រយៈពេលប្រមាណមួយសប្តាហ៍មកហើយ ដែលអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook នៅកម្ពុជា បានបង្ហោះរូបថតក្មេងស្រីម្នាក់ឱនអង្គុយរៀនសរសេរអក្សរនៅក្រោមរានលើរទេះលក់លៀសហាល ដោយរូបថតនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ថានភាពរស់នៅរបស់ក្មេងស្រីដែលមានកម្រិតខ្សត់ខ្សោយ នៅតែឆ្លៀតពេលខំប្រឹងរៀនសូត្រ ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកចាប់អារម្មណ៍ទាំងឡាយមិនបានស្គាល់អំពីអត្តសញ្ញាណក្មេងស្រីនោះនៅឡើយ ។
តាមរយៈប្រិយមិត្ត Facebook ដែលប្រើប្រាស់ Account ឈ្មោះ Sunrise Love បានបញ្ជាក់អះអាងឲ្យដឹងថា ក្មេងស្រីដែលរៀនសរសេរអក្សរនៅក្រោមរានលើរទេះលក់លៀសហាលនេះ មានឈ្មោះ ហ៊ឹម ពិសី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤"ខ"នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន-គ្រួស ។
នាងកំព្រាឪពុកម្តាយតាំងពីតូចទើបចេះវារនៅឡើយ ហើយសព្វថ្ងៃនាងរស់នៅជាមួយជីដូនជីតាមានទីលំនៅភូមិទក្សិណខាងត្បូង ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប ។ ដោយសារជីវភាពជីដូនជីតារបស់នាងជាអ្នកលក់លៀសហាល មានការលំបាក ទើបនាងត្រូវមកជួយលក់លៀសហាលជីដូននៅមុខសាលារៀនតែម្តង និងឆ្លៀតពេលវេលារៀនសូត្រខ្លះៗទៅ ។
ប្រិយមិត្តអ្នកលេង Facebook ភាគច្រើនបានលើកទឹកចិត្ត និងជូនពរនាងឲ្យខិតខំរៀនសូត្រទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ទោះបីនាងមានជីវភាពក្រីក្រ ខ្សត់ខ្សោយក៏ដោយ ៕