បន្ទាប់ពីរាជរដ្ឋាភិបាលបុរសខ្លាំងបិទល្បែងឆ្នោតឡូតូនៅស្រុកខ្មែររួចមក បែរជាល្បែងឆ្នោតយួនហៅឆ្នោតកន្ទុយលេខដែលមានក្បាល(ទីតាំងចេញឆ្នោត)នៅស្រុកយួន និងកន្ទុយវែងអន្លាយលាតសន្ធឹងធ្លាយមកដល់ស្រុកខ្មែរនោះ មានឱកាសបាន"ឡើងចាង"តែម្តង តួយ៉ាងជាក់ស្តែងដូចជានៅផ្សារបឹងទំពុន ឋិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកន្ទុយលេខឆ្នោតយួនអុកឡុកយ៉ាងពេញទំហឹង ខណៈសមត្ថកិច្ចមូលដ្ឋានស្រុកខ្មែរឯណោះវិញកំពុងមមាញឹកសម្រុកប្រមូលលុយដាក់ហោប៉ៅពីផលឆ្នោតយួនយ៉ាងសស្រាក់សស្រាំ ។
ប្រភពព័ត៌មានពីអ្នកធ្លាប់លេងល្បែងឆ្នោតយួនបានឲ្យដឹងថា នៅផ្សារបឹងទំពុន(ទាំងផ្ទះនៅក្បែរផ្សារ ទាំងតូបលក់អីវ៉ាន់នៅក្នុងផ្សារ) មានកន្លែងកត់ឆ្នោតយួនចំនួនប្រមាណជិត២០ទីតាំង ក្នុងនោះទីតាំងកត់ឆ្នោតរបស់ស្ត្រីម្នាក់ឈ្មោះ មុំ គឺតូបលេខ១០១ ល្បីល្បាញថា ជាអ្នកមានជំនាញខាងយកលុយកាក់បង់ឲ្យទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនជាប្រចាំ ដើម្បីទទួលបានការសម្រួលមុខរបរកត់កន្ទុយលេខឆ្នោតយួននៅទីតាំងរបស់ខ្លួនប្រកបទៅដោយរលូន គ្មានការរំខាន ។
លើសពីនេះ ការរីកដុះដាលល្បែងឆ្នោតយួននៅក្នុងផ្សារបឹងទំពុននោះ ត្រូវបានប្រភពរាយការណ៍ឲ្យដឹងថា ធ្វើឲ្យលោកប្រធានផ្សារបឹងទំពុន និងលោកនាយប៉ុស្តិ៍នគរបាលបឹងទំពុនអាក់អន់ចិត្តនឹងគ្នាទៀតផង ដ្បិតលោកប្រធានផ្សារមានបំណងចង់លុបបំបាត់ភាពអនាធិបតេយ្យល្បែងកត់ឆ្នោតយួននៅក្នុងផ្សារ រីឯប៉ុស្តិ៍នគរបាលបឹងទំពុនសកម្មនឹងការប្រមូលលុយពីអ្នកកត់ឆ្នោតនៅក្នុងផ្សារ និងនៅជុំវិញផ្សារ ខណៈក្រុមអ្នកកត់ឆ្នោតយួនមួយចំនួនបានបោះពាក្យសម្តីថា "បើមានសមត្ថកិច្ចប៉ូលិសមករំខាន គឺពួកគេក៏មានលុយសម្រាប់បង់ឲ្យប៉ូលិសច្រើនជាងមុនរួចជាស្រេច" (Sic!) ។
សូមលោកអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកអធិការនគរបាលខណ្ឌមានជ័យដែលទើបបានឡើងថ្មីៗ លោកចៅសង្កាត់បឹងទំពុន និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន មេត្តាផ្អាកសកម្មភាពប្រមូលលុយពីអ្នកកត់ឆ្នោតយួននៅក្នុងផ្សារបឹងទំពុន ហើយងាកមកចាត់វិធានការបង្ក្រាបអំពើអនាធិបតេយ្យនៃល្បែងឆ្នោតយួនដែលកំពុងអុកឡុកផ្សារបឹងទំពុនទាំងមូលនោះផង ។
មជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា កន្ទុយលេខឬហៅថាឆ្នោតយួនដែលកំពុងវាយលុកស្រុកខ្មែរសព្វថ្ងៃ ដូចជួយរកប្រាក់ចំណូលឲ្យក្រុមឈ្មួញយួន និងឈ្មួញខ្មែរសមគំនិតមួយចំនួន ព្រោះវាមិនបានចំណូលចូលរដ្ឋទេ តែបានលុយចូលហោប៉ៅបុគ្គល ផ្ទុយគ្នាពីឆ្នោតឡូតូនាពេលអតីតកាល ត្រូវបានបង់ថ្លៃអាជ្ញាប័ណ្ណប្រកបអាជីវកម្មចំនួន៣០លានរៀលក្នុង១ឆ្នាំ និងបង់ចំណូលប្រមាណ២០លានរៀលក្នុង១ខែទៀតចូលរដ្ឋ សម្រាប់ឆ្នោតឡូតូដែលចេញក្នុង១ថ្ងៃ១លើក ខណៈប្រភេទឆ្នោតកោសក៏ត្រូវបានបង់គិតជាអប្បបរមាចំនួន១០លានរៀលក្នុង១ខែចូលរដ្ឋដែរ ៕