កាលពីពេលថ្មីៗនេះ សភាសហរដ្ឋអាមេរិកបានអនុម័តផ្តល់សិទ្ធិអំណាចដល់លោកប្រធានាធិបតី Barack Obama ដើម្បីផ្ទេរលក់នាវាចម្បាំងខ្នាតតូចបំពាក់ដោយកាំជ្រួចមីស៊ីលចំនួន៤គ្រឿង ទៅឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ កោះតៃវ៉ាន់ ហើយគម្រោងលក់នាវាចម្បាំងនេះ ត្រូវបានលោក Barack Obama ចុះហត្ថលេខារួចហើយនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ។
លោក Qin Gang អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការរិះគន់ទៅលើកិច្ចព្រមព្រៀងលក់នាវាចម្បាំងរវាងអាមេរិកនិងកោះតៃវ៉ាន់នោះ ដោយអះអាងថា "ប្រទេសចិនមិនពេញចិត្តទាល់តែសោះចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។ យើងប្រឆាំងដាច់ខាតចំពោះការលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់" ។ លើសពីនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ថា នឹងដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការប្រឆាំងនឹងសហរដ្ឋអាមេរិក លើករណីលក់នាវាចម្បាំងទៅឲ្យតៃវ៉ាន់ និងបានអំពាវនាវឲ្យអាមេរិកបញ្ឈប់ការលក់អាវុធទៅឲ្យតៃវ៉ាន់ ដោយសារក្រុងប៉េកាំងហៅតៃវ៉ាន់ថា ជាទីតាំងកោះបះបោរមួយ ៕