ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ក្រសួងសុខាភិបាល​មើល​រំលង​អំពើ​ពុក​រលួយ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​

​ការ​សមគំនិត​គ្នា​យ៉ាង​រលូន​រវាង​លោក​ ស្រី​ ស៊ី​ម​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​ និង​លោក​ ឡាយ​ ខៃ​ ជា​ប្រធាន​គណនេយ្យ​របស់​មន្ទីរ​ ព្រមទាំង​បក្ខពួក​មួយ​ចំនួន​ទៀត​ បាន​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ដ៏​ធំ​នៅ​ក្នុង​មន្ទីរ​មួយ​នេះ​ តាម​រយៈ​ការ​បំប៉ោង​តួលេខ​ទឹកប្រាក់​ចំណាយ​ផ្សេងៗ​ និង​ការ​បំប៉ោង​ចំនួន​បេសកកម្ម​…​។​ល​។​ ជា​ពិសេស​ការ​កិបកេង​ប្រាក់​រេ​ជ្ជ​ទេ​យ្យ​ និង​ប្រាក់​ទូទាត់​ត្រង់​ក្រៅពី​ជំពូក​៦៤​ ក៏​ដូច​ជា​ការ​កិបកេង​ថ្នាំពេទ្យ​រួម​ និង​សម្ភារៈ​ពេទ្យ​ឯទៀតៗ​ ខណៈ​ការ​កិបកេង​ប្រេងឥន្ធនៈ​ក៏​មាន​កម្រិត​មិន​តិចតួច​ដែរ​ ដ្បិត​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ មាន​ចំនួន​៣៩១.៤៦៦.៦០០​រៀល​ និង​គម្រោង​ចំណាយ​លើ​ប្រេងឥន្ធនៈ​សម្រាប់​ឆ្នាំ​២០១៤​នេះ​ មាន​ចំនួន​៤២០​លាន​រៀល​ ជា​ហេតុ​ធ្វើ​ឲ្យ​ថវិកាជាតិ​ប្រឈម​នឹង​ការ​បាត់បង់​ រត់​ចូល​ហោប៉ៅ​បុគ្គល​ពុក​រលួយ​ មាន​ចំនួន​យ៉ាងតិច​ពី​៧០០​លាន​រៀល​ទៅ​៨០០​លាន​រៀល​ក្នុង​១​ឆ្នាំ​ ។​ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុម​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​ ក្រោម​ឱវាទ​លោក​ប្រធាន​មន្ទីរ​ ស្រី​ ស៊ី​ម​ ។​

​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​បាន​ចំណាយ​ថវិកាជាតិ​អស់​ចំនួន​៨.៤៩៦.២៨៣.៦២០​រៀល​ ដែល​ក្នុង​នោះ​ថវិកា​ជំពូក​៦០​ចំនួន​១.៧១១.៩០០.៤៥០​រៀល​,​ ជំពូក​៦១​ ចំនួន​៦៤៥.៣២២.០០០​រៀល​,​ ជំពូក​៦២​ ចំនួន​៦៣៧.២៥៩.៩០០​រៀល​,​ ជំពូក​៦៤​ ចំនួន​៥.០២៨.៣៩៣.៧៧០​រៀល​ និង​ជំពូក​៦៥​ ចំនួន​៤៦៩.៣០៧.៥០០​រៀល​ ។​ ដោយឡែក​ គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​២០១៤​នេះ​ មាន​ចំនួន​សរុប​៩.៨៧៦.០០០.០០០​រៀល​ ក្នុង​នោះ​ជំពូក​៦០​ចំនួន​១.៧០០​លាន​រៀល​,​ ជំពូក​៦១​ចំនួន​៥០៨.៧០០.០០០​រៀល​,​ ជំពូក​៦២​ចំនួន​៧០៦.៥០០.០០០​រៀល​,​ ជំពូក​៦៤​ចំនួន​៦.៥០៦​លាន​រៀល​ និង​ជំពូក​៦៥​ចំនួន​៤៥០​លាន​រៀល​ ខណៈ​ថវិកា​ទាំងនោះ​ខ្ទង់ចំណាយ​មួយ​ចំនួន​ត្រូវ​បាន​ចាយវាយ​ស្ទើរ​អស់​ទៅ​ហើយៗ​ប្រាក់​នៅ​ក្នុង​អនុ​គណនេយ្យ​លេខ​៦៥៧៣​កាលពី​ឆ្នាំ​២០១៣​ មន្ទីរ​បាន​ចំណាយ​អស់​ទឹកប្រាក់​២៥៧.៦៦៩.០០០​រៀល​ និង​គម្រោង​ចំណាយ​លើ​អនុ​គណនេយ្យ​នេះ​សម្រាប់​ឆ្នាំ​២០១៤​ មាន​ចំនួន​២៩០​លាន​រៀល​ បាន​បង្ហាញ​នូវ​សញ្ញាណ​អំពី​ការ​ចាយវាយ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ ។​

​ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​សាលាខេត្ត​កំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​តែង​ឃើញ​មាន​ក្រុម​មន្ត្រីអធិការកិច្ច​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ក្រុម​មន្ត្រី​នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ការ​ចំណាយ​ចាយវាយ​បន្តកន្ទុយ​គ្នា​ដែរ​ ប៉ុន្តែ​លទ្ធផល​ដូច​បាន​ជួយ​"​ប្រថាប់ត្រា​"​ឲ្យ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​ ក្លាយជា​"​ស៊ី​ស្អាត​"​ ដ្បិត​ក្រុម​មន្ត្រី​ទាំងនោះ​ចុះ​ទៅ​យក​ស្រោមសំបុត្រ​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​ ស្រី​ ស៊ី​ម​ និង​គូកន​ យ៉ាង​ត្រជាក់ចិត្ត​ប៉ុណ្ណោះ​ ។​

​សូម​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ មេត្តា​ចុះ​ត្រួតពិនិត្យ​ និង​មាន​វិធានការ​ក្តៅ​ទៅ​លើ​ករណី​កើត​មាន​អំពើ​ពុក​រលួយ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​នោះ​ផង​ កុំ​ចេះ​តែ​"​មើល​រំលង​"​ខ្លាំង​ពេក​ ដើម្បី​ចូលរួម​ចំណែក​ជួយ​លើក​ស្ទួយ​ដល់​ប្រសិទ្ធភាព​នៃ​ការ​បម្រើសេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​ទាំងមូល​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.