ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

អភិបាល​ខេត្តតាកែវ ​និងត្រូវជា​កូនប្រសា​ឯកឧត្តម​ ស៊ូ​ ភិ​រិ​ន្ទ​ ត្រូវ​ឯកឧត្តម​ ស​ ខេ​ង​ បន្ទោស​នៅ​កណ្តាលចំណោម​អង្គប្រជុំ​ រឿង​ធ្វើការ​គ្មាន​ដឹង​ទិស​តំបន់​

​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ ដែល​សម្បូណ៌​រឿងអាស្រូវ​ និង​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​ ស៊ូ​ ភិ​រិ​ន្ទ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ត្រូវ​ទទួល​រង​ការ​រិះគន់​ស្តីបន្ទោស​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ ក្នុង​កណ្តាលចំណោម​អង្គប្រជុំ​បូក​សរុប​ការងារ​ប្រចាំខែ​វិច្ឆិកា​ និង​លើក​ទិស​ដៅ​ការងារ​ខែធ្នូ​របស់​ក្រសួងមហាផ្ទៃ​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ ក្នុង​រឿង​ធ្វើការ​គ្មាន​ដឹង​ទិស​តំបន់​ ធ្វើការ​អត្ត​នោ​ម័ត​តែ​ខ្លួនឯង​គ្មាន​សុំ​យោបល់​ថ្នាក់លើ​ និង​ធ្វើការ​ខុស​គេ​ បើ​ធៀប​ទៅ​នឹង​អភិបាល​រាជធានី​-​ខេត្ត​ចំនួន​២៣​ផ្សេង​ទៀត​ ។​

​ឯកឧត្តម​ ស​ ខេ​ង​ បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​ថា​ ខេត្តតាកែវ​ហ្នឹង​មានរឿង​ចម្លែកៗ​ ខុស​ពី​អភិបាលខេត្ត​ទូ​ទាំង​ប្រទេស​ គឺ​មាន​ពេល​មួយ​នោះ​គាត់​ហៅ​តុលាការ​មក​សួរ​ចម្លើយ​តែ​ម្តង​ ធ្វើការ​អត់​សុំ​យោបល់​នរណា​ទេ​ ស្រាប់តែ​គាត់​ឃាត់​ដំណើរ​ក្បួន​ធម្ម​យាត្រា​របស់​ព្រះសង្ឃ​ តាជី​ យាយជី​ និង​ប្រជាពលរដ្ឋ​ ពោល​គឺ​ធ្វើការ​គ្មាន​ទិស​គ្មាន​តំបន់​…​។​

​ការ​លើក​ឡើង​របៀប​ស្តីបន្ទោស​ និង​រិះគន់​របស់​ឯកឧត្តម​ ស​ ខេ​ង​ ទៅ​លើ​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ គឺ​បន្ទាប់​ពី​មាន​ហេតុការណ៍​ឃាត់​ដំណើរ​ធម្ម​យាត្រា​របស់​ព្រះសង្ឃ​ តាជី​ យាយជី​ និង​ប្រជាពលរដ្ឋ​ចេញពី​ស្រុក​គិរីវង់​ ខេត្តតាកែវ​ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ គឺ​ឯកឧត្តម​រូប​នេះ​ធ្លាប់​លេច​ធ្លាយ​រឿងអាស្រូវ​ជា​ច្រើន​ករណី​រួច​មក​ហើយ​ ដូច​ជា​រឿង​ធ្លាប់​បាន​បង្ក​បាញ់បោះ​សេរី​ក្នុង​ហាង​ស៊ីផឹក​ខារ៉ាអូខេ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ធ្លាក់ខ្លួន​ពិការ​ទល់​សព្វថ្ងៃ​ ហើយ​សំណុំរឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ មិន​ទាន់​បាន​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​នៅឡើយ​ ។​ លើស​ពី​នេះ​ កាលពី​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ឯកឧត្តម​ ឡាយ​ វណ្ណៈ​ បាន​សរសេរ​លិខិត​ផ្ទាល់​ដៃ​កោះ​អញ្ជើញ​ប្រធាន​សាលាដំបូង​ខេត្ត​ និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​ខ្លួន​ ទាក់ទង​នឹង​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ ពោល​គឺ​បាន​លូកដៃ​រំលោភ​"​កប់​ក្លៀក​"​ទៅ​លើ​អំណាច​ឯករាជ្យ​នៃ​ស្ថាប័ន​តុលាការ​តែ​ម្តង​ ដោយ​គ្មាន​គោរព​ច្បាប់​ និង​នីតិវិធី​អ្វី​ទាល់តែ​សោះ​ ។​

​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អតីត​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែ​វនា​ឆ្នាំ​២០១៤​នេះ​ ហើយ​ក៏​បាន​ក្លាយជា​ចៅហ្វាយខេត្ត​វ័យក្មេង​ម្នាក់​ដ៏​មាន​ឥទ្ធិពល​អំណាច​ ដ្បិត​ឯកឧត្តម​អភិបាលខេត្ត​រូប​នេះ​ជា​កូនប្រសា​របស់​ឯកឧត្តម​ ស៊ូ​ ភិ​រិ​ន្ទ​ និង​ជំទាវ​ឯកឧត្តម​ ស៊ូ​ ភិ​រិ​ន្ទ​ ជាប់សាច់​ញាតិ​ជាមួយ​ជំទាវ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ ដែល​ជា​ដន្លងដងស្នែង​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ កំហុសឆ្គង​របស់​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ រហូត​ដល់​ថ្នាក់​ធ្វើការ​លែង​ស្គាល់​ទិស​តំបន់​ទៅ​ហើយ​នោះ​ គួរតែ​ឯកឧត្តម​ ស​ ខេ​ង​ ដកហូត​បុណ្យស័ក្តិ​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ ចោល​តែ​ម្តង​ទៅ​ ប្រសើរ​ជា​ជាង​ធ្វើការ​រិះគន់​ និង​ស្តីបន្ទោស​ នាំ​ឲ្យ​បានចិត្ត​ទៅ​ថ្ងៃក្រោយ​ទៀត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.