ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

កាត់ទោស​ប្រហារជីវិត​តាំងពី​១៨​ឆ្នាំ​មុន​ទើប​តុលាការ​សើរើ​រឿង​ក្តី​រក​ឃើញ​ថា​ គ្មាន​ទោស​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ទាំង​ភ្ញាក់ផ្អើល​ និង​សោកស្តាយ​បំផុត​មួយ​បាន​កើតឡើង​នៅ​ប្រទេស​ចិន​ ដោយសារ​ក្មេង​ប្រុស​ជំទង់​ចិន​ម្នាក់​ឈ្មោះ​ Hugjiltu​ អាយុ​១៨​ឆ្នាំ​ ធ្លាប់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ និង​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​ Hohhot​ ក្នុង​តំបន់​ស្វយ័ត​ Inner​ Mongolia​ នា​អំឡុង​ឆ្នាំ​១៩៩៦​ និង​ផ្តន្ទាទោស​ប្រហារជីវិត​នៅ​រយៈពេល​៦១​ថ្ងៃក្រោយ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ធ្វើឃាត​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​ បន្ទាប់​ពី​មានការ​សើរើ​រឿង​ក្តី​ឃាតកម្ម​នេះ​ឡើង​វិញ​ ត្រូវ​តុលាការ​ប្រកាស​សាលក្រម​សា​ជា​ថ្មី​ថា​ ក្មេង​ប្រុស​ជំទង់​ចិន​ដែល​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ និង​រំលោភ​សេពសន្ថវៈ​នោះ​គ្មាន​ទោសពៃរ៍​អ្វី​ទេ​ ។​

​ការ​ប្រកាស​សាលក្រម​សា​ជា​ថ្មី​របស់​តុលាការ​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ សាច់ញាតិ​ ជា​ពិសេស​ឪពុក​ម្តាយ​ និង​ប្អូនប្រុស​របស់​ក្មេង​ជំទង់​ជាប់ចោទ​ ស្រែក​ទ្រហោយំ​ទាំង​ក្តី​ឈឺចាប់​ ស្តាយស្រណោះ​ចំពោះ​ការ​ប្រហារជីវិត​មក​លើ​កូន​ខ្លួន​ដែល​គ្មាន​កំហុស​ និង​ពួក​គាត់​ក៏​បាន​ដុត​ច្បាប់​ចម្លង​សាលក្រម​របស់​តុលាការ​នៅ​លើ​ផ្នូរ​កូនប្រុស​ដែល​ស្លាប់​បាត់បង់​ជីវិត​ សម្តែង​អំពី​ការ​តវ៉ា​ពោរពេញ​ដោយ​កំហឹង​មួយ​ ។​

​ដើមហេតុ​ដែល​នាំ​ឲ្យ​មានការ​សើរើ​សំណុំរឿង​ក្តី​ឃាតកម្ម​ខាងលើ​ឡើង​វិញ​ គឺ​បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ចេញ​មក​សារភាព​ចំពោះ​បទឧក្រិដ្ឋ​នេះ​កាលពី​ឆ្នាំ​២០០៥​កន្លង​ទៅ​ ទើប​ក្រោយ​ការ​អង្កេត​ស្រាវជ្រាវ​សា​ថ្មី​របស់​តុលាការ​បាន​បញ្ចប់​ ហើយ​ក៏​បាន​ប្រកាស​សាលក្រម​ថា​ សាលក្រម​ផ្តន្ទាទោស​ពី​មុន​"​មិន​ស្រប​ទៅ​នឹង​ការ​ពិត​"​ និង​"​គ្មាន​ព័ស្តុតាង​គ្រប់គ្រាន់​"​ ។​

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ លោក​ Zhao​ Jianping​ ជា​អនុប្រធាន​តុលាការខេត្ត​ បាន​ធ្វើការ​សុំ​ទោស​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​កាត់ទោស​ប្រហារជីវិត​ក្មេង​ប្រុស​ Hugjiltu​ កាលពី​១៨​ឆ្នាំ​មុន​ ហើយ​លោក​ក៏​បាន​សម្រេច​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​៣​ម៉ឺន​យន់​លុយ​ចិន​(​ប្រមាណ​៤.៨៣៨​ដុល្លារ​អា​មេ​រិ​ក​)​សងជំងឺចិត្ត​ជូន​ទៅ​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ព្រោះ​ការ​កាត់ក្តី​ខុស​របស់​តុលាការ​ ៕​

 

Filed in: Feature, តុលាការ, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.