ទាំងជាតិ ទាំងស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល បានទទួលរងនូវភាពអាម៉ាស់ អាប់ឱនកិត្យានុភាពយ៉ាងធ្ងន់ធ្ងរ ដោយសារមានមេធាវីកំពុងប្រកបវិជ្ជាជីវៈមួយចំនួន និងមានងារជាឯកឧត្តមថែមទៀត បែរជាបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈមេធាវីពេញទំហឹងផង ដែលជាការរំលោភបំពានដ៏គឃ្លើនលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ដែលបានចែងថា "វិជ្ជាជីវៈមេធាវីមានវិសមិតភាពជាមួយមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកបនោះដោយប្រយោលក្តី ឬដោយផ្ទាល់ក្តី" ។
គេហទំព័រសារព័ត៌មានដើមត្នោត សូមលើកយកមេធាវីមួយចំនួនដែលមានងារជាឯកឧត្តម ហើយបែរជាកំពុងធ្វើសកម្មភាពរំលោភបំពានច្បាប់យ៉ាងគឃ្លើន មកធ្វើការចុះផ្សាយជាឧទាហរណ៍ ដើម្បីឲ្យស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានឯកឧត្តមមេធាវី ប៊ុន ហុន អត្តលេខ១៤១ ជាប្រធាន និងប្រិយមិត្តអ្នកអានទាំងឡាយបានជ្រាប និងពិចារណាដូចតទៅ ៖
១-លោកមេធាវី ឡុង នរិន្ទ ៖ លោក ឡុង នរិន្ទ អាយុ៤១ឆ្នាំ ជាមន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល បម្រើការងារនៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហៅកាត់ថា ក្រសួងអធិការកិច្ច ។ លោក ឡុង នរិន្ទ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ១៨៤ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ។ ដោយសារចេះដង្ហែតាមមន្ត្រីកាន់កាប់អំណាចក្នុងជួរគណបក្សប្រជាជនកម្ពុជា លោកមេធាវី ឡុង នរិន្ទ ទទួលបានការតែងតាំងជាមេធាវីរាជរដ្ឋាភិបាលលើកដំបូង មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៦/១២៤ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៦ និងក្រោយមក ទទួលបានការតែងតាំងជាមេធាវីរាជរដ្ឋាភិបាលសាជាថ្មី តែមានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០៨/១២១៣ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺមានងារជា"ឯកឧត្តម" ។
ក្នុងនាមជាមន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងអធិការកិច្ចផង និងកំពុងប្រកបវិជ្ជាជីវៈមេធាវីពេញបន្ទុកផងនោះ លោក ឡុង នរិន្ទ ទទួលបានការដំឡើងឋានន្តរស័ក្តិពីអនុមន្ត្រីថ្នាក់លេខ១១ ទៅជាវរមន្ត្រីថ្នាក់លេខ១០ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៧១១អនក្រ.តត ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៩ ។
ឯកឧត្តមមេធាវី ឡុង នរិន្ទ ក្នុងនាមជាមេធាវីរាជរដ្ឋាភិបាលផង ជាមន្ត្រីរាជការនៅក្រសួងអធិការកិច្ចផង ធ្លាប់បានធ្វើជាប្រធានប្រតិភូអធិការកិច្ច ចុះអង្កេតស្រាវជ្រាវលើករណីមិនប្រក្រតីនៃរបាយការណ៍អធិការកិច្ចរបស់បុរសម្នាក់ឈ្មោះ សេង យៀន អតីតអគ្គនាយក រងអធិការកិច្ចនៃក្រសួងអធិការកិច្ច ប្រកបដោយភាពប្រទាំងប្រទើស ពោរពេញដោយការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកច្បាប់ ។
២-លោកមេធាវី អ៊ុំ ប៊ុនធឿន ៖ លោក អ៊ុំ ប៊ុនធឿន អាយុ៥៧ឆ្នាំ ជាមន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល បម្រើការងារនៅក្រសួងយុត្តិធម៌ និងធ្លាប់បានកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។ លោក អ៊ុំ ប៊ុនធឿន បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៥៥៦ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៧ ។ ដោយសារចេះក្បាច់គុនដង្ហែតាមមន្ត្រីកាន់កាប់អំណាចក្នុងជួរគណបក្សប្រជាជនកម្ពុជា ដួចលោកមេធាវី ឡុង នរិន្ទ ដែរនោះ ទើបលោកមេធាវី អ៊ុំ ប៊ុនធឿន ទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៩/១៥១ ចុះថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០០៩ ពោលគឺមានងារជា"ឯកឧត្តម"។
ក្នុងនាមជាមន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងយុត្តិធម៌ផង និងកំពុងប្រកបវិជ្ជាជីវៈមេធាវីពេញបន្ទុកផងនោះ លោក អ៊ុំ ប៊ុនធឿន ទទួលបានការដំឡើងឋានន្តរស័ក្តិជាករណីពិសេស ពីឧត្តមមន្ត្រីថ្នាក់លេខ៤ មកជាឧត្តមមន្ត្រីថ្នាក់លេខ១ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១២៦៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ។
ឯកឧត្តមមេធាវី អ៊ុំ ប៊ុនធឿន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ផង ជាមេធាវីកំពុងប្រកបវិជ្ជាជីវៈផង និងជាមន្ត្រីរាជការនៅក្រសួងយុត្តិធម៌ផង ធ្លាប់បែកធ្លាយនូវរឿងអាស្រូវមួយ ដោយលោកមេធាវីរូបនេះធ្វើជាមេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ Kong Yee Cheng ជានាយកក្រុមហ៊ុនរោងចក្រកាត់ដេរ Vivatino Design(Cambodia) Pte., Ltd. ផង និងធ្វើជាមេធាវីតំណាងដោយអាណត្តិឲ្យតំណាងកម្មករ និយោជិតនៃក្រុមហ៊ុនរោងចក្រកាត់ដេរ Vivatino Design(Cambodia) Pte., Ltd. នេះដដែល ដែលជាអំពើរំលោភបំពានច្បាប់ស្តីពីលក្ខន្តិកៈមេធាវីទាំងស្រុង រហូតដល់ថ្នាក់ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ជា មុនី បានធ្វើលិខិតផ្លូវការមួយច្បាប់ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៩ ជូនទៅប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(អតីតមានលោកមេធាវី ជីវ សុងហាក់ អត្តលេខ០០៧ ជាប្រធាន) ឲ្យមានវិធានការតាមច្បាប់ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបានឋិតនៅក្រោមការដឹកនាំរបស់លោកមេធាវី គី តិច អត្តលេខ១៥៦ ជាអតីតប្រធានមក គឺចាប់ផ្តើមរខេករខាក ទទួលរងការជ្រៀតជ្រែកពីអ្នកនយោបាយមានអំណាចផង មានជម្លោះបែកផ្សែងផង និងមានសហភាតាមេធាវីមួយចំនួនចាប់ផ្តើមប្រព្រឹត្តផ្តេសផ្តាស មិនគោរពច្បាប់ជាបន្តបន្ទាប់ផង ខុសប្លែកកាលពីជំនាន់ក្រោមការដឹកនាំរបស់លោកមេធាវី សាយ បូរី អត្តលេខ០០១ និងលោកមេធាវី អាំង អេងថុង អត្តលេខ០០៩ អតីតធ្វើជាប្រធាន ដែលគ្មានរូបភាពធ្វើជាមេធាវីប្រកបវិជ្ជាជីវៈមេធាវីពេញបន្ទុកហើយ និងធ្វើជាមន្ត្រីរាជការមុខងារសាធារណៈថែមទៀតនោះឡើយ ៕