ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

បែកធ្លាយ​លោក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លី​ សុខ​លេង​ សម្រាលទោស​ឲ្យ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​

​មានការ​ភ្ញាក់ផ្អើល​ផង​ ហួសចិត្ត​ផង​ និង​រិះគន់​យ៉ាង​ពេញទំហឹង​ផង​ពី​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នក​តាមដាន​សំណុំរឿង​ក្តី​ ពាក់ព័ន្ធ​នឹង​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ទៅ​លើ​លោក​ លី​ សុខ​លេង​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ លេខ​៧០៦​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ថា​ ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ តែ​បែរជា​លោក​ចៅក្រម​រូប​នេះ​អះអាង​ថា​ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៨​ និង​មាត្រា​៤០០​នៃ​ក្រមព្រហ្មទណ្ឌ​ទៅ​វិញ​ ស្មើនឹង​ការ​សម្រាល​ទោសទណ្ឌ​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ពី​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ មក​ត្រឹម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​ធ្វើការ​ពន្យល់​ថា​ ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ដែល​ត្រូវ​រង​ការ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៨​ និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ តែ​បែរជា​លោក​ចៅក្រម​ លី​ សុខ​លេង​ អះអាង​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤០០​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ត្រឹម​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​ ជា​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ទទួលផល​ចោរកម្ម​ទៅ​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​កំណែទម្រង់​ច្បាប់​នៅ​កម្ពុជា​ បាន​ធ្វើការ​រិះគន់​ថា​ សំណុំរឿង​ឃាតកម្ម​យ៉ាង​កក្រើក​ប្រទេស​ បែរជា​មន្ត្រី​តុលាការ​ថ្នាក់​ដល់​ចៅក្រម​សូត្រ​មាត្រា​ច្បាប់​ដែល​មាន​ស្រាប់​របៀប​លេងសើច​ឲ្យ​មាន​កំហុស​ទៅ​កើត​ និង​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​រិះគន់​ទៅ​លើ​លោក​ចៅក្រម​ លី​ សុខ​លេង​ ថា​ "​ប្រហែលជា​មិន​ទាន់​ស្វាង​ពី​ស្រវឹង​ពេល​យប់​"​ (Sic!)​ ។​ នេះ​ជា​ព័ស្តុតាង​បង្ហាញ​អំពី​ទម្លាប់​របៀបរបប​ធ្វើការ​ខ្ជីខ្ជា​របស់​មន្ត្រី​តុលាការ​កម្ពុជា​ ដែល​ជា​ស្ថាប័ន​ល្បីល្បាញ​ថា​មិន​ឯករាជ្យ​ក្នុង​ការ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ ។​

​លោក​ លី​ សុខ​លេង​ អាយុ​៤០​ឆ្នាំ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​២​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​កម្មសិក្សា​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តសៀមរាប​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៨/៨៥៩​ ចុះ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០០៨​ ហើយ​ក៏​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ និង​ចាត់​ឲ្យ​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ ។​ ក្រោយមក​ទៀត​ លោក​ចៅក្រម​ លី​ សុខ​លេង​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ពី​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​ មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.