ឈ្មួញអ្នកម៉ៅការប្រមូលចំណូលពីភ្ញៀវទេសចរចូលទស្សនាប្រាសាទសំបូរព្រៃគុក ដែលជាប្រាង្គប្រាសាទចំណាស់ជាងប្រាសាទអង្គរវត្ត ឋិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(ចម្ងាយប្រមាណ៣៧គីឡូម៉ែត្រពីក្រុងកំពង់ធំ) បានចំណេញកប់ក្តោង ដោយសារតួលេខមួយសឹងមិនគួរឲ្យជឿ គឺឈ្មួញជាអ្នកម៉ៅការនោះបង់ចំណូលត្រឹមតែ៦លានរៀលក្នុង១ឆ្នាំប៉ុណ្ណោះឲ្យទៅសាលាខេត្តកំពង់ធំ ជាភាគីហត្ថលេខីលើកិច្ចសន្យាជាមួយអ្នកម៉ៅការ ដ្បិតមានបង្កប់ទៅដោយអំពើពុករលួយ ខណៈមន្ត្រីជំនាញបានវាយតម្លៃថា ចំណូលបានមកពីភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទសំបូរព្រៃគុកយ៉ាងហោចណាស់ក៏មានចំនួនប្រមាណ១០ម៉ឺនដុល្លារអាមេរិកដែរក្នុង១ឆ្នាំៗ ។
ប្រភពព័ត៌មានពីសាលាខេត្តកំពង់ធំ បានបង្ហើបប្រាប់ឲ្យដឹងថា ឯកឧត្តម ឈុន ឈន់ អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ធ្លាប់បានប្រគល់សិទ្ធិឲ្យលោក តាន់ ម៉េងឆិះ ធ្វើជាឈ្មួញម៉ៅការប្រមូលចំណូលពីភ្ញៀវទេសចរចូលទស្សនាប្រាសាទសំបូរព្រៃគុកចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ ដោយបង់ចំណូលចំនួន៦លានរៀលក្នុង១ឆ្នាំចូលសាលាខេត្តកំពង់ធំ ។ តមកទៀត សាលាខេត្តកំពង់ធំបានប្រគល់កិច្ចសន្យាឲ្យឈ្មួញឈ្មោះតាន់ ម៉េងឆិះ ធ្វើជាអ្នកម៉ៅការប្រមូលចំណូលពីប្រាសាទសំបូរព្រៃគុកបន្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយតម្រូវឲ្យបង់ប្រាក់ចំណូលចំនួន៨លានរៀលក្នុង១ឆ្នាំ ។
មជ្ឈដ្ឋានអ្នកជំនាញខាងសេដ្ឋកិច្ចបានលើកឡើងថា ប្រាសាទសំបូរព្រៃគុកទាំងមូលអាចរកប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសបានចំនួនយ៉ាងតិចប្រមាណ១០ម៉ឺនដុល្លារអាមេរិកដែរក្នុង១ឆ្នាំៗ ដូច្នេះ កិច្ចសន្យារបស់សាលាខេត្តកំពង់ធំដែលប្រគល់សិទ្ធិឲ្យឈ្មួញឈ្មោះ តាន់ ម៉េងឆិះ ធ្វើជាអ្នកម៉ៅការប្រមូលចំណូលពីប្រាសាទសំបូរព្រៃគុកដោយបង់ចំណូលចូលថវិការដ្ឋត្រឹមពី៦លានរៀលទៅ៨លានរៀលក្នុង១ឆ្នាំដល់ឆ្នាំ២០២១នោះ គឺមានកម្រិតមហាសែនទាបសឹងត្រឹមអ្នកម៉ៅការកាប់កូនឈើជុំវិញផ្ទៃដីប្រាង្គប្រាសាទប្រមាណ៥-៦គីឡូម៉ែត្រយកមកធ្វើអុសលក់ក៏រួចខ្លួន និងចំណេញដែរ ជាហេតុធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះតែកិច្ចសន្យាមានបង្កប់ដោយអំពើពុករលួយ ។
ក្រុមមន្ត្រីជំនាញបានសំណូមពរឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំទើបឡើងកាន់តំណែងថ្មី មេត្តាធ្វើការសើរើកិច្ចសន្យាស្តីពីការប្រមូលចំណូលពីភ្ញៀវទេសចរចូលទស្សនាប្រាសាទសំបូរព្រៃគុកនោះឡើងវិញ ដើម្បីបង្កើនចំណូលចូលថវិការដ្ឋផង និងលុបបំបាត់អំពើពុករលួយផង ។
សូមបញ្ជាក់ជូនថា នៅដើមឆ្នាំ២០១៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងស្នើឲ្យមានការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕