នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ មិនម្នីម្នាបង្កើតឲ្យមានច្បាប់ស្តីពីទូរគមនាគមន៍អស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយនោះ រាជរដ្ឋាភិបាលបែរជាមានគម្រោងដំឡើងឧបករណ៍លួចចាប់យកព័ត៌មានពីបណ្តាញទូរស័ព្ទ និង Internet ទាំងអស់នៅទូទាំងប្រទេស គ្រប់គ្រងដោយក្រសួងមហាផ្ទៃ តាមរយៈនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃទៅវិញ ខណៈកាលពីខែតុលា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ មន្ត្រីនាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ បានចុះទៅពិនិត្យមើលឧបករណ៍បណ្តាញរបស់ប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទ និង Internet ទាំងអស់ ដោយទាមទារពិនិត្យលើវិក្កយបត្រទូទាត់ និងទិន្នន័យ(Data)ផ្សេងៗទៀតរបស់ក្រុមហ៊ុនទូរស័ព្ទ និង Internet ចំនួន១២ក្រុមហ៊ុន តាមការបង្គាប់បញ្ជាពីឯកឧត្តម ម៉ូវ ចរិយា ជាប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ។
ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ ដែលមានតួនាទីបន្ថែមជាទីប្រឹក្សាឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានថា ក្រសួងរង់ចាំសេចក្តីសម្រេចពីថ្នាក់លើ ដើម្បីដំឡើងឧបករណ៍ចាប់ព័ត៌មាន(ស្តាប់សំឡេង) ដើម្បីឈានទៅគ្រប់គ្រងឲ្យបានតឹងរ៉ឹងលើអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទ និង Internet ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងដែរថា នៅពេលឧបករណ៍ត្រូវបានដំឡើងរួច គឺមានតែដីកាតុលាការប៉ុណ្ណោះទើបអាចអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីចាប់យកព័ត៌មាន ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការណ៍ដែលព្រះរាជាណាចក្រកម្ពុជាមិនទាន់មានច្បាប់ស្តីពីទូរគមនាគមន៍យកមកអនុវត្តន៍ជាផ្លូវការ បែរជារាជរដ្ឋាភិបាលចេះតែបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជាគ្មានច្បាប់ជាមូលដ្ឋានយោង និងរាជរដ្ឋាភិបាលគ្រោងដំឡើងឧបករណ៍លួចចាប់ព័ត៌មានស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ទូរស័ព្ទ និង Internet ទៀតនោះ គឺពិតជាបង្កឲ្យមានការព្រួយបារម្ភអំពីអាថ៌កំបាំងនៃការប្រើប្រាស់បណ្តាញទូរគមនាគមន៍នៅកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជារួចហើយ និងម្យ៉ាងទៀត ទោះបីអាជ្ញាធរអះអាងថា ការប្រើប្រាស់ឧបករណ៍លួចចាប់ព័ត៌មាន ត្រូវឆ្លងកាត់ដីកាសម្រេចអនុញ្ញាតពីតុលាការក៏ដោយ ប៉ុន្តែស្ថាប័នតុលាការបច្ចុប្បន្នហាក់គ្មានឯករាជ្យភាពលើការប្រើប្រាស់អំណាចរបស់ខ្លួនឡើយ ហើយតែងមានភាពលម្អៀងទៅលើគណបក្សនយោបាយគ្រប់គ្រងអំណាច និងអ្នកកាន់អំណាចទាំងស្រុង ។
គួរបញ្ជាក់ជូនដែរថា រាជរដ្ឋាភិបាលធ្លាប់បានធ្វើសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ដាក់ជូនរដ្ឋសភា ដើម្បីបន្លំភ្នែកមហាជនរួចម្តងមកហើយតាំងពីអំឡុងឆ្នាំ២០០៦ ដែលពង្រាងច្បាប់នោះមាន១៩ជំពូក និង១០៣មាត្រា តែរហូតទល់បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មិនទាន់មានច្បាប់ស្តីពីទូរគមនាគមន៍សម្រាប់ប្រើប្រាស់ផ្លូវការនៅឡើយ ខណៈមាត្រា៦៧ ចំណុចក នៃពង្រាងច្បាប់ស្តីពីទូរគមនាគមន៍បានចែងថា "គ្មានបុគ្គលណាម្នាក់អាចលួចចាប់ព័ត៌មាន ប៉ុនប៉ងលួចចាប់ព័ត៌មាន ឬផ្តួចផ្តើមឲ្យបុគ្គលណាម្នាក់ទៀតធ្វើការលួចចាប់ព័ត៌មាន ឬប៉ុនប៉ងលួចចាប់ព័ត៌មាន ស្តាប់ការសន្ទនាណាមួយ ឬការប្រើប្រាស់បណ្តាញទូរគមនាគមន៍ដែលខ្លួនពុំមែនជាភាគីនៃការសន្ទនា ឬប្រើប្រាស់" ៕