ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

រឿង​ក្តី​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ៖​ ជា​មេខ្លោង​ឃាតក​ត្រូវ​តែ​បង្ក្រាប​ ឬ​ជា​ឈ្មួញ​យួន​ដែល​ត្រូវ​កាច់ធ្មុង​ ?

​អស់ពី​រន្ធត់​តក់ស្លុត​ក្នុង​ចិត្ត​ ដោយ​បានឮ​ព័ត៌មាន​និង​បានឃើញ​រូបភាព​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ត្រូវ​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ដូច​គេ​បាញ់​សត្វ​ធាតុ​រួច​មក​ រយៈពេល​១១​ថ្ងៃក្រោយ​ ស្រាប់តែ​មានរឿង​ភ្ញាក់ផ្អើល​ក្នុង​ចិត្ត​សឹង​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ​មួយទៀត​ គឺ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ និង​កំណត់​មុខសញ្ញា​ថា​ លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នាយក​ក្រុមហ៊ុន​ Meanchey​ International​ Investment​ និង​បុរី​៩៩៩​ដ៏​ល្បីល្បាញ​ ជា​មេខ្លោង​ឃាតក​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដោយ​អង្គរក្ស​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​ឃាតក​ដៃដល់​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​ថ្នូរ​នឹង​ការ​សន្យា​ផ្តល់​ផ្ទះ​១​ល្វែង​ម្នាក់​ទៅ​វិញ​ ខណៈ​បច្ចុប្បន្ន​ឪពុក​ម្តាយ​ និង​ក្រុម​អង្គរក្ស​ផ្ទាល់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ចំនួន​៤​នាក់​កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ព្រម​ជាមួយនឹង​ឧត្តមសេនីយ៍​ឧកញ៉ា​វ័យក្មេង​ ថោ​ង​ សា​រ៉ាត់​ ដែល​រត់គេច​សំងំ​ពួន​លាក់ខ្លួន​ទទួល​រង​ការ​ស្វែងរក​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​សាធារណៈ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​

​ថ្វី​ដ្បិត​មាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​ឃាតកម្ម​ដ៏​រសើប​នេះ​ និង​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​យ៉ាងច្រើន​ បាន​សម្តែង​នូវ​អារម្មណ៍​មន្ទិល​សង្ស័យ​ និង​មិន​ទាន់​ជឿជាក់​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​មេខ្លោង​ឃាតក​បាញ់​សម្លាប់​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ក៏​ដោយ​ ក៏​ស្ថានភាព​ជាក់ស្តែង​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ និង​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​សព្វ​ថ្ងៃនេះ​ បាន​និង​កំពុង​ប្រឈម​យ៉ាង​ខ្លាំង​ ទាំង​កិត្តិយស​ ទាំង​អំណាច​ ទាំង​ទ្រព្យសម្បត្តិ​ដែល​ធ្លាប់​មាន​ រង​នូវ​ការ​ស្រុត​ចុះ​បាត់បង់​ជា​បន្តបន្ទាប់​ ហើយ​បើ​ជួប​ហេតុការណ៍​អកុសល​ជាង​នេះ​ទៀត​នោះ​ នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​យក​មក​ផ្តន្ទាទោស​ដាក់គុក​អស់​មួយ​ជីវិត​ផង​ ។​ ដូច្នេះ​ មាន​សំណួរ​ដែល​ត្រូវ​ចោទសួរ​ថា​ រឿង​ក្តី​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ តើ​ជា​មេខ្លោង​ឃាតក​ពិតប្រាកដ​ត្រូវ​តែ​បង្ក្រាប​ ឬ​ក៏​ជា​ឈ្មួញ​យួន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​ត្រូវ​កាច់ធ្មុង​ ?

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​ឃាតកម្ម​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​នោះ​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ថ្លើមធំ​ហ៊ាន​បញ្ជា​ ឬ​ផ្តើមគំនិត​រៀប​គម្រោងការ​ឲ្យ​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​ខ្លួន​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដូច​សមត្ថកិច្ច​ប៉ូលិស​កំណត់​មុខសញ្ញា​ប្រាកដ​មែន​ ព្រោះតែ​រឿង​គំនុំ​ ឬ​រឿង​ទំនាស់​ផលប្រយោជន៍​ធ្ងន់ធ្ងរ​អ្វីមួយ​ គឺ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ពាក់​ផ្កាយ​២(​ឧត្តមសេនីយ៍ទោ​)​ផង​នោះ​ ត្រូវ​តែ​ទទួល​រង​នូវ​ការ​បង្ក្រាប​ និង​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ដាក់គុក​អស់​មួយ​ជីវិត​ឲ្យ​ខាង​តែ​បាន​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ ។​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​មិន​ពិតប្រាកដ​ ហេតុ​អ្វី​មុខសញ្ញា​ចោទ​ថា​ ជា​មេខ្លោង​ឃាតក​ និង​ឃាតក​ដៃដល់​បែរជា​ធ្លាក់​មក​លើ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​អង្គរក្ស​ផ្ទាល់​របស់​ឧកញ៉ា​រូប​នេះ​ ខណៈ​សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​មន្ត្រី​ប៉ូលិស​ម្នាក់​ជា​កូនចៅ​លោក​ឧត្តមសេនីយ៍​ ជួន​ ណា​រិ​ន​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ យក​មក​សាកសួរ​តាម​ការ​សង្ស័យ​របស់​មជ្ឈដ្ឋាន​ដ៏​ច្រើន​ ព្រមទាំង​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ក៏​បាន​អះអាង​ដែរ​ថា​ អង្គរក្ស​របស់​ខ្លួន​ឈ្មោះ​ សៀង​ វាសនា​ ដែល​សមត្ថកិច្ច​ចោទប្រកាន់​ថា​ ជា​ឃាតក​ដៃដល់​នោះ​ជា​អ្នក​ប្រើប្រាស់​ដៃ​ឆ្វេង​ រីឯ​ឃាតក​ដៃដល់​ដែល​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ បង្ហាញ​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ ជា​អ្នក​ប្រើប្រាស់​ដៃស្តាំ​ ។​ មក​ពី​ ថោ​ង​ សា​រ៉ាត់​ ជា​ឈ្មួញ​យួន​ដ៏​មាន​ឥទ្ធិពល​ និង​សម្បូណ៌​រឿងអាស្រូវ​ អាច​ក្លាយជា​ឧបសគ្គ​ដល់​អ្នកគ្រប់គ្រង​អំណាច​ស្រុក​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​ ត្រូវ​កាច់ធ្មុង​ចោល​ឲ្យ​ហើយ​ តាម​រយៈ​ទាញ​យក​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​មក​ដើរតួ​ជា​មេឃាតក​សិប្បនិមិត្ត​ឬ​ ?​ ដូច្នេះ​ តើ​មេខ្លោង​ឃាតក​ និង​ឃាតក​ពិត​នៅឯណា​ ជា​អ្នក​ណា​ ឬ​ក៏​ក្លាយជា​សំណុំរឿង​ឃាតកម្ម​មួយ​ដែល​ដូច​គ្នា​នឹង​សំណុំរឿង​ឃាតកម្ម​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ៏​ល្បីឈ្មោះ​ ?

​ឥទ្ធិពល​របស់​ក្រុម​គ្រួសារ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ កើត​មាននៅ​លើ​ទឹកដី​ខ្មែរ​ គឺ​ដោយសារ​ឈ្មោះ​ ថោ​ង​ ចំរើន​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​មិន​"​ ជា​ឪពុក​របស់​ ថោ​ង​ សា​រ៉ាត់​ ជា​ជំនាញការ​យួន​ ធ្លាប់​បម្រើ​ការ​ជា​កងទ័ព​ក្នុង​កងកាំភ្លើងធំ​ប្រចាំ​នៅ​កម្ពុជា​ និង​សូ​ម្បី​ឈ្មោះ​ កែវ​ សារី​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ហា​យ​"​ ជា​ម្តាយ​របស់​ ថោ​ង​ សា​រ៉ាត់​ ក៏​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​បាន​កាន់​តំណែង​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ដែរ​ ។​ ឥទ្ធិពល​ក្រុម​គ្រួសារ​នេះ​ចាប់ផ្តើម​ខ្លាំង​ឡើងៗ​ ដោយសារ​អំណាច​របស់​សព​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហុ​ក​ ឡង​ឌី​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​ដន្លងដងស្នែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ្បិត​ឈ្មោះ​ ថោ​ង​ ចំរើន​ ធ្លាប់​បាន​ពរ​បីបាច់​សព​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហុ​ក​ ឡង​ឌី​ កាល​រស់រាន​មានជីវិត​តាំងពី​នៅ​តូច​ក្រូចឆ្មារ​មក​ម្ល៉េះ​ ។​ រាល់​ការ​បាញ់បោះ​សេរី​ និង​ការ​ប្រើប្រាស់​អាវុធ​ ព្រមទាំង​រក្សា​ទុក​អាវុធ​កន្លង​មក​របស់​ឈ្មោះ​ ថោ​ង​ ចំរើន​ គឺ​ប៉ូលិស​មូលដ្ឋាន​មិន​ហ៊ាន​ក្អក​មាត់ក​ឡើយ​ ដោយ​ឈ្មោះ​ ថោ​ង​ ចំរើន​ ហៅ​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ថា​ "​អា​ឌី​"​ ពេញៗ​មាត់​ទៅ​ហើយ​ ។​ ក្រោយមក​ ក្រុម​គ្រួសារ​នេះ​បាន​ដំណើរការ​ក្រុមហ៊ុន​សាច់​ប៉ា​តេ​មាន​ជ័យ​៩៩៩​ ឲ្យ​មានការ​រីក​ចម្រើន​ឡើង​រហូត​ដល់​កម្រិត​ឈាន​ទៅ​អភិវឌ្ឍន៍​ជា​ក្រុមហ៊ុន​សំណង់​ និង​អចលនវត្ថុ​ ដូច​ជា​បុរី​៩៩៩​ ក្រោម​រូបភាព​ក្រុមហ៊ុន​ Meanchey​ International​ Investment​ ជាដើម​ ទទួល​បាន​ជោគជ័យ​ជា​លំដាប់​ ខណៈ​បុរី​៩៩៩​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ជនជាតិ​យួន​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​ច្រើន​នាក់​ចូលរួម​ទិញ​ ដោយ​ប្រើប្រាស់​ប្រាក់​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​វៀតណាម​ខ្ទង់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ភាព​ហ៊ឺហា​ និង​ភាព​មានបាន​ទ្រព្យសម្បត្តិ​របស់​ក្រុម​គ្រួសារ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មួយ​ផ្នែក​ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ សូ​ម្បី​ការ​ចាប់​ឃាត់ខ្លួន​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ លើក​ដំបូង​ដើម្បី​សាកសួរ​ នា​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៤​នោះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ឧកញ៉ា​វ័យក្មេង​រូប​នេះ​ចាក​ចេញពី​កិច្ចប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ជាមួយ​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ។​

​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចូល​និវត្តន៍​មួយ​រូប​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រសិនបើ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហុ​ក​ ឡង​ឌី​ ដន្លងដងស្នែង​បុរស​ខ្លាំង​ នៅ​រស់រាន​មានជីវិត​វិញ​ ទំនងជា​ក្រុម​គ្រួសារ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មិន​អាច​ជួបនឹង​ខ្យល់ព្យុះ​បក់​បោក​ឲ្យ​រាសី​ធ្លាក់​ស្រុត​ចុះ​បែប​នេះ​ឡើយ​ ហើយ​ឥទ្ធិពល​របស់​ឈ្មួញ​យួន​នេះ​ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចចិត្ត​"​កាច់ធ្មុង​"​កុំ​ឲ្យ​ឡើងចាង​ដែរ​ ។​

​ទោះ​យ៉ាងណា​ សំណុំរឿង​ក្តី​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មិន​ទាន់​ចប់​នៅឡើយ​ទេ​ ដូច្នេះ​ សូម​ប្រិ​យ​មិត្ត​អ្នក​អាន​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ ដើម្បី​ចង់​ដឹង​ការ​ពិត​ក្នុង​សាច់​រឿង​នេះ​ ដែល​អាច​"​រឿង​នៅ​ក្នុង​រឿង​"​ថា​ តើ​ ថោ​ង​ សា​រ៉ាត់​ ហៅ​ឈ្មោះ​ជា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ ជា​មេខ្លោង​ឃាតក​សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ពិតប្រាកដ​មែន​ ដែល​ត្រូវ​តែ​បង្ក្រាប​ ឬ​ជា​ឈ្មួញ​យួន​កំពុង​ឡើងចាង​ ដែល​ត្រូវ​កាច់​បំបាក់​ធ្មុង​ ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.