បុរសឈ្មោះ ថោង ចំរើន ហៅ តាំង សុខ និងមានឈ្មោះដើមជាភាសាវៀតណាមថា "មិន" និងស្ត្រីឈ្មោះ កែវ សារី មានឈ្មោះដើមជាភាសាវៀតណាមថា "ហាយ" ដែលត្រូវជាឪពុក-ម្តាយរបស់លោកឧត្តមសេនីយ៍ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរួចហើយ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងរារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ខណៈដែលស្ត្រីឈ្មោះ ទាវ ធីតា ជាប្រពន្ធទី២ និងបុរសឈ្មោះ ថោង បូណា ជាប្អូនប្រុសរបស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីស៊ើបអង្កេតស្រាវជ្រាវឃើញថា មិនមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នាពេលកន្លងមក ។ ដោយឡែក លោកឧកញ៉ា ថោង សារ៉ាត់ ដែលមានឈ្មោះដើមជាភាសាវៀតណាមថា "ប៊ិន ទឹង" ជាមនុស្សសំខាន់ឋិតក្នុងបញ្ជីខ្មៅរបស់ប៉ូលិសជាប់ចោទពីបទមេខ្លោងឋិតនៅពីក្រោយខ្នងឃាតកម្មសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះ កំពុងរត់គេចពួនសំងំលាក់ខ្លួននៅស្រុកយួននៅឡើយ ហើយសមត្ថកិច្ចតុលាការក៏នឹងត្រៀមចេញដីកាចាប់ខ្លួនផងដែរ។
ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤យ៉ាងកក្រើកនាពេលកន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានទៅចាប់ខ្លួនក្រុមអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ចំនួន៤នាក់ ប្រគល់ឲ្យតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររួចហើយ មុនពេលឪពុកម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ចូលពន្ធនាគារព្រៃសកាលពីថ្ងៃម្សិលមិញ ។
ប្រភពព័ត៌មានពីអ្នកស្និទ្ធនឹងក្រុមគ្រួសារលោកឧកញ៉ា ថោង សារ៉ាត់ និងប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់ បានរៀបចំផែនការឲ្យលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវជាកូន រត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដោយបានប្រគល់លុយប្រមាណ១០ម៉ឺនដុល្លារអាមេរិកឲ្យលោកឧកញ៉ា ថោង សារ៉ាត់ ដាក់ជាប់តាមខ្លួន ទុកគ្រាន់ចាយវាយទៀតផង រីឯទឹកប្រាក់ដែលមាននៅក្នុងធនាគារដោយមិនទាន់ដឹងអំពីតួលេខនៅឡើយនោះ ក៏ត្រូវបានសមត្ថកិច្ចបង្កកទប់ស្កាត់ការចរាចរណ៍ផងដែរ ។
ព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងចំណោមប្រពន្ធរបស់លោកឧកញ៉ា ថោង សារ៉ាត់ ដែលគេដឹងថា មានចំនួនរហូតដល់៧នាក់(៤នាក់បានចុះបញ្ជីត្រឹមត្រូវ និង៣នាក់ទៀតឋិតនៅក្រៅបញ្ជីនៅឡើយ)មិនទាន់ត្រូវបានធ្វើការស៊ើបអង្កេតស្រាវជ្រាវថាមានការពាក់ព័ន្ធជាមួយនឹងលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវជាប្តីនៅឡើយទេ លើកលែងតែស្ត្រីឈ្មោះ ទាវ ធីតា ដែលជាប្រពន្ធទី២ រស់នៅក្នុងភូមិគ្រឹះក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច និងស្ថាប័នតុលាការអះអាងថា មិនមានការពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មនេះទេ ៕