ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ផ្កាយ​៤​ អ៊ី​ ឈាន​ បាត់បង់​តំណែង​នៅ​ប៉ៃលិន​ តែ​ទទួល​បាន​បុណ្យស័ក្តិ​ និង​តួនាទី​កាន់តែ​ធំ​នៅ​ក្បែរ​នាយក​រដ្ឋមន្ត្រី​

​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៣៨០៤​ ដែល​គេ​ស្គាល់​ថា​ ជា​ស្វាមី​របស់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សមាជិកា​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​និង​ព័ត៌មាន​ ហៅ​កាត់​ថា​ គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា​ បាន​ជ្រុះ​បាត់បង់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​អស់ហើយ​ បន្ទាប់​ពី​ឯកឧត្តម​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​រួច​មក​ ប៉ុន្តែ​ឯកឧត្តម​ផ្កាយ​៤​ អ៊ី​ ឈាន​ ទទួល​បាន​បុណ្យស័ក្តិ​ និង​តួនាទី​កាន់តែ​ធំ​នៅ​ក្បែរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្តម​ អ៊ី​ ឈាន​ ត្រូវ​បាន​តែងតាំង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១២៩១​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ដែល​ជា​ឋានៈ​ស្មើនឹង​នាយក​ខុទ្ទកាល័យ​បុរស​ខ្លាំង​ គឺ​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ បាត់​ទៅ​ហើយ​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ អ៊ី​ ឈាន​ ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ទៀត​ផង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១២៩២​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ។​ ពោល​គឺ​ ថ្វី​ដ្បិត​ជ្រុះ​បាត់បង់​តំណែង​នៅ​ប៉ៃលិន​អតីត​ជា​អភិបាលខេត្ត​ និង​អតីត​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក៏​ដោយ​ ក៏​ឯកឧត្តម​ អ៊ី​ ឈាន​ អតីត​ជា​កូនទាហាន​របស់​មេ​ខ្មែរក្រហម​ ប៉ុ​ល​ ពត​ (​សា​ឡុ​ត​ ស​)​ រូប​នេះ​ទទួល​បាន​បុណ្យស័ក្តិ​ និង​តួនាទី​កាន់តែ​ធំ​មួយ​កម្រិត​ទៀត​នៅ​ក្បែរ​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​អំណាច​នៅ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​មន្ត្រីរាជការ​ និង​ប្រជារាស្ត្រ​ដែល​បម្រើ​ការងារ​ និង​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ បាន​លាន់មាត់​ថា​ ក្រុម​គ្រួសារ​របស់​ឯកឧត្តម​ អ៊ី​ ឈាន​ ដែល​មាន​ភរិយា​ឈ្មោះ​ បាន​ ស្រី​មុំ​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​ និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Victoria.Y.Inc.​ មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់​ ទាំង​អំណាច​ ទាំង​ទ្រព្យសម្បត្តិ​ សឹង​គេ​ហៅ​ថា​ អាណាចក្រ​ខេត្ត​ប៉ៃលិន​ទាំងមូល​ គឺជា​របស់​ស្តេចត្រាញ់​គ្រួសារ​ អ៊ី​ ឈាន​-​បាន​ ស្រី​មុំ​ តែ​ម្តង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.