ក្រោយពីមានទំនាក់ទំនងមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នារួចមក នៅទីបំផុតឯកឧត្តម រៀល ខេមរិន្ទ្រ អាយុ៥៧ឆ្នាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិបានភ្ជាប់ពាក្យជាមួយសកម្មជនលេចធ្លោក្នុងរឿងតវ៉ាដីធ្លីនៅតំបន់បឹងកក់ ដែលជាអ្នកមេម៉ាយកូនមួយទើបលែងលះប្តីថ្មីៗកន្លងទៅនេះ គឺអ្នកស្រី យ៉ោម បុប្ផា ។
ពិធីភ្ជាប់ពាក្យរវាងអ្នកស្រី យ៉ោម បុប្ផា និងឯកឧត្តម រៀល ខេមរិន្ទ្រ បានប្រារព្ធធ្វើឡើងនៅវេលាព្រឹកនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ នៅលំនៅឋានរបស់អ្នកស្រី យ៉ោម បុប្ផា ផ្ទាល់ ក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ។
អ្នកស្រី យ៉ោម បុប្ផា ដែលអនាគតនឹងក្លាយជាជំទាវ ធ្លាប់ត្រូវបានអាជ្ញាធរ និងតុលាការចាប់ខ្លួនយកទៅឃុំឃាំងនៅពន្ធនាគារក្នុងរឿងតវ៉ាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់។ បន្ទាប់សកម្មជនដីធ្លីតំបន់បឹងកក់រូបនេះបានចេញពីពន្ធនាគារវិញ អ្នកស្រី យ៉ោម បុប្ផា ក៏បានលែងលះជាមួយប្តីរបស់អ្នកស្រីផងដែរ ដោយឋិតក្នុងសភាពជាស្ត្រីមេម៉ាយកូន១ ហើយក៏បានភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនាជាមួយឯកឧត្តម រៀល ខេមរិន្ទ ជាធនធានមនុស្សមកពីបរទេស និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងមកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយមួយជួយជ្រោមជ្រែងយ៉ាងខ្លាំងក្នុងការចូលរួមចំណែកដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងកក់ជូនប្រជាពលរដ្ឋ៕