ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ចោរប្លន់​នាវា​នៅ​អាស៊ី​អាគ្នេយ៍​មានការ​កើនឡើង​និង​សាហាវ​ជាង​មុន​

​គេហទំព័រ​ Bangkok​ Post​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​នៃ​ការ​បាញ់​សម្លាប់​នាវិក​ម្នាក់​នៃ​នាវា​ដឹក​ប្រេង​វៀតណាម​ ពី​សំណាក់​ក្រុម​ចោរ​សមុទ្រ​ បាន​កត់សម្គាល់​អំពី​ការ​កើនឡើង​ក្នុង​អំពើ​ប្លន់​នាវា​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជា​ការ​វាយប្រហារ​លើក​ទី​៣​សាហាវ​ជាង​មុន​ផង​ដែរ​មក​លើ​នាវា​ប្រទេស​វៀតណាម​ ក្នុង​រយៈពេល​០២​ខែ​កន្លង​មក​ ។​

​មជ្ឈមណ្ឌល​ស្វែងរក​តាម​សមុទ្រ​ និង​សម្រប​សម្រួលការ​សង្គ្រោះ​របស់​វៀតណាម​ បាន​ថ្លែងការណ៍​ថា​ នាវិក​ឈ្មោះ​ Tran​ Duc​ Dat​ ត្រូវ​បាន​បាញ់​សម្លាប់​ត្រូវ​ចំ​កណ្តាល​ថ្ងាស​ កាលពី​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រោយ​នាវា​ VP​ Asphalt2​ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ VP​ Petrochemical​ Transport​ JSC​ នៅ​កំពង់​ផែ​ Haiphong​ បាន​រង​ការ​វាយប្រហារ​នា​វេលា​ម៉ោង​០៤​និង​៣០​នាទី​ព្រឹក​ ខណៈ​នាវា​ទើប​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​សិង្ហ​បុរី​ ដោយ​ដឹក​កៅស៊ូ​រាវ​សម្រាប់​ក្រាល​ថ្នល់​ចំនួន​២.៣០០​តោន​ ។​

​លោក​ Noel​ Choong​ ប្រធាន​មជ្ឈមណ្ឌល​រាយការណ៍​អំពី​ករណី​ប្លន់​នាវា​របស់​ការិយាល័យ​ដែនសមុទ្រ​អន្តរជាតិ​ ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ឲ្យ​ដឹង​ថា​ នាវា​ដែល​ទទួល​រង​ការ​វាយប្រហារ​នោះ​ទំនង​ក្លាយជា​គោលដៅ​របស់​ពួក​ចោរ​សមុទ្រ​ ដែល​ពួក​ចោរ​ស្មានថា​ជានា​វា​កំពុង​ដឹក​ផលិតផល​ប្រេង​ ។​ ការ​ប្លន់​នាវា​ក្នុង​តំបន់​នេះ​កំពុង​មានការ​កើនឡើង​ ដោយ​ធ្លាប់​ទទួល​រង​ការ​វាយប្រហារ​យ៉ាងតិច​ចំនួន​១២​លើក​រួច​មក​ហើយ​ក្នុងឆ្នាំនេះ​ ។​

​រដ្ឋបាល​ព័ត៌មាន​បន្ទាន់​របស់​សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា​ តំបន់​ចោរ​សមុទ្រ​ប្លន់​នាវា​ រួម​មាន​ទាំង​ច្រក​សមុទ្រ​ម៉ា​ឡា​កា​(Malacca)​ ផង​ដែរ​ ដែល​ជា​ចំណុច​យុទ្ធសាស្ត្រ​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក​ ។​

​មន្ត្រី​ការិយាល័យ​ដែនសមុទ្រ​អន្តរជាតិ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​និយាយ​ឲ្យ​ដឹង​ថា​ "​វា​ទំនង​ដូច​ជា​មាន​ក្រុម​ ឬ​អង្គការ​ចាត់តាំង​ដោយ​កំពុង​ផ្តោត​គោលដៅ​ចម្បង​លើ​ប្រេង​-​ឧស្ម័ន​ ។​ ពួក​ចោរ​សមុទ្រ​អាច​រក​លុយ​បាន​ច្រើន​ណាស់​ពី​អំពី​ប្លន់​នាវា​ ។​ ដរាបណា​គ្មាន​ការ​រារាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ​ ពួក​ចោរ​នឹង​បន្ត​ប្លន់​នាវា​របៀប​នេះ​តទៅ​ទៀត​ ។​ "​ ។​

​លោក​ Noel​ Choong​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្រុម​ចោរ​សមុទ្រ​អាច​រក​លុយ​បាន​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​ ឬ​ច្រើន​ជាង​នេះ​ក្នុង​សកម្មភាព​ប្លន់​នាវា​ដឹក​ប្រេង​ដែល​ដឹក​ផលិតផល​ប្រេងឥន្ធនៈ​-​ឧស្ម័ន​មួយ​គ្រឿងៗ​ ។​ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ ប៉ូលិស​អន្តរជាតិ​កំពុងធ្វើការ​ស៊ើបអង្កេត​ការ​វាយប្រហារ​នេះ​ក្នុង​ដែនទឹក​នៅ​អាស៊ី​អាគ្នេយ៍​ រួម​ជាមួយនឹង​ករណី​ស្លាប់​៣​នាក់​ផ្សេង​ទៀត​ទូ​ទាំង​សកលលោក​ ទាក់ទង​នឹង​ការ​ប្លន់​តាម​សមុទ្រ​នៅ​ឆ្នាំ​នេះ​ ព្រមទាំង​ករណី​ស្លាប់​ចំនួន​២​នាក់​នៅ​ក្បែរ​ប្រទេស​ហ្វី​លី​ពី​ន​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.