សារព័ត៌មានម៉ាឡេស៊ីបានផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ឲ្យដឹងថា ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះធ្វើដំណើរតាមយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ មានជើងហោះហើរ MH370 ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅនោះ មិនព្រមទទួលយកសំណងជំហានដំបូងចំនួន៥ម៉ឺនដុល្លារអាមេរិកឡើយ ខណៈក្រុមគ្រួសារសាច់ញាតិអ្នកបាត់ខ្លួនទាំងនោះសង្ឃឹមថា យន្តហោះ ព្រមទាំងអ្នកដំណើរទាំងអស់នឹងវិលត្រឡប់មកវិញនៅពេលខាងមុខ ។
លោក Liow Tiong Lai រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានប្រកាសឲ្យដឹងថា ការណ៍ដែលក្រុមគ្រួសារសាច់ញាតិជនរងគ្រោះមិនព្រមទទួលយកសំណងនោះ ដោយសារពួកគាត់មានក្តីសង្ឃឹមថា សាច់ញាតិរបស់ពួកគាត់ដែលធ្វើដំណើរនៅលើយន្តហោះបាត់ខ្លួននៅមានសុវត្ថិភាព និងអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ។ ផ្ទុយវិញ ការទទួលសំណងអាចប្រព្រឹត្តទៅបាន លុះត្រាតែរកឃើញសាកសពអ្នកបាត់ខ្លួនជាមុនសិន ។
សូមបញ្ជាក់ជូនថា យន្តហោះដឹកអ្នកដំណើរមានជើងហោះហើរ MH370 ដែលផ្ទុកអ្នកដំណើរ និងបុគ្គលិកយន្តហោះ ព្រមទាំងអាកាសយានិកសរុបចំនួន២៣៩នាក់ បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្រោយពេលហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងទិសដៅឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន រហូតមកទល់សព្វថ្ងៃនេះ សកម្មភាពរុករកមិនទាន់មានតម្រុយនៅឡើយ គឺបានត្រឹមតែបន្តស្វែងរកតទៅទៀតប៉ុណ្ណោះ ខណៈអាជ្ញាធរប្រទេសម៉ាឡេស៊ីធ្លាប់បានប្រកាសរួចហើយថា យន្តហោះដែលបាត់ខ្លួននោះបានធ្លាក់ទៅក្នុងសមុទ្រ សម្លាប់អ្នកដំណើរទាំងអស់គ្មានសេសសល់ម្នាក់ឡើយ ៕