ថ្ងៃ អាទិត្យ ទី ២៨ ខែ កម្ភៈ ឆ្នាំ ២០២១

អ្នក​ច្បាប់​រិះគន់​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ “​មិន​ថ្លៃ​ថ្លូ​រ​”​ រឿង​ដឹកនាំ​កម្លាំង​ឆែក​ភូមិ​គ្រឹះ​ ថោ​ង​ សា​រ៉ាត់​ ព្រោះ​ជា​ភាគី​ទំនាស់​

​ខណៈ​លោក​ឧត្តមសេនីយ៍​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ អាយុ​៣៨​ឆ្នាំ​ ក្លាយជា​ជន​ត្រូវ​ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ យ៉ាង​កក្រើក​រាជធានី​ភ្នំពេញ​ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​សាធារណៈ​ស្វែងរក​ចាប់ខ្លួន​នោះ​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ភូមិ​គ្រឹះ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ដើម្បី​រុករក​វត្ថុ​តាង​បទល្មើស​ ដឹកនាំ​ដោយ​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​សម្តែង​នូវ​ការ​រិះគន់​ថា​ ជា​អំពើ​"​មិន​ថ្លៃថ្នូរ​"​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ជា​ភាគី​ទំនាស់​ជាមួយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​ ពាក់ព័ន្ធ​នឹង​ករណី​លក់​-​ទិញ​ភូមិ​គ្រឹះ​មួយ​កន្លែង​ មាន​តម្លៃ​ជាង​២២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​ធ្វើការ​ពន្យល់​ថា​ ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ នាយក​ក្រុមហ៊ុន​ Meanchey​ International​ Investment​ ក្លាយជា​ជនសង្ស័យ​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​ព្រហ្មទណ្ឌ​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ចោទប្រកាន់​ពី​បទ​ឆបោក​ ពាក់ព័ន្ធ​នឹង​ករណី​លក់​-​ទិញ​ភូមិ​គ្រឹះ​មួយ​កន្លែង​ប្រភេទ​ Friendship​ Villa​ ឋិត​នៅ​បុរី​កាលី​ហ្វ័​រ​ញ៉ា​ ស៊ី​ធី​ ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ មាន​តម្លៃ​ទឹកប្រាក់​ចំនួន​២២៥.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​ យោង​តាម​ដីកាកោះ​របស់​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​ឲ្យ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​នៅ​ចំពោះ​មុខ​តុលាការ​នា​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​មក​ ។​

​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​ប្រធាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្តឹង​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ពី​បទ​ឆបោក​នៅ​ស្ថាប័ន​តុលាការ​នេះ​ មិន​ទាន់​ត្រូវ​បាន​គេ​ទម្លាយ​អំពី​លទ្ធផល​នៃ​ការ​វិវឌ្ឍន៍​សាច់​រឿង​ឲ្យ​ដឹង​ជា​ចំហ​ និង​ផ្លូវការ​នៅឡើយ​ទេ​ ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​ក្រុមហ៊ុន​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ "​រឿង​នេះ​មានការ​សម្របសម្រួល​គ្នា​ហើយ​"​ រវាង​ដើមបណ្តឹង​រដ្ឋប្បវេណី​ គឺ​លោក​ចៅក្រម​ អាំង​ មាលតី​ និង​ជនសង្ស័យ​ គឺ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ។​ អ្នក​ច្បាប់​បាន​ធ្វើការ​ពន្យល់​ទៀត​ថា​ ទោះបី​មានការ​សម្របសម្រួល​គ្នា​តាម​រយៈ​ការ​ដក​ពាក្យបណ្តឹង​ និង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​សំណុំរឿង​ ចេញ​ដីកា​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ក៏​ដោយ​ក្តី​ ក៏​តាម​ផ្លូវច្បាប់​មិន​ទាន់​ហួស​កាលបរិច្ឆេទ​នៃ​ការ​ប្តឹង​ទៅ​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​រយៈពេល​០២​ខែ​នៅឡើយ​ដែរ​ ។​ ដូច្នេះ​ រវាង​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ គឺជា​ភាគី​ទំនាស់​នឹង​គ្នា​នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ ក្នុង​នាម​ជា​ភាគី​ទំនាស់​នឹង​គ្នា​ លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​គួរ​មានការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ឡើយ​ ហើយ​ដើម្បី​បង្ហាញ​អំពី​"​ភាព​ថ្លៃថ្នូរ​"​ លោក​ចៅក្រម​ អាំង​ មាលតី​ គប្បី​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​សំណុំរឿង​ក្តី​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ទើប​ជា​ការ​ប្រសើរ​ ។​

​លោក​ចៅក្រម​ អាំង​ មាលតី​ អាយុ​៥៨​ឆ្នាំ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៨៣​ ។​ លោក​ចៅក្រម​រូប​នេះ​ធ្លាប់​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​នា​អំឡុង​ចុងឆ្នាំ​២០០៥​ (​ឡើង​ឋានៈ​បន្ត​ពី​តំណែង​ជា​អនុប្រធាន​សាលាដំបូង​)​ និង​ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​អំឡុង​ចុងឆ្នាំ​២០០៧​ ។​ ក្រោយមក​ទៀត​ លោក​ចៅក្រម​ អាំង​ មាលតី​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.