ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ករណី​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ខេត្តបាត់ដំបង​រក​មិន​ទាន់​ឃើញ​មូលហេតុ​ ខណៈ​គ្រូពេទ្យ​ភូមិ​ត្រូវ​បាន​ឃាត់ខ្លួន​និង​ឆែកឆេរ​ផ្ទះ​

​អាជ្ញាធរ​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​ជាង​១០០​នាក់​ ក្នុង​ចំណោម​អ្នក​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ជាង​៧០០​នាក់​ ដែល​បាន​ធ្វើតេស្ត​ឈាម​នោះ​នៅឡើយ​ ខណៈ​គ្រូពេទ្យ​ភូមិ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ ដែល​ជាប់​ការ​សង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ និង​បាន​ចុះ​ឆែកឆេរ​លំនៅ​ឋាន​របស់​បុរស​ជា​គ្រូពេទ្យ​ភូមិ​ប្រមូល​យក​វត្ថុ​តាង​មួយ​ចំនួន​ទៅ​ពិនិត្យ​ផង​ដែរ​ ។​

​តាម​ការ​បញ្ជាក់​របស់​អ្នក​ភូមិ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ទាំង​ចាស់​ ទាំង​ក្មេង​ ទាំង​ព្រះសង្ឃ​ ទាំង​អាចារ្យ​ ដែល​គង់​ និង​រស់នៅ​ក្នុងភូមិ​ទទួល​រង​ការ​ឆ្លង​មេរោគ​អេ​ដស៍​ដ៏​សាហាវ​នោះ​ សុទ្ធតែ​ធ្លាប់​បាន​ឲ្យ​គ្រូពេទ្យ​ភូមិ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ ជា​គ្រូពេទ្យ​ឯកជន​គ្មាន​អាជ្ញាប័ណ្ណ​ព្យាបាល​ជំងឺ​ និង​ចាក់​ថ្នាំ​ ខណៈ​អ្នក​ភូមិ​ខ្លះ​ទៀត​អះអាង​ថា​ គ្រូពេទ្យ​ យ៉ែ​ម​ ជ្រិ​ន​ គឺជា​មនុស្ស​ល្អ​ ។​

​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងសុខាភិបាល​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ ការ​គ្រប់គ្រង​លើ​វិស័យ​សុខាភិបាល​របស់​ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​មាន​កម្រិត​ទន់ខ្សោយ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ ទើប​បណ្តែតបណ្តោយ​ឲ្យ​គ្រូពេទ្យ​ឯកជន​មួយ​ចំនួន​ក្នុងភូមិ​ព្យាបាល​ជំងឺ​ និង​ចាក់​ថ្នាំ​ឲ្យ​អ្នក​ភូមិ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ ។​

​សោកនាដកម្ម​ឆ្លង​រីក​រាលដាល​មេរោគ​អេ​ដស៍​ដ៏​សាហាវ​ និង​នឹក​ស្មាន​មិន​ដល់​នៅ​ខេត្តបាត់ដំបង​នោះ​ យើង​ត្រូវ​រង់ចាំ​មើល​ទាំងអស់​គ្នា​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ឃើញ​នូវ​មូលហេតុ​ពិត​ ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ជាង​១០០​នាក់​រង​គ្រោះ​ទាំង​អយុត្តិធម៌​ដោយ​មិនដឹង​ខ្លួន​តទៅ​ទៀត​ ។​ តើ​ជា​កំហុស​អ្នក​ណា​ ?​ ៕​

Yem-Chrin

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.