពី​ជាង​១៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ហើយ​ធ្លាប់​ត្រូវ​បាន​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​យក​មក​ប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​អ៊ី​រ៉ា​ក់​នា​ពេល​កន្លង​មក​ ខណៈ​ប្រទេស​ជប៉ុន​ និង​អូស្ត្រាលី​ក៏​មាន​គម្រោង​ទិញ​យន្តហោះ​ប្រភេទ​នេះ​យក​មក​ប្រើប្រាស់​ផង​ដែរ​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.