ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

បែកធ្លាយ​ព័ត៌មាន​តុលាការ​ប៉ង​ចាប់​កូនចៅ​ឧត្តមសេនីយ៍​ ជួន​ ណា​រិ​ន​ តែ​ត្រូវ​ប៉ូលិស​ជំទាស់​ ក្នុង​សំណុំរឿង​ឃាតកម្ម​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​

​ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​ និង​កក្រើក​រាជធានី​ភ្នំពេញ​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ​ ឡោ​ តិច​សេង​ ឋិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​រួច​មក​ រូបភាព​ខ្មាន់កាំភ្លើង​ជា​ឃាតក​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ចំ​គោលដៅ​ចំនួន​៦​គ្រាប់​ និង​រូបភាព​បុរស​ម្នាក់​ជា​មន្ត្រី​ប៉ូលិស​ និង​ជា​កូនចៅ​លោក​ឧត្តមសេនីយ៍​ ជួន​ ណា​រិ​ន​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ ដែល​មក​ចូលរួម​ពិនិត្យ​សាកសព​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​ជន​រង​គ្រោះ​ ត្រូវ​បាន​បង្ហាញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​លក់​ផ្លែ​ឈើ​យីហោ​ ឡោ​ តិច​សេង​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​ឃាតកម្ម​ដ៏​រសើប​នេះ​ ជា​ពិសេស​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ភិនភាគ​ និង​សកម្មភាព​ស្រ​ដៀង​គ្នា​ច្រើន​ចំណុច​របស់​បុរស​ជា​មន្ត្រី​ប៉ូលិស​ជា​កូនចៅ​របស់​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ ទៅ​នឹង​ខ្មាន់កាំភ្លើង​ជា​ឃាតក​ ហើយ​ក៏​មានការ​ដាក់​សង្ស័យ​ថា​ កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ ជា​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស​រូប​នោះ​ដើម្បី​សាកសួរ​ ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ​ពី​សំណាក់​សមត្ថកិច្ច​ រហូត​ដល់​១១​ថ្ងៃក្រោយ​ក៏​លេច​ចេញ​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​ក្រុម​អង្គរក្ស​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ឃាតកម្ម​កក្រើក​រាជធានី​ភ្នំពេញ​នេះ​ បាន​លើក​ឡើង​ថា​ ភិនភាគ​និង​សកម្មភាព​របស់​បុរស​ជា​កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ ដែល​គេ​ស្គាល់​ថា​ មានឈ្មោះ​ សុក​ ម៉ូ​នី​ត្រា​ ជា​អតីត​ប៉ូលិស​ខណ្ឌចំការមន​ មាន​រហស្សនាម​ បា​សាក់​៣៣៨​ ទើប​ផ្ទេរ​មក​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ច្រើន​ចំណុច​ទៅ​នឹង​ខ្មាន់កាំភ្លើង​ជា​ឃាតក​ បើ​តាម​ការ​បង្ហាញ​ទិន្នន័យ​ដោយ​កាមេរ៉ា​សុវត្ថិភាព​ រីឯ​ក្រុម​អ្នកលេង​ Facebook​ បាន​ទទូច​ទាមទារ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ នោះ​យក​មក​សាកសួរ​ ស្វែងរក​តម្រុយ​ក្នុង​សំណុំរឿង​ឃាតកម្ម​តាម​នីតិវិធី​នៃ​ច្បាប់​ ខណៈ​ផ្ទុយ​ពី​ការ​សង្ស័យ​នេះ​ លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ បាន​បញ្ជាក់​អះអាង​ថា​ ភិនភាគ​ស្រ​ដៀង​គ្នា​នោះ​ គឺជា​រឿង​ចៃដន្យ​ ហើយ​ឈ្មោះ​ សុក​ ម៉ូ​នី​ត្រា​ មិនមែន​ជា​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ទេ​ ដ្បិត​នៅ​ពេល​កើតហេតុ​ មន្ត្រី​ប៉ូលិស​ជា​កូនចៅ​របស់​លោក​បាន​ឋិត​នៅ​ជិត​រូប​លោក​រហូត​ ។​

​ការ​មិន​ចាប់​ឃាត់ខ្លួន​បុរស​ជា​កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ យក​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នោះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ ដ៏​ច្រើន​សម្តែង​នូវ​ការ​ខកចិត្ត​ និង​មិន​អស់ចិត្ត​ ។​

​ពាក់ព័ន្ធ​នឹងសន្ទុះ​នៃ​ការ​សង្ស័យ​ទៅ​លើ​មន្ត្រី​ប៉ូលិស​ជា​កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ នោះ​ មាន​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ តែ​អាច​ពិចារណា​បាន​ បែកធ្លាយ​ចេញ​មក​ក្រៅ​ថា​ បន្ទាប់​ពី​មានការ​ចាប់អារម្មណ៍​ព្រោងព្រាត​ទៅ​លើ​បុរស​ជា​មន្ត្រី​ប៉ូលិស​ និង​ជា​កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ ដែល​ស្រ​ដៀង​គ្នា​នឹង​ខ្មាន់កាំភ្លើង​ជា​ឃាតក​នោះ​ ខាង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​មាន​ទំនោរ​ឯកភាព​យល់ព្រម​ពី​លោក​ចៅក្រម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ បាន​ប៉ង​ចង់​ចាប់​ឃាត់ខ្លួន​មន្ត្រី​ប៉ូលិស​ជា​កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ យក​មក​សាកសួរ​ដែរ​ តែ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ជំទាស់​ ដោយ​ដាក់​លក្ខខណ្ឌ​ទាមទារ​យ៉ាង​ម៉ឺងម៉ាត់​ថា​ "​បើ​ចង់​ចាប់​ ត្រូវ​តែ​មាន​ដីកា​ជា​លាយលក្ខណ៍អក្សរ​"​ ។​ នៅ​ទីបំផុត​ បំណង​របស់​តុលាការ​ក៏​ត្រូវ​បាន​អាក់ខាន​រហូត​ទល់​បច្ចុប្បន្ន​ ក្រោម​ឥទ្ធិពល​មិន​ចូលរួម​សហការ​របស់​អាជ្ញាធរ​ប៉ូលិស​ដែល​ជា​ម្ចាស់​ករណី​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ឥឡូវនេះ​ ទាំង​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទាំង​សមត្ថកិច្ច​ប៉ូលិស​លែងរ​វីរ​វល់​ចាប់អារម្មណ៍​ទៅ​លើ​ការ​សង្ស័យ​ចំពោះ​បុរស​ជា​មន្ត្រី​ប៉ូលិស​ និង​ជា​កូនចៅ​លោកស្នងការ​រង​ ជួន​ ណា​រិ​ន​ នោះ​ហើយ​ គឺ​បាន​និង​កំពុង​ផ្តោតអារម្មណ៍​ជា​ពិសេស​ទៅ​លើ​ការ​ស្វែងរក​ចាប់ខ្លួន​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​វ័យក្មេង​ ថោ​ង​ សា​រ៉ាត់​ នាយក​ក្រុមហ៊ុន​បុរី​៩៩៩​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ឯណោះ​ទៅ​វិញ​ទេ​ ខណៈ​ម្តាយ​ ឪពុក​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​ក្រុម​អង្គរក្ស​ចំនួន​៤​នាក់​ ក្នុង​នោះ​មាន​២​នាក់​ទទួល​រង​ការ​ចោទ​ពី​បទ​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅឡើយ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.