សារព័ត៌មានរបស់កូរ៉េខាងត្បូងបានដកស្រង់សម្តីលោក Siegfried S. Hecker អតីតអគ្គនាយកមជ្ឈមណ្ឌលពិសោធន៍ជាតិសហរដ្ឋអាមេរិក និងជាអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់សហរដ្ឋអាមេរិក បានប្រកាសទៅកាន់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ក្នុងជំនួបពិភាក្សាមួយនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះថា នៅឆ្នាំ២០១៦ខាងមុខ កូរ៉េខាងជើងនឹងមានគ្រាប់បែកបរមាណូដល់ទៅចំនួន២០គ្រាប់ ខណៈបច្ចុប្បន្នប្រទេសកូរ៉េខាងជើងមានគ្រាប់បែកបរមាណូចំនួន១០គ្រាប់រួចហើយ ។
លោក Yoo Ki-June សមាជិកគណបក្សកាន់អំណាចកូរ៉េខាងត្បូង បានលើកឡើងអំពីរបាយការណ៍របស់សហរដ្ឋអាមេរិក បង្ហាញឲ្យឃើញថា កូរ៉េខាងជើងមានសារធាតុគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូយ៉ាងតិចចំនួន៤គ្រាប់ក្នុង១ឆ្នាំ ហើយកូរ៉េខាងជើងនឹងធ្វើការសាកល្បងដើម្បីបង្រួមគ្រាប់បែកបរមាណូនេះឲ្យរួមតូច សម្រាប់បំពាក់លើមីស៊ីលរបស់ខ្លួន ។
កម្មវិធីបរមាណូកូរ៉េខាងជើងនៅតែជាប្រធានបទក្តៅក្នុងពិភពលោក ដោយកូរ៉េខាងជើងមិនព្រមបោះបង់កម្មវិធីបរមាណូនេះចោលទេ ហើយក៏មិនព្រមចូលតុបន្តពិភាក្សាជាមួយបណ្តាប្រទេសមហាអំណាច ដើម្បីបញ្ចប់សំណុំរឿងកម្មវិធីបរមាណូដែរ ខណៈកូរ៉េខាងជើងបានយកកម្មវិធីបរមាណូនេះធ្វើជាលក្ខខណ្ឌបង្ខំឲ្យប្រទេសលោកខាងលិចធ្វើតាមនូវអ្វីដែលកូរ៉េខាងជើងចង់បានទៅវិញ ៕