ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ឯកឧត្តម​ កែវ​ ពុទ្ធរស្មី​ ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ តែ​មិន​បញ្ជាក់​អំពី​ឋានៈ​

​ឯកឧត្តម​ កែវ​ ពុទ្ធរស្មី​ ស្វាមី​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណរស្មី​ ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៤២៩​ ចុះ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៤​ តែ​មិន​បាន​បញ្ជាក់​ថា​ មាន​ឋានៈ​ស្មើនឹង​អ្វី​នោះ​ទេ​ ខណៈ​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណរស្មី​ ក៏​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ដោយ​គ្មាន​បញ្ជាក់​អំពី​ឋានៈ​ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១១/៣៨៧​ ចុះ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១១​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ ការ​តែងតាំង​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ គឺ​មាន​ស្ថានភាព​ខុស​ប្លែក​ខ្លាំង​ពី​លើក​មុនៗ​ នៅ​ត្រង់​ថា​ មិន​បាន​បញ្ជាក់​អំពី​ឋានៈ​នៃ​ឥស្សរជន​ ឬ​រាជវង្សានុវង្ស​ ដែល​ទទួល​បានការ​តែងតាំង​នោះ​ឡើយ​ តួយ៉ាង​ការ​តែងតាំង​ឯកឧត្តម​ កែវ​ ពុទ្ធរស្មី​,​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណរស្មី​ និង​សម្តេច​រាជបុត្រី​ព្រះ​រាម​ នរោត្តម​ បុប្ផា​ទេវី​…​ជាដើម​ ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គ្មាន​បញ្ជាក់​អំពី​ឋានៈ​ស្មើនឹង​អ្វី​ទេ​ ខណៈ​ការ​តែងតាំង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ នៅ​ពេល​ដែល​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ចាប់ផ្តើម​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ជា​លំដាប់​ រហូត​ដល់​បាត់បង់​អាសនៈ​អស់រលីង​ពី​ក្នុង​រដ្ឋសភា​នោះ​ ឯកឧត្តម​ កែវ​ ពុទ្ធរស្មី​ ក្រៅពី​ធ្លាប់​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​នៅ​បរទេស​ ក៏​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០០៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០០៩​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.